ភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។

បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។

ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ ដូចខាងក្រោម៖

ទី១- ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ដែលកំពុងពេញកម្លាំងទាំងនោះ ហើយស្រូបយកថាមពលរបស់ពួកគេមកចូលរួមក្នុងការរក្សាឱ្យបាននូវចីរភាពរបស់សហគ្រាស។

ទី២- ការវិនិយោគលើនវានុវត្តន៍កសិកម្ម គឺជាការវិនិយោគលើបច្ចេកវិទ្យាកសិកម្មវៃឆ្លាត, ម៉ូឌែលកសិអាជីវកម្មបែបទំនើប, ការវិនិយោគគាំទ្រដល់សន្តិសុខស្បៀងនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​ ព្រោះវិស័យកសិកម្ម នៅតែជាឆ្អឹងខ្នង ដែលមានភាពធន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាអង្គររ៉ែមាសសម្រាប់កម្ពុជា។ ការវិនិយោគលើវិស័យកសិកម្មនេះ ត្រូវគិតគូរអំពីការនាំចូលបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) មានដូចជាបច្ចេកវិទ្យាសម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture)។ ម្យ៉ាងវិញទៀត, ម្ចាស់សហគ្រាស ក៏អាចគិតគូរអំពីលទ្ធភាពបង្កើតជាសហគ្រាសកែច្នៃផលិផលកសិកម្ម ​ ដើម្បីជួយបង្កើតទីផ្សារការងារក្នុងស្រុក​​ និងបង្កើតតម្លៃបន្ថែមទៅលើកសិផលកម្ពុជាផងដែរ។

ទី៣- ការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ និងបច្ចេកវិទ្យា គឺជាការវិនិយោគមិនមែនសំដៅត្រឹមតែហេដ្ឋារចនាសម្ព័ន្ធរូបវន្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់ការតភ្ជាប់ផ្នែកឌីជីថល ផ្នែកថាមពលកកើតឡើងវិញ និងឡូជីស្ទីកឆ្លាតវៃ។ ម្ចាស់សហគ្រាស អាចពិចារណាលើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ មានដូចជាបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង E-Commerce ជាដើម។ ជាឧទាហរណ៍ អាជីវកម្ម E-Commerce ដែលមានភាពល្បីល្បាញខ្លាំងជាងគេនៅលើសកលលោក គឺក្រុមហ៊ុន អាលីបាបា (Alibaba) របស់ចិន ដែលអាជីវកម្មនេះបានផ្តល់លទ្ធភាព និងឱកាសដ៏ប្រសើរដល់អាជីវកម្មតូចៗផ្សេងទៀតជាច្រើននៅក្នុងប្រទេសចិន ទាំងក្នុងទីក្រុង និងតាមជនបទ ក្នុងការលក់ផលិតផលរបស់ខ្លួននៅលើ E-Commerce មួយនេះ។ ការវិនិយោគបែបនេះ បានទទួលផលប្រយោជន៍ទាំងផលចំណេញផ្នែកមូលធន និងផលចំណេញផ្នែកសង្គម។

ទី៤-​ការវិនិយោគលើចីរភាពបរិស្ថាន គឺសំដៅដល់ការផ្តល់ហិរញ្ញប្បទានបៃតង ការធ្វើកសិកម្មបែបធម្មជាតិ ការវិនយោគលើការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ, និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។ ម្យ៉ាងវិញទៀត ម្ចាស់សហគ្រាសក៏អាចគិតគូរអំពីការធ្វើបដិវត្តិកម្មទៅជាសហគ្រាសបៃតង ដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន ខ្យល់អាកាស និងភពផែនដីផងដែរ មានដូចជាការធ្វើអាជីវកម្ម ដែលពាក់ព័ន្ធនឹងបន្ទះសូឡា។ ប្រសិនបើម្ចាស់អាជីវកម្មមិនបានគិតគូរអំពីបរិស្ថាននោះទេ អាជីវកម្មរបស់យើងនឹងអាចបន្សល់ទុកនូវផលលំបាកដល់អ្នកជំនាន់ ក្រោយ។

ទី៥- ការវិនិយោគសមត្ថភាពស្ថាប័ន គឺជាការវិនិយោគលើប្រព័ន្ធផ្ទៃក្នុងរបស់សហគ្រាស។ កាលណាស្ថាប័នមួយ មានភាពរឹងមាំ នោះវានឹងក្លាយជាកម្លាំងចលករសម្រាប់ភាពជោគជ័យក្នុងពេលអនាគត ដូចជាការបង្កើតឱ្យមានប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្ត, និងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។

