ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយនៅថ្ងៃនេះថា នាវាល្បាតរបស់ខ្លួនពីរគ្រឿង បានប្រឈមមុខដាក់គ្នាជាមួយនាវាកងទ័ពជើងទឹកចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ហើយចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ នៅតំបន់ជួរកោះត្រួតសិទ្ធិគ្នាកាន់កាប់។
ឆ្មាំសមុទ្រហ្វីលីពិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា ឧប្បត្តិហេតុដំបូងបានកើតឡើងនៅពេលកប៉ាល់កងទ័ពជើងទឹកចិន ធ្វើដំណើរឆ្លងកាត់គន្លងនាវារបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ស្ថិតក្នុងចម្ងាយ១៣គីឡូម៉ែត្រ ពីបន្តុំជួរកោះប៉ប៉្រិបថ្ម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
ជួរកោះប៉ប៉្រិបថ្មនេះ ស្ថិតនៅក្នុងប្រជុំកោះមានជម្លោះ ឬត្រូវបានគេស្គាល់ថា ជាជួរកោះកាន់កាប់ដោយប្រទេសហ្វីលីពីន តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ហើយឥឡូវនេះ មានមនុស្សរស់រហូតដល់៤០០នាក់។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បាននិយាយថា ការប្រឈមមុខដាក់គ្នា បានចាប់ផ្តើមនៅពេលឆ្មាំចិនបញ្ជាឲ្យនាវាឆ្មាំសមុទ្រហ្វីលីពីន ចាកចេញពីតំបន់នោះ ដោយព្រមានថា បើមិនធ្វើតាមទេអាចមានបញ្ហាជាមិនខាន។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយបញ្ជាក់ទៀតថា នាវាឆ្មាំសមុទ្រហ្វីលីពីនមិនបានចាកចេញទេ ហើយបានឆ្លើយតបទៅចិនវិញ ដោយអះអាងពីសិទ្ធិរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការ នៅក្នុងដែនសមុទ្ររបស់ខ្លួន ហើយបានសុំឲ្យកងទ័ពជើងទឹកចិន ចាកចេញពីដែនទឹករបស់ខ្លួន។
ចំណែកឧប្បត្តិហេតុទី២ បានកើតឡើងនៅពីរថ្ងៃបន្ទាប់នៅជិតកោះមួយ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសហ្វីលីពីន។
សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយថា ក្នុងឱកាសនោះ កប៉ាល់ឆ្មាំសមុទ្រហ្វីលីពីន ត្រូវនាវាឆ្មាំសមុទ្រចិនពីរគ្រឿងកៀបស្ទាក់ចាប់ ដែលទង្វើនេះបង្ហាញឲ្យឃើញពីយុទ្ធសាស្ត្រឈ្លានពាន។ ចំណែគនាវាចិនមួយគ្រឿងទៀត បានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ ក្នុងចម្ងាយដ៏គ្រោះថ្នាក់ត្រឹមតែជាង៤០ម៉ែត្រប៉ុណ្ណោះ”។
សេចក្តីថ្លែងការណ៍ បាននិយាយបន្ថែមថា ការចូលមកកៀកពេករបស់នាវាចិន បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខរបស់កប៉ាល់ និងនាវិកហ្វីលីពីន ខណៈកប៉ាល់ចិនទីពីរគ្រឿងទៀត ស្ថិតក្នុងចម្ងាយប្រមាណ៦៤០ម៉ែត្រ កំពុងតាមដានមិនដាក់ភ្នែកមកលើរាល់ចលនារបស់នាវាឆ្មាំសមុទ្រហ្វីលីពីន។
ប្រទេសចិនទាមទារកាន់កាប់ស្ទើរតែទាំងស្រុង នូវដែនសមុទ្រចិនខាងត្បូង ហើយមិនខ្វល់ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលកាត់ឲ្យប្រទេសហ្វីលីពីនឈ្នះក្តី លើសិទ្ធិកាន់កាប់ជួរកោះមួយចំនួន ស្ថិតក្នុងដែនសមុទ្រចិនខាងត្បូង។
ចាប់តាំងពីសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ នាឆ្នាំ២០១៦មក ហ្វីលីពីនបានពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងគន្លងផ្លូវទឹក ដោយពង្រីក និងបង្កើតប៉ុស្តិ៍យោធា និងដាក់ពង្រាយកងនាវានេសាទ កងជីវពលតាមសមុទ្រ និងឆ្មាំសមុទ្រផងដែរ។
សេចក្តីថ្លែងការណ៍របស់ហ្វីលីពីននេះ បានអះអាងថា កប៉ាល់របស់ខ្លួនក៏បានពើបប្រទះនាវាជីវពលចិនជាង១០០គ្រឿង អំឡុងពេលល្បាតរយៈពេលមួយសប្តាហ៍ លបានបញ្ចប់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ក៏ដូចជាប្រទេសចិន និងហ្វីលីពីន ទាមទារសិទ្ធិត្រួត្រាលើដែនសមុទ្រចិនខាងត្បូង ប្រទេសផ្សេងទៀត មានប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ ក៏ដូចជាកោះតៃវ៉ាន់ បាននាំគ្នាទាមទារចំណែកសិទ្ធិកាន់កាប់លើដែនសមុទ្រនេះដែរ។ ប៉ុន្តែប្រទេសចិនបានប្រកែកថា ប្រទេសហ្វីលីពីន គ្មានប្រវត្តិកាន់កាប់ជួរកោះទាំងនោះឡើយ៕