កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារ។

លោកអភិបាលខេត្ត បានក្រើនរំឭកដល់មហាជនថា «សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»។

ពាក់ព័ន្ធវិធានការនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១​ ​បានសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំង​ ចំនួនបួនកន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩។

ទីតាំង​ទាំងបួន ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមានគ្លីនិក ម៉ី មុនីបូរិន្ទ, គ្លីនិក យិន ស៊ីណាត, តូបចំនួនប្រាំមួយក្នុងផ្សារធំ ក្រុងកំពង់ចាម និងមណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

ការសម្រេចបិទកាលពីម្សិលមិញ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ​ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយមានការចូលរួមពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​ ។

បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ទាំង៥ នាក់រួមមានចំនួនប្រាំ
១- ឈ្មោះ ជួប សារ៉េត ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិសង្កេត ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចូលចត្តាឡីស័ក ថ្ងៃទី ២៥ (ឆ្លងពីកូននៅភ្នំពេញ)។
២- វណ្ណា ហ្សារីន (កូនរបស់ វ៉ាន់ណា ក្រូ) ភេទស្រី អាយុ១៨ខែ។
៣- វណ្ណា ឡូស៉ិច (កូនរបស់វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ៨ឆ្នាំ។
៤-ឈ្មោះ លាង សុធារី (ប្រពន្ធ វ៉ាន់ណា ក្រូ) ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិអូរស្សី ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។៥- ឈ្មោះ លាង ញ៉ (ឪពុកក្មេក វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ ៧៥ឆ្នាំ នៅភូមិទីមួយ ឃុំវាលវង់ ក្រុងកំពង់ចាម។

លោកវេជ្ជបណ្ឌិតបន្តថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំងប្រាំនាក់នេះ ត្រូវបានក្រុមគ្រូពេទ្យចាត់បញ្ជូនពីមណ្ឌលចត្តាឡីស័កទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

គួរបញ្ជាក់ជូនថា លោក វ៉ាន់ណា ក្រូ ជាមន្រ្តីនរគបាលនៅខេត្តត្បូងឃ្មុំ បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាមហើយបានបន្តចម្លងជំងឺនេះដល់ឪពុកក្មេក ប្រពន្ធ និងកូនពីរនាក់បន្ថែមទៀត។

ក្នុងនាមរដ្ឋបាលខេត្ត និងគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានស្នើដល់ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ខ្ពស់អំពីវិធានការនៃការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ រួមនឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺដ៏កាចសហាវមួយនេះកាន់តែរីករាលដាលខ្លាំងឡើងនេះ​៕

 

 

By Ana

You missed