ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។

សារព័ត៌មានវៀតណាម​ អេចប្រេស​ បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ​ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ​ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ  ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក (Tran Hoang Phuoc) ភេទប្រុស ជានាយកក្រុមហ៊ុន អេសខេ ហ្វូដ (SK FOODS) ដែលនៅពេលនេះត្រូវឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគាររងចាំតុលាការជំនុំជម្រះ ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។

ជនសង្ស័យឈ្មោះ  ចិន ហ័ងហ្វឺក បានបញ្ជាក់ថា តម្រូវការសាច់គោ វ៉ែកគ្យូ (WAGYU) ឬហៅថា សាច់គោ កូបេ (KOBE) របស់ជប៉ុន មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដូច្នេះទើបសម្រេចចិត្តសហការជាមួយក្រុម ហីដា ហ្វូដ ជេអេសស៊ី ឱ្យផលិតសាច់គោក្លែងក្លាយ ដោយកែច្នៃពីសាច់ក្របី តាមរយៈការលាយផ្សំជាមួយសារធាតុគីមី។

ចំណែកជនសង្ស័យឈ្មោះ ង្វៀង ធិហ្វឺងថាវ​  ជាអ្នកទិញសាច់ក្របីថោកៗ ពីប្រទេសឥណ្ឌាក្នុងតម្លៃ ១២០ ០០០ដុង ឬស្មើនឹង៤,៧០ដុល្លារ ក្នុងមួយគីឡូក្រាម រួចនាំចូលមកក្នុងប្រទេសវៀតណាម ដើម្បីចាក់បញ្ចូលសារធាតុគីមីឱ្យបង្កើតជាសាច់មានជាប់ខ្លាញ់ ដួចសាច់គោជប៉ុនបេះបិទ។

បន្ទាប់​ពីកែច្នៃសាច់ក្របីឱ្យមានខ្លាញ់ដូចសាច់គោរួចហើយ ក្រុមហ៊ុន​ទាំង​ពីរនេះ ​បាន​វេច​ខ្ចប់ និង​ដាក់​ស្លាក​ផលិតផលថា ​ជា​សាច់គោជប៉ុន ហើយ​ក្រុមហ៊ុន ហីដា ហ្វូដ ជាអ្នក​លក់​ចែកចាយ​នៅ​តាមទីផ្សារ​ក្នុងប្រទេសវៀតណាម​​ មាន​តម្លៃរហូតដល់៦០០ ០០០ដុង ឬស្មើនឹង​២២,៧៨ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។

នគរបាលវៀតណាម បានឱ្យដឹងថា​ ភ្នាក់ងារសម្ងាត់របស់ខ្លួន បានបើកការស៊ើបអង្កេតសំណុំរឿងនេះ តាំងក្នុងខែឧសភា ឆ្នាំ២០២៤មកម្លេះ ប៉ុន្តែទើបចាប់ខ្លួនបានមេក្លោងធំៗ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ជនសង្ស័យទាំងបួននាក់បានផលិតសាច់គោក្លែងក្លាយចំនួន១៤តោន ហើយលក់ចែកចាយនៅទីក្រុងហាណូយ ទីក្រុងដាណាង ទីក្រុងញ៉ាចាង និងទីក្រុងហូជីមិញ។

ពាក់ព័ន្ធករណីនេះដែរ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលវៀតណាមក្នុងក្រុងហាណូយ និងមន្ត្រីឃ្លាំមើលទីផ្សារ បានឆ្មក់ចូលឆែកឆេទីតាំងរបស់ក្រុមហ៊ុន ហីដា ហ្វូដ មួយកន្លែង ហើយចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ដែលអ្នកជំនាញខាងចាក់ថ្នាំក្រហមលើសាច់ក្របី ឱ្យក្លាយជាសាច់គោមានស្រទាប់ខ្លាញ់ ហើយដាក់ស្លាកថា ជាសាច់គោ វ៉េកគ្យូ (Wagyu) ម៉ាក ហីដាសាន់ (Hidasan) មានន័យជាភាសាជប៉ុនថា​ លោកហីដា។

នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើទុច្ចរិតនេះ នគរបាលវៀតណាម ក៏បានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួនជាង៦៥តោន ព្រមទាំងរឹបអូសសម្ភារៈប្រើសម្រាប់ផលិតសាច់គោក្លែងក្លាយ រួមទាំងសារធាតុគីមីចំនួន ១៧តោន ដែលគេជឿថា ជាសារធាតុខ្លាញ់។

លទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានជាតិគ្រប់គ្រងចំណីអាហាររបស់វៀតណាម បានរកឃើញថា សំណាកសាច់គោ២៤ប្រភេទ ក្នុងចំណោមសំណាក២៩ប្រភេទ គឺជាសាច់ក្របីសុទ្ធសាធតែម្តង។

រហូតមកដល់ពេលនេះ នគរបាលវៀតណាម កំពុងតែរង់ចាំរបាយការណ៍អំពីជាតិពុលរបស់សារធាតុគីមី ដើម្បីកំណត់ថា តើសាច់គោក្លែងក្លាយនេះមានគ្រោះថ្នាក់ដល់សុខភាពមនុស្សកម្រិតណា។

សូមរំឭកថា កាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ​ នគរបាលវៀតណាម បានចាប់ខ្លួនអតីតប្រធានរដ្ឋបាលសុវត្ថិភាពចំណីអាហារវៀតណាម និងមន្ត្រីជំនាញផ្នែកសុវត្ថិភាពចំណីអាហារបួននាក់ផ្សេងទៀត ពីបទស៊ីសំណូក ក្នុងរឿងអាស្រូវផលិតអាហារបំប៉នក្លែងក្លាយដ៏ធំមួយ បន្ទាប់ពីភ្នាក់ងារសម្ងាត់មកពីនាយកដ្ឋានប៉ូលិសប្រឆាំងអំពើពុករលួយ នៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេបាន​រក​ឃើញ​ថ្នាំ​បំប៉ន​ក្លែងក្លាយ​ចំនួន១០០តោន៕

By Ana