កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសមាជិកក្រុមការងារ បាននាំយកទេយ្យវត្ថុ  និងសម្ភារៈមួយចំនួន ដែលជាអំណោយរបស់មូលនិធិរបស់លោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីប្រគេនព្រះសង្ឃ គង់នៅក្នុងវត្តជោតនារាមបឹងកុក ខេត្តកំពង់ចាម។

ការប្រគេនទេយ្យវត្ថុខាងលើនេះ គឺធ្វើឡើងស្របពេលព្រះសង្ឃគង់នៅក្នុងវត្តបឹងកុក ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មិនអាចនិមន្តចេញបិណ្ឌបាត្របាន នៅក្នុងតំណាក់កាលជំងឺកកូវីដ-១៩ កំពុងតែបន្តឆ្លងរាលដាល នៅក្នុងប្រទេសកម្ពុជា។

ទេយ្យវត្ថុ  និងសម្ភារៈដែលត្រូវប្រគេនព្រះសង្ឃរួមមាន អង្ករប្រាំបេ មីពីរកេស ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរ ទឹកបរិសុទ្ធមួយកេស ម៉ាស់ប្រាំប្រអប់ និងទឹកអាល់កុលចំនួនប្រាំលីត្រ។ ជា

ក្នុងឱកាសនេះ លោកបណ្ឌិត សំ​ ពិសិដ្ឋ ប្រធានសមាគម បានផ្សព្វផ្សាយប្រគេនព្រះសង្ឃអំពីវិធានការការពារជំងឺកូវីដ-១៩ និងជំរុញព្រះអង្គឲ្យអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ គឺរក្សាគម្លាតមួយម៉ែត្រកន្លះ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុល ឫជេល និង៣កុំ គឺកុំនៅកន្លែងបិទជិត កុំចាប់ដៃគ្នា ឱបគ្នា ប៉ះគ្នា និងកុំទៅកន្លែង ដែលមានមនុស្សប្រមូលផ្តុំច្រើន និងព២ចូលរួម គឺចូលរួមចាក់វ៉ាក់សាំង និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។

សូមរំឭកថា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ក៏បានដឹកនាំក្រុមការងារសាខាសមាគម​សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចូលរួមធ្វើសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

សកម្មភាពផ្សព្វផ្សាយ​ អប់រំនេះ​ គឺអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងឱកាសនៃការផ្សព្វផ្សាយណែនាំខាងលើនេះ ក្រុមការងារសមាគមបានផ្សព្វផ្សាយវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដល់សមណសិស្សនិស្សិត នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ឲ្យចូលរួមអនុវត្តជាប្រចាំនូវវិធានការនេះ។

បន្ទាប់មានប្រសាសន៍ផ្សព្វផ្សាយ​​ អប់រំរួចមក ព្រះសកលវិទ្យាធិការ និងលោកប្រធានសាខា ព្រមទាំងក្រុមការងារ ក៏បានផ្តល់ម៉ាស និងបាញ់អាកុលជូនដល់សមណសិស្ស និស្សិតគ្រប់រូប មានវត្តមាននាឱកាសនេះ ដែលសម្ភារៈការពារជំងឺកូវីដ-១៩ខាងលើនេះ គឺជាអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ចាម៕

 

By Ana

You missed