កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (១៤ មករា ១៩៨៥ – ១៤ មករា ២០២១)។

រយៈពេល៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិទាំងមូល។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ គ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

By Ana

You missed