ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។

សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថាប្រទេសចិនកំពុងប្រព្រឹត្ត “អំពើអរិភាពសេដ្ឋកិច្ច” ដោយ “មានចេតនាមិនទិញសណ្តែកសៀងរបស់យើង ហើយបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់យើង”។

ការបញ្ចប់អាជីវកម្មរកស៊ីលក់ដូរប្រេងឆាជាមួយប្រទេសចិន និង “ធាតុផ្សេងទៀតនៃពាណិជ្ជកម្ម គឺជាទម្រង់នៃការសងសឹក” ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងថ្លឹងថ្លែង ដោយកត់សម្គាល់ថា  យើងអាចផលិតប្រេងឆាបានយ៉ាងងាយស្រួលដោយខ្លួនឯង យើងមិនចាំបាច់ទិញពីប្រទេសចិនទេ”។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិន បាននិយាយថា “ចំពេលមានសម្ពាធក្នុងស្រុកកើនឡើង រដ្ឋាភិបាលអាម៉េរិក នៅតែបន្តការគំរាមកំហែងដោយការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។

ចំពោះការទិញសណ្តែកសៀង ឬមិនទិញ ក៏ជាកត្តាទីផ្សារដែរ ព្រោះសណ្តែកសៀងពីប្រទេសផ្សេង ដូចជាប្រេស៊ីលមានតម្លៃថោកជាង និងមានគុណភាពល្អ ដូច្នេះហើយអ្នកនាំចូលសណ្តែកសៀងមួយចំនួនមានទំនោរចង់ផ្លាស់ប្តូរប្រភពនាំចូល។

កាលពីខែសីហា សមាគមសណ្តែកសៀងអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញសម្រាប់សណ្តែកសៀងអាម៉េរិក ដោយសង្កត់ធ្ងន់ថា កសិករសណ្តែកសៀងអាម៉េរិកមិនអាចរស់បានទេ ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយប្រទេសចិន​ ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។

ប្រទេសចិនបាននាំចូលសណ្តែកសៀងអាម៉េរិក ច្រើនជាង៦០ភាគរយនៃការផ្គត់ផ្គង់សណ្តែកសៀងរបស់ពិភពលោក ដោយសហរដ្ឋអាម៉េរិកធ្លាប់ជាប្រភពសំខាន់ជាងគេបំផុត  ប៉ុន្តែពន្ធសងសឹកឥឡូវនេះ កំពុងតែធ្វើឱ្យសណ្តែកសៀងអាម៉េរិក មានតម្លៃថ្លៃជាងការផ្គត់ផ្គង់នៅអាម៉េរិកខាងត្បូង២០ភាគរយ ហើយប្រទេសចិនបានងាកទៅរកទិញពីប្រទេសប្រេស៊ីល ដែលបានពង្រីកផលិតកម្មដើម្បីបំពេញតម្រូវការរបស់ចិន។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២៩២៥ តំណាងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនជាមួយក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយគណៈប្រតិភូមេដឹកនាំនយោបាយ និងធុរកិច្ចមកពីមជ្ឈិមខាងលិចនៃសហរដ្ឋអាម៉េរិក ដោយផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ។

អ្នកវិភាគចិនបាននិយាយថា ការប្រាស្រ័យទាក់ទង និងអន្តរកម្មរវាងភាគីចិន និងមជ្ឈដ្ឋាននយោបាយ និងធុរកិច្ចអាម៉េរិក ឆ្លុះបញ្ចាំងពីឆន្ទៈដ៏ទូលំទូលាយនៅថ្នាក់មូលដ្ឋានក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

សណ្តែកសៀង គឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយមុខគត់របស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់ជាង១២,៦ពាន់លានដុល្លារ​ កាលពីឆ្នាំ២០២៤។  ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាម៉េរិក បែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន៥២ភាគរយនៃទិន្នផលសណ្តែកសៀងសរុប មិនឃើញបញ្ជាទិញអ្វីទាំងអស់​ សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរ។

គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាពេលត្រូវចាប់ផ្តើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំ ដើម្បីកសិករអាម៉េរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ចិន​មិន​បាន​ទិញ​សណ្តែកសៀង​អាម៉េរិកសោះតែម្តង។

មូលហេតុបង្កឡើងដោយ​​សារពន្ធ​សងសឹក​​របស់​ចិន​បាន​ដាក់​លើ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​ឱ្យ​តម្លៃ​សណ្តែកសៀង​អាម៉េរិក​ មិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយ។ ពេញមួយរដូវក្តៅ កសិករអាម៉េរិក បានសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសចិន អាចចរចារឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការធូរស្រាលណាមួយកើតឡើងនោះទេ។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសផ្សេងទៀត មានដូចជាប្រទេសអេហ្ស៊ីប កោះតៃវ៉ាន់ និងប្រទេសបង់ក្លាដែស កំពុងតែទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ប៉ុន្តែការនាំចេញសណ្តែកសៀងសរុបបានធ្លាក់ចុះ២៣ភាគរយនៅឆ្នាំ២០២៥នេះ។ ចំណេកផលវិបាកកំពុងតែកើតឡើងចំពោះកសិករអាម៉េរិក។  កាល​ពីចុងកញ្ញា​ ឆ្នាំ២០២៥នេះ រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​សន្យា​គាំទ្រ​ប្រទេស​អាហ្សង់ទីន ខណៈ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច។  នៅថ្ងៃដដែលនោះដែរ ប្រទេសអាហ្សង់ទីនបានលើកលែងពន្ធលើការនាំចេញកសិផលសំខាន់ៗមួយចំនួន រួមទាំងសណ្តែកសៀងផងដែរ៕

By Ana