នៅក្នុងសុន្ទរកថាគន្លឹះសម្រាប់សហគ្រិនកម្ពុជានេះដែរ​​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារ ARDB បានលើកយកដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មរបស់បុព្វបុរសខ្មែរ ចាប់តាំងពីសម័យកាលដ៏រុងរឿងរហូតមកពេលបច្ចុប្បន្ន ដោយឯកឧត្តមបែងចែក​ជាប្រាំបីដំណាក់កាលសំខាន់ៗ​​ ដើម្បីរម្លឹកដល់សហគ្រិនកម្ពុជា ដែលមានសេចក្តីសង្ខេបដូចខាងក្រោម៖

ទី១- សម័យអាណាចក្រអង្គរ ដែលជាចក្រភពខ្មែរដ៏រុងរឿង​ និងល្បីល្បាញលើសកលលោក ចាប់ផ្តើមពីសតវត្សទី៩ ដល់សតវត្សទី១៥ បុព្វបុរសខ្មែរនាពេលនោះបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចបែបអាណាចក្រកសិកម្ម (Temple-State Agrarian Economy)។

ទី២- សម័យក្រោយអង្គរ ចាប់ពីសតវត្សទី១៥ ដល់សតវត្សទី១៩ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបកុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade)។

ទី៣- សម័យអាណានិគមបារាំង ដែលមានអាយុកាល៩០ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៨៦៣ រហូតដល់ខ្មែរទទួលបានឯករាជ្យពេញបរិបូណ៍ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រព័ន្ធសេដ្ឋកិច្ចនាពេលនោះ​ គឺបែបដំណាំឧស្សាហកម្ម និងសម្បទាន (Concession & Plantation Model)​ ដោយរដ្ឋផ្តល់ដីសម្បទានឲ្យទៅសហគ្រាស ដើម្បីដាំដំណាំឧស្សាហកម្ម និងនាំចេញទៅក្រៅប្រទេស និងប្រើប្រាស់កម្លាំងពលកម្មថោក ឬបង្ខិតបង្ខំ (ទាសករ)។

ទី៤- សម័យសង្គមរាស្ត្រនិយមរបស់ព្រះបរមរតនកោដិ​​ សម្តេចព្រះ នរោតម្ត សីហនុ ពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០ គឺជាប្រព័ន្ធសេដ្ឋកិច្ច​បែបឧស្សាហូបនីយកម្ម ដោយរដ្ឋជាអ្នកតម្រង់ទិស (State-Guided Industrialization) សម្រាប់បង្កើនផលិតក្នុងស្រុក ជំនួសការនាំចូលដោយសហគ្រាសរដ្ឋធំ។

ទី៥- សម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម ដែលនាំមកនូវមហាវិនាសកម្មនៅកម្ពុជា​ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩​ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបផែនការ។

ទី៦- សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរូចផុតពីរបបប្រល័យពូជសាសន៍ ហើយបានចាប់ផ្តើមកសាងប្រទេសជាតិឡើងពីបាតដៃទទេ ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣​ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ-សង្គមនិយម (Socialist-Market Transition)។

ទី៧- សម័យបច្ចុប្បន្ន ចាប់ពីឆ្នាំ១៩៩៣ រហូតពេលបច្ចុប្បន្ននេះ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី និងចម្រុះ (Liberal Market & Hybrid Model)។

ចំណែកទី៨​ ដែលជាការគិតគូរសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងពេលអនាគត ចាប់ផ្តើមពីឆ្នាំ២០២៥នេះតទៅ គឺជាប្រព័ន្ធសេដ្ឋកិច្ចបែបមូលធនចំណេះដឹង និងសេដ្ឋកិច្ច។

ដូច្នេះ​ ដើម្បីសហគ្រិនកម្ពុជាអាចចូលរួមក្នុងការកសាងជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា «នៅពេលយើងនិយាយអំពីពាក្យ “វិនិយោគ”, មនុស្សភាគច្រើននឹកឃើញភ្លាមអំពីលុយ ដូចជាប្រាក់ចំណេញមូលធន, ឬផលចំណេញហិរញ្ញវត្ថុ។ ប៉ុន្តែសម្រាប់ពាក្យ “វិនិយោគដើម្បីអនាគត” មានអត្ថន័យធំធេងជាងនេះ ពោលគឺអត្ថន័យនៃពាក្យ “វិនិយោគដើម្បីអនាគត” ត្រូវបានរួមបញ្ចូលទាំងគោលគំនិតនៃគុណតម្លៃ, ជំនាញ, ថាមពល និងចក្ខុវិស័យ ដែលសំដៅដល់ការរួមគ្នាកសាងប្រទេសជាតិឱ្យកាន់តែមានបរិយាប័ន្ន, មានចីរភាព, មានភាពប្រកួតប្រជែង និងមានភាពធន់នឹងកត្តាខាងក្រៅជាដើម»៕

 

 

By Ana