ក្រុងប្រ៊ុចសែលៈ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃនេះ បានគាំទ្រផ្តល់គ្រាប់កាំភ្លើងធំចំនួនមួយលានគ្រាប់ ដល់ប្រទេសអ៊ុយក្រ័ន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី ក្នុងរយៈពេលមួយឆ្នាំខាងមុខ។

រដ្ឋមន្ត្រីសហភាពអឺរ៉ុប បានយល់ព្រមលើផែនការផ្តល់ជំនួយជាទឹកប្រាក់ចំនួន២,១៤ឲពាន់លានដុល្លារ ដើម្បីដឹកចូលឃ្លាំងអាវុធផ្ទាល់ខ្លួន និងរួមគ្នាទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។

ក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសស ហភាពអឺរ៉ុបបានគាំទ្រគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងផ្តល់ឲ្យអ៊ុយក្រែននេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល កាលពីម្សិលមិញ។

នៅពេលលោកធ្វើជាប្រធានកិច្ចប្រជុំ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បានចេញប្រកាសដើម្បីសាទរចំពោះអ្វីដែលលោកបានពិពណ៌នាថាជា “ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” សម្រាប់ប្លុក២៧ប្រទេស រួមទាំងប្រទេសន័រវេសផងដែរ។

លោកបាននិយាយថា «យើងកំពុងបោះជំហានសំខាន់មួយឆ្ពោះទៅរកការផ្តល់តាមការសន្យារបស់យើងក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវកាំភ្លើងធំបន្ថែមទៀត»។

លោកបានកត់សម្គាល់ថា ប្រទេសចំនួន១៨បានចុះហត្ថលេខាលើគម្រោងសម្រាប់ភ្នាក់ងារការពារអឺរ៉ុប ដើម្បីទិញរួមគ្នានូវគ្រាប់រំសេវពីឧស្សាហកម្មការពារជាតិ។

លោកបាននិយាយទៀតថា ការប្រជុំបានយល់ព្រមតាមសំណើរបស់លោកក្នុងការផ្តល់ប្រាក់ចំនួន១,១ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ប្រទេសសមាជិកក្នុងការផ្តល់គ្រាប់កាំភ្លើងធំពីឃ្លាំស្តុក និងការបញ្ជាទិញណាមួយ ដែលពួកគេអាចនឹងត្រូវការពីឧស្សាហកម្មផលិតសព្វាវុធ។

ចំណែកទឹកប្រាក់បន្ថែមជា១ពាន់លានដុល្លារទៀត ក៏នឹងត្រូវបញ្ចេញសម្រាប់ការបញ្ជាទិញឆាប់រហ័ស និងលើកទឹកចិត្តឱ្យប្រទេសនានា ធ្វើការរួមគ្នាដើម្បីបញ្ជាទិញតាមរយៈភ្នាក់ងារសម្រាប់ការពារអឺរ៉ុប ដែលយ៉ាងហោចណាស់មានចំនួនបីប្រទេស។ 

ប្រទេសអាល្លឺម៉ង់​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ ចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយខ្លួន ដែល​ក្រុង​ប៊ែរឡាំង​ជឿជាក់​ថា​ នឹង​ដើរ​លឿន​ជាង​មុន។

ចំណែកកម្មវិធីពាក់ព័ន្ធនឹងការគាំទ្រដល់ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប ដើម្បីអាចបង្កើនការផលិតកម្មក្នុងរយៈពេលវែងជាងនេះ ត្រូវមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ការបញ្ជាទិញរួមថ្មីអាចចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ ប្រសិនបើផែនការនេះត្រូវបានអនុម័តទាំងស្រុង។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) បានថ្លែងអំណរគុណចំពោះ លោក ចូសេប បូរ៉ែល និងមេដឹកនាំប្លុកអឺរ៉ុប សម្រាប់ការសម្រេចចិត្តនេះ។

លោកបាននិយាយថា ពិតប្រាកដណាស់ អ្វីដែលត្រូវការ គឺការផ្តល់ជាបន្ទាន់ និងការធ្វើលទ្ធកម្មទិញសព្វាវុធរួមគ្នាប្រកបដោយនិរន្តរភាព។

រដ្ឋាភិបាលអ៊ុយក្រែន តែងតែស្រែកថា កងកម្លាំង​របស់​ខ្ខ្លួនមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់ច្បាំងឡើយ ចាប់តាំងពីរុស្ស៊ី លើកទ័ពឈ្លានពាន​អ៊ុយក្រែន​ អស់រយៈពេល​ពេញ​មួយ​ឆឆ្នាំ ហើយបានក្លាយ​ទៅ​ជា​សង្រ្គាមកាន់តែធំឡើងៗ។

ឧស្សាហកម្មការពារជាតិរបស់អាល្លឺម៉ង់និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនទិន្នផលរបស់ខ្លួន រួមទាំងប្រភេទសព្វាវុធ និងគ្រាប់រំសេវដែលត្រូវការដោយអ៊ុយក្រែន ប៉ុន្តែវាត្រូវការភាពច្បាស់លាស់អំពីអ្វីដែលរដ្ឋាភិបាលចង់បាន មុនពេលវិនិយោគលើសមត្ថភាពផលិតបន្ថែមទៀត។

អ៊ុយក្រែន បានប្រាប់សហភាពអឺរ៉ុបថា ខ្លួនចង់បានគ្រាប់ផ្លោងចំនួន៣៥០ ០០០គ្រាប់ក្នុងមួយខែ ដើម្បីជួយកងទ័ពរបស់ខ្លួនទប់ទល់នឹងការវាយលុករបស់រុស្ស៊ី និងអាចបង្កលក្ខណៈឲ្យទាហាន អ៊ុយក្រែន ចាប់ផ្តើមការវាយលុកថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីបណ្តាញទាហានរុស្ស៊ី ចេញពីទឹកដីរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពិស្តូរៀស (Boris Pistorius) បាននិយាយថា ការសន្យាត្រូវបានអនុវត្ត ហើយសន្យាថា អ៊ុយក្រែន អាចទទួលបានគ្រាប់រំសេវយ៉ាងច្រើននៅឆ្នាំនេះ។

គិតពី២០២២រហូតមក ប្រទេសអ៊ុយក្រែន បានក្លាយជាប្រទេសនាំចូលអាវុធ លំដាប់ទី៣ លើពិភពលោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី បានបង្កឱ្យមានជំនួយផ្នែកយោធាយ៉ាងច្រើនសន្ធឹកសន្ធប់ ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុប ផ្តល់ច្រើនជាងគេ។

ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសកាលពីម្សិលមិញថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធ និងសម្ភារះសឹកជាទឹកប្រាក់ចំនួន៣៥០លានដុល្លារ ដល់អ៊ុយក្រែន រួមទាំងគ្រាប់រំសេវជាច្រើនប្រភេទ ដូចជាគ្រាប់រ៉ុក្កែត និងរថយន្តដឹកប្រេងផងដែរ៕

By Ana

You missed