ក្រុងគៀវ៖ តាមសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា សំឡេងផ្ទុះគ្រាប់ផ្លោង និងគ្រាប់មីស៊ីល បានឮខ្ទរទីក្រុងភាគកណ្តាល និងភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីស៊ីរ៉ែនផ្តល់ដំណឹងពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី បានបន្លឺឡើងពាសពេញប្រទេស។
អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងជាបឋមថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និងប្រាំនាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោអដ្រូននេះ ក្នុងនោះមានស្ត្រីម្នាក់ និងកូនបីនាក់របស់គាត់ បានស្លាប់នៅក្នុងទីក្រុងឌីនីប្រូ។
ទីភ្នាក់ងារព័ត៌មាន អ៊ីថឹហ្វាក់ (Interfax) របស់អ៊ុយក្រែនបានធ្វើសេចក្តីរាយការណ៍ថា នាព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ការផ្ទុះត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង ឌីនីប្រូ (Dnipro) ទីក្រុង ក្រេម៉េនជុក (Kremenchuk) និងទីក្រុង ប៉ូលតាវ៉ា (Poltava) នៅកណ្តាលអ៊ុយក្រែន ចំណែកទីក្រុងស្ថិតនៅភាគខាងត្បូង ក៏ឮសំឡេងផ្ទុះដែរ ដូចជាទីក្រុង មីកូឡៃ (Mykolaiv) ទីក្រុងគៀវ និងតំបន់ជាយក្រុងផងដែរ។
អ្នករស់នៅក្នុងទីក្រុងគៀវ បាននិយាយថា «ខ្ញុំភ្ញាក់ឡើងពីដេក ដោយសារសំឡេងផ្ទុះ។ ខ្ញុំមានអារម្មណ៍ថា ដូចជារញ្ជួយដីអ៊ីចឹង»។
អាជ្ញាធរទីក្រុងគៀវ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងតែដំណើរការ ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។
ការវាយឆ្មក់តាមផ្លូវអាកាសនេះ ធ្វើឡើងនៅពេលទាហានអ៊ុយក្រែន កំពុងរៀបចំខ្លួនវាយបកដ៏ធំមួយ ដើម្បីដណ្តើមយកទឹកដីមកវិញ នៅភាគខាងកើត និងខាងត្បូង។
រូបភាពផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីអគារផ្ទះល្វែងប្រាំបួនជាន់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា គ្រាន់តែនៅឯទីក្រុងគៀវ មីស៊ីលចំនួន១១គ្រាប់ និងយន្តហោះដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។
ការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងបន្ទាប់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) តាមរយៈទូរស័ព្ទនេះថា «ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់» ដើម្បីបញ្ចប់សង្គ្រាមដ៏ធំមួយនេះ។
លោក ស៊ី ជីនភីង បានជំរុញឲ្យភាគីទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ នៅពេលកំពុងស្វែងលទ្ធភាពដើម្បីដោះស្រាយជម្លោះ ដែលកំពុងតែឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែធំ។
លោកបាននិយាយព្រមានយ៉ាងច្បាស់ថា «គ្មាននរណាម្នាក់ឈ្នះសង្គ្រាមនុយក្លេអ៊ែរទេ»។
ក្រោយពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថា ការសន្ទនាគ្នាមានរយៈវែង និងមានអត្ថន័យ ហើយការហៅទូរស័ព្ទនេះ បានលើកឡើងពីការតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសចិន ដែលអាចក្លាយកម្លាំងជួយជំរុញដល់ការកសាងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ចំណែកលោក ស៊ី ជីនភីង បានសន្យាថា ចិននឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីកសាងទំនាក់ទំនងស៊ីជម្រៅពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយនៃជម្លោះនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញផែនទីត្រួសត្រាយផ្លូវចំនួន១២ចំណុច សម្រាប់ស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលអ៊ុយក្រែន ដោយបង្ហាញឆន្ទៈក្នុងការចូលរួមសម្របសម្រួលដើម្បីបញ្ចប់អរិភាពភាពនឹងគ្នា។
សូមរំឭកថា នៅពេលផ្ទុះសង្គ្រាមភ្លាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសចិនបានបដិសេធមិនថ្កោលទោស ឬដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។
ក្រោយមកកាលពីខែមីនា ឆ្នាំ២០២៣ លោក ស៊ី ជីនភីង បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយមេដឹកនាំទាំងពីរបានប្តេជ្ញាថា នឹងធ្វើការរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិស័យផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក ស៊ី ជីនភីង ដែលនិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទទួលបាននូវសារៈសំខាន់យ៉ាងច្រើនសម្រាប់ពិភពលោក និងសម្រាប់អនាគតរបស់មនុស្សជាតិ។
ចំណែកប្រធានាធិបតីបារាំងលោក អេម៉ាណូអែឡ ម៉ាក្រុង (Emmanuel Macron) ក៏បានទៅបំពេញទស្សនកិច្ចប្រទេសចិនដែរ ក្នុងខែដើមខែមេសា ឆ្នាំ២០២៣នេះ ហើយលោកបានជំរុញឲ្យលោក ស៊ី ជីនភីង ប្រាប់ហេតុផលដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលពេលនោះរដ្ឋាភិបាលចិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការវាយសង្គ្រប់លើអ៊ុយក្រែន ប៉ុន្តែក៏បានយល់ស្របជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដែរថា ការពង្រីកសមាជិកបន្ថែមរបស់អង្គការតណាតូឲ្យខិតទៅកាន់ជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី គឺជាមូលហេតុចម្បងមួយនៃជម្លោះនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា «ជំហរសំខាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺជួយសម្របសម្រួលឲ្យមានការចរចាស្វែងរកសន្តិភាព ហើយបានប្រកាសថា បេសកជនពិសេសរបស់ចិន គឺអតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសរុស្ស៊ីនឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីវិញ លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានសរសើរវិធីសាស្រ្តរបស់ចិន ប៉ុន្តែបានរិះគន់ជំហររឹងរុសរបស់អ៊ុយក្រែន។
លោកស្រីបាននិយាយនៅសេចក្តីថ្លែងការណ៍ថា «ការត្រៀមខ្លួនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការខិតខំបង្កើតដំណើរការចរចារកសន្តិភាព ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវ បានច្រានចោលគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវណាមួយ ដែលចង់រកដំណោះស្រាយដោយសន្តិវិធី»៕