សៀងហៃ៖ រដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រនេះថា ផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាកម្មសិទ្ធិរបស់ចិន ហើយវាជាការត្រឹមត្រូវ និងសមរម្យសម្រាប់ប្រទេសចិន ក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។
លោក ឈិន កាង (Qin Gang) បានធ្វើការកត់សម្គាល់បែបនេះ នៅឯវេទិកាមួយ ក្នុងទីក្រុងសៀងហៃ ស្តីពីប្រធានបទបំណុល សេដ្ឋកិច្ចពិភពលោក និងបញ្ហាកោះតៃវ៉ាន់។
លោកបាននិយាយថា «ថ្មីៗនេះមានការបកស្រាយមិនសមហេតុផល ដែលចោទប្រកាន់ប្រទេសចិនថា បានធ្វើឲ្យទាន់សម័យស្ថានភាព ដើម្បីរំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ តាមជាក់ស្តែង គឺមិនទំនងទាល់តែសោះ ហើយការសន្និដ្ឋានបែបនេះ គឺគ្រោះថ្នាក់ណាស់»។
លោករដ្ឋមន្ត្រីការបរទេសចិន បាននិយាយបន្ថែមថា «មនុស្សចិត្តល្អអាចមើលឃើញនរណាមួយ ដែលចូលចិត្តសម្លុតមើលងាយគេ និងធ្វើខ្លួនឯងមានគំនិតគ្រាន់បើជាងគេ»។
លោក ឈិន កាង បាននិយាយទៀតថា «វាមិនមែនបង្កឡើងដោយចិនដីគោកទេ ប៉ុន្តែវាបង្កឡើងដោយកម្លាំងចង់បំបែកខ្លួនបានឯករាជ្យរបស់តៃវ៉ាន់ និងប្រទេសមួយក្តាប់តូច ដែលព្យាយាមបង្អាក់ស្ថានភាពបច្ចុប្បន្ន។ អ្នកដែលលេងភ្លើងលើកោះតៃវ៉ាន់ ទីបំផុតនឹងឆេះខ្លួនឯង»។
កាលពីពេលថ្មីៗនេះ ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជួបកិច្ចប្រជុំនៅទីក្រុង ឡូសអែនជឺឡេស (Los Angeles) ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាខាធី (Kevin McCarthy) ដែលធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំង។
ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ថា គឺជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ចិន ហើយតែងតែនិយាយបរិហារកិច្ចប្រទេសចិន នៅក្នុងកិច្ចប្រជុំមេដឹកនាំពិភពលោក និងជាមួយមន្ត្រីបរទេសផ្សេងទៀត ដោយចាត់ទុកខ្លួនឯងថា ជារដ្ឋអធិបតេយ្យមិនស្ថិតក្រោមចិនដីគោគឡើយ។
កោះតៃវ៉ាន់សព្វថ្ងៃមានទំនាក់ទំនងការទូតជាផ្លូវការត្រឹមតែរដ្ឋចំនួន១៣ប្រទេសប៉ុណ្ណោះ ហើយភាគច្រើនជាប្រទេសតូចៗ ដូចជាបុរី វ៉ាទីកង់ បេលីស និងប៉ារ៉ាហ្គាយ ដោយភាគច្រើនជាប្រទេសកោះតូចៗ ក្រីក្រស្ថិតនៅតំបន់ការាបៀន និងក្រុមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
ចំណែកប្រទេសនៅទ្វីបអាហ្វ្រិក មានតែមួយគត់ប៉ុណ្ណោះ ដែលបានសម្តែងការគាំទ្រ និងទទួលស្គាល់កោះតៃវ៉ាន់ គឺប្រទេសអេស្វាន់ទី ដែលនាយករដ្ឋមន្ត្រីប្រទេសនេះ បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងខែមីនានេះ។
ថ្វីត្បិតតែចិនខំប្រឹងធ្វើយុទ្ធនាការឲ្យកោះតៃវ៉ាន់នៅឯកោក៏ដោយ ក៏កោះតៃវ៉ាន់អាចបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយប្រទេសជាង១០០ផ្សេងទៀត នៅលើពិភពលោក ហើយបានចាប់ផ្តើមធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក នៅពេលការប្រកួតប្រជែងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តឹងតែងឡើងៗ។
ប្រទេសចិនបានយកឈ្នះលើអតីតសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ ចំពោះប្រទេសកោះតូចៗនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ដូចជាប្រទេស កោះគីរីបាទី និងកោះ សូឡូម៉ុន ដោយបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៩ លើសន្ធិសញ្ញាសន្តិសុខ ដែលនឹងអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹក និងកងកម្លាំងសន្តិសុខរបស់ចិន អាចមានវត្តមាននៅក្នុងប្រទេសកោះទាំងពីរនេះ។
កិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឲ្យសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសនូវែលសេឡង់ សម្តែងការព្រួយបារម្ភចំពោះការបាត់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកោះតូចៗទាំងនេះ។
ដោយមានការព្រួយបារម្មណ៍ចំពោះការកើនឥទ្ធិពលរបស់ចិនបែបនេះ រដ្ឋបាលរបស់លោក ចូ បាយដិន (Joe Biden) កំពុងស្នើសុំការចំណាយជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីរក្សាទំនាក់ទំនងជាមួយប្រទេសកោះស្ថិតទាំងបីនេះ ដែលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
កញ្ចប់ថវិកាសហព័ន្ធ ដែលលោកប្រធានាធិបតី ចូ បាយដិន ស្នើសុំការឯកភាពពីរដ្ឋសភា រួមមានថវិកាជាង ៧.១ពាន់លានដុល្លារ សម្រាប់ជំនួយដល់កោះម៉ាហ្សាល កោះមីក្រូនេស៊ី និងកោះប៉ាឡៅ។
មន្ត្រីសេតវិមាន បាននិយាយថា ការចំណាយទឹកប្រាក់ដ៏ច្រើននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ដើម្បីយកឈ្នះចិន និងពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