ញូវដែលី៖ កិច្ចប្រជុំក្រុមប្រទេសអ្នកមាន ហៅថា G20 បានបញ្ចប់ដោយគ្មានការឯកភាពគ្នា ជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈប្រទេសចិន រួមជាមួយរុស្ស៊ី នាំគ្នាបដិសេធការទាមទារឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម។
ប្រទេសទាំងពីរ គឺជាប្រទេសមានរដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដែលី ហើយមិនឯកភាពលើសេចក្តីថ្លែងការណ៍ទាមទារឲ្យរុស្ស៊ី ដកទ័ពទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក សុប្រាម៉ានយ៉ាម ចៃហ្សានកា (Subrahmanyam Jaishankar) បាននិយាយថា មានការខ្វែងគំនិតគ្នា ដែលមិនអាចផ្សះផ្សាគ្នាបាន ដោយសារភាគីនីមួយៗ មានទស្សនៈខុសគ្នា។
លោកបានបន្ថែមថា ប្រទេសសមាជិក G20 ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានយល់ព្រមលើបញ្ហាភាគច្រើនពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់មិនសូវមានការអភិវឌ្ឍន៍ ដូចជាការពង្រឹងពហុភាគីនិយម ការលើកកម្ពស់សន្តិសុខស្បៀង ថាមពល ការប្រែប្រួលអាកាសធាតុ បញ្ហាយេនឌ័រ និងការប្រឆាំងភេរវកម្ម។
នៅក្នុងសុន្ទរកថាទៅកាន់រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានជំរុញឲ្យប្រទេសសមាជិក G20 កុំបណ្តោយឲ្យតានតឹងនាពេល អាចបច្ចុប្បន្នបំផ្លាញកិច្ចព្រមព្រៀង លើបញ្ហាសន្តិសុខស្បៀង ថាមពល ការប្រែប្រួលអាកាសធាតុ និងបំណុល។
ចំណែក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា ប៊ើបុក (Annalena Baerbock) ដែលអង្គុយទល់មុខរដ្ឋមន្ត្រីការបរទេសរុស្ស៊ី គឺលោក ស៊ើគេ ឡារ៉ូវ (Sergey Lavro បាននិយាយប្រាប់លោកឲ្យរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្រោយមកលោក ស៊ើគេ ឡារ៉ូវ បាននិយាយវាយបកវិញ នៅក្នុងសុន្ទរកថាដោយចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា មានពុតត្បុតអាក្រក់ ហើយបានផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
រីឯនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ លោក អែនតូនី ប្លីងគិន (Antony Blinken) បានលើកឡើងថា លោកបានចំណាយពេលជាច្រើន នៅក្នុងរដ្ឋធានីឥណ្ឌា ដើម្បីរៀបរាប់ប្រាប់គេអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាថាមពល និងសន្តិសស្បៀង ដែលក្នុងនោះលោកក៏ប្រាប់អង្គប្រជុំថា សង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន មិនអាចបណ្តែតបណ្តោយបានទេ ត្រូវតែនាំគ្នាទប់ស្កាត់។
លោកបាននិយាយដូច្នេះថា ជាអកុសល កិច្ចប្រជុំនេះត្រូវបានបំផ្លាញម្តងទៀតដោយសង្គ្រាមរបស់រុស្ស៊ីឈ្លានអ៊ុយក្រែន ក្នុងយុទ្ធនាការបំផ្លិចបំផ្លាញដោយចេតនាប្រឆាំងជនស៊ីវិល និងការវាយប្រហារលើគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក អែនតូនី ប្លីងគិន បានជួបជាមួយលោក ស៊ើគឹ ឡារ៉ូវ ប្រមាណ១០នាទី កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងក្នុងរយៈពេលជាច្រើនខែ រវាងតំណាងនៃប្រទេសទាំងពីរ។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទចិនថថ កំពុងគិតប្រុងផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាម។ ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថា ចិនបានធ្វើសំណើឲ្យមានការចរចាររកសន្តិភាពសម្រាប់អ៊ុយក្រែន ដែលសំណើនេះទទួលបានទទួលការកោតសរសើរពីប្រទេសរុស្ស៊ី និងប្រទេសបេឡារុស ខណៈសម្រាប់បណ្តាប្រទេសនៅទ្វីបអឺរ៉ុប មិនគាំទ្រសំណើឡើងរបស់ចិនទេ។
ប្រទេសចិន បានវាយបកវិញ កាលពីថ្ងៃព្រហស្បតិ៍ដោយចោទប្រកាន់អាមេរិកពីការជំរុញឲ្យមានសង្គ្រាមនៅអ៊ុយក្រែន ហើយប្រឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងរំលោភអធិបតេយ្យភាពរបស់ចិនក្នុងទង្វើអាមេរិកគាំទ្រកោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «សហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែខ្លួនកំពុងធ្វើសង្គ្រាមជុំវិញពិភពលោក និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកប្រដាប់អាវុធ»។
លោកស្រីបាននិយាយថា «ខណៈពេលចង់ឲ្យគោរព និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ បែរជាសហរដ្ឋអាមេរិក បន្តអនុវត្តទណ្ឌកម្មខុសច្បាប់ជាឯកតោភាគីខុសច្បាប់ ដោយយកច្បាប់ក្នុងស្រុកធំជាងច្បាប់អន្តរជាតិ»៕