កំពង់ចាម​៖ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ នៅក្នុងខេត្ត។

លោកអភិបាលខេត្ត បាន​ព្រមាន​​យ៉ាង​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​ នាសាលាខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំនេះ លោក​ អ៊ុន​ ចាន់ដា​​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ ដែល​ជា​ម្ចាស់​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​​ មុន​នឹង​ចុះហត្ថលេខា​ទទួល​យក​នូវ​គម្រោង​សាងសង់​អ្វី​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ ដេីម្បី​ចៀសវាងការ​ខូចខាត​ផលប្រយោជន៍​រួម​ ហេីយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​ ដោយឡែកចំពោះ​ក្រុមហ៊ុន ​ដែល​សាងសង់​សំណង់​គ្មាន​គុណភាព​ ត្រូវ​តែរាយការណ៍​ ដេីម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួនបួន រួមមាន៖​ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ គឺមេសា, ឧសភា និងខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

នៅក្នុងកិច្ចប្រជុំលោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ត្រីក្នុងខេត្តត្រូវយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយដល់មហាជន ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕

By Ana

You missed