កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អមដោយលោកលោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។ 

នៅបន្ទាប់មកលោកអភិបាល រួមនិងក្រុមការងារ អញ្ជើញបន្តពិនិត្យមើលអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់មន្ត្រីរាជការនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែរ។

នៅក្នុងដំអញ្ជើញចុះពិនិត្យអំពី វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឡើងនៅសាលាខេត្ត លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ គឺធ្វើការចាក់ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការគ្រប់គ្រង ទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន»។

នៅក្នុងឱកាសនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានក្រើនរំលឹក ទៅដល់អ្នកដែលមកទទួលវ៉ាក់សាំងលើកទី ១ រួចហើយ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមវិធានសុខាភិបាល ពោលគឺទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី ១ រហូតដល់ថ្ងៃចាក់ ដូសទី២ ជាពិសេស ការយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ ទើបវ៉ាក់សាំងបានចាក់ហើយនោះ មានប្រសិទ្ធភាពខ្ពស់ ។ 

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ផ្អែកតាមផែនការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបចំនួន២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ក្នុងនោះដែរ ខេត្តក៏បានរៀបចំគ្រូពេទ្យជំនាញសរុបចំនួន៤១ក្រុម ដោយក្នុង១ក្រុមៗ មានគ្រូពេទ្យចំនួន១០នាក់ ដែលអាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានចំនួន៦០០នាក់ ក្នុងមួយថ្ងៃ ប្រសិនបើប្រព័ន្ធអ៊ិនធើណិតមិនមានការរអាករអួល។

គួរបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងចំនួន៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន ១៨.០០០នាក់ ហើយយុទ្ធនាការនេះ អនុវត្តរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី០១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

បន្ទាប់មក លោកអភិបាលខេត្ត អមដោយលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធអញ្ជើញបន្តពិនិត្យមើលវឌ្ឍនភាពអំពីវឌ្ឍនភាពនៃការបម្រើការងាររបស់មន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែរ៕

By Ana

You missed