ហ្សឺណែវ៖ អស់រយៈពេលជាយូរមកហើយ ក្រុមអ្នកប្រាជ្ញលោកខាងលិចមិនអើពើនឹងកេរតំណែលនៃចក្រភពរុស្ស៊ី និងអាណានិគមរុស្ស៊ីឡើយ។ នៅពេលរុស្ស៊ី ចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការជជែកគ្នាបានលើកឡើងអំពីលក្ខណៈនៃអធិរាជសង្រ្គាម។ ក្រុមអ្នកប្រាជ្ញ ដែលធ្លាប់បាននិយាយអំពីរឿងនេះ ត្រូវបានគេច្រានចោលភ្លាមក្នុងរង្វង់បណ្ឌិត្យសភា និងក្នុងនយោបាយរបស់លោកខាងលិចមួយចំនួន។
ខាងក្រោមនេះ គឺអត្ថបទស្រាវជ្រាវរបស់លោកស្រី បូតាកុស កាស៊ីមបេកាវ៉ា (Botakoz Kassymbekova) គឺជាជំនួយការសាស្រ្តាចារ្យនៃប្រវត្តិសាស្រ្តទំនើប នាសាកលវិទ្យាល័យ បាសែល (Bassel) ប្រទេសស្វីស ដែលមានឯកទេសខាងស្តាលីននិយម និងក្រោយស្តាលីននិយម។ លោកស្រី គឺជាអ្នកនិពន្ធនៃសៀវភៅ មានចំណងជើងថា៖ ការគ្រប់គ្រងដំបូងរបស់សហភាពសូវៀត លើប្រទេសតាជីគីស្ថាន។
អ្នកខ្លះ ជាពិសេសពួកប្រឆាំងចក្រពត្តិនិយម ដែលបានអះអាងថា រុស្ស៊ីត្រូវគេញុះញង់ និងបានបង្ហាញពីការតស៊ូរបស់អ៊ុយក្រែនថា ជាផែនការរបស់ចក្រពត្តិលោកខាងលិច។ ចំណែកអ្នកផ្សេងទៀត បានចាត់ទុកការវិភាគអំពីចក្រពត្តិរុស្ស៊ីថា ជានិន្នាការគាំទ្រសង្គ្រាម ជារបៀបវារៈស្ទាក់ស្ទើរ ឬជាការឆ្លុះបញ្ចាំងពីអារម្មណ៍ជាតិនិយមចង្អៀតចង្អល់។
ប៉ុន្តែសម្រាប់ក្រុមអ្នកប្រាជ្ញមកពីតំបន់អតីតសហភាពសូវៀតវិញ ដែលជាទឹកដីធ្លាប់ទទួលរងពីការឈ្លានពានពីរុស្សី និងចក្រពត្តិរុស្ស៊ី បានចាត់ទុកថា ប្រតិកម្មបែបនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះគំនិតរបស់ពួកគេ ត្រូវបានគេមើលរំលង និងច្រានចោលរួចមកហើយ។
ការជជែកគ្នាអំពីចក្រពត្តិរុស្ស៊ី ត្រូវបានគេមើលរំលងជាយូរមកហើយ ខណៈចក្រពត្តិអាមេរិក អង់គ្លេស និងចក្រពត្តិបារាំង ត្រូវបានគេយកមកសិក្សាយ៉ាងយកចិត្តទុកដាក់ និងយ៉ាងហ្មត់ចត់បំផុត។ ការជជែកគ្នានេះមានច្រើនណាស់ទាក់ទងនឹងរបៀប ដែលបណ្ឌិត្យសភាលោកខាងលិច និងក្នុងកម្រិតណាមួយដែលឥស្សរជននយោបាយ បានជ្រើសរើសការងាកទៅរកសហភាពសូវៀត និងការដួលរលំ។
ដូរពីចក្រភពរុស្ស៊ី ទៅជាសហភាពសូវៀត
មហិច្ឆតារបស់អធិរាជរុស្ស៊ី មានតាំងពីសតវត្សទី១៦ នៅពេលអធិរាជក្រុង មូស្គូ បានប្រកាសខ្លួនជាអធិរាជរ៉ូមាំងទី៣ និងជាអ្នកស្នងរាជ្យបន្ត និងជាអ្នកការពារគ្រិស្តអូស្សូដក់ទាំងអស់។
ពេលនោះកងទ័ពចក្រពត្តិរុស្ស៊ី បានធ្វើសង្គ្រាមជាច្រើននៅភាគខាងកើត ខាងលិច និងភាគខាងត្បូង ហើយនៅពាក់កណ្តាលសតវត្សទី១៩ ប្រទេសរុស្ស៊ី បានក្លាយជាអាណាចក្រដ៏ធំបំផុតលើពិភពលោក។ ស្របពេលនោះដែរ ចក្រភពអង់គ្លេស អូទ្រីស-ហុងគ្រី និងបារាំង បានយល់ព្រម និងបង្ហាញខ្លួនឯងថា ជាមហាអំណាចអាណានិគមនៅអឺរ៉ុប។
បន្ទាប់ពីបដិវត្តខែតុលា ឆ្នាំ១៩១៧ ពួក ប៊ុលហ្សេវិច (Bolsheviks) បានប្រកាសបញ្ចប់របបរាជាធិបតេយ្យរុស្ស៊ី និងជាការបិទបញ្ចប់នៃចក្រពត្តិរុស្ស៊ី ប៉ុន្តែពួកគេបានធ្វើសង្គ្រាមយ៉ាងព្រៃផ្សៃ ដើម្បីការពារព្រំដែនទឹកដីរបស់ចក្រពត្តិរុស្ស៊ី។ ពួកគេបានដណ្តើមយករដ្ឋឯករាជ្យ ដែលទើបបង្កើតថ្មីៗ ដូចជាអ៊ុយក្រែន ហ្សកហ្ស៊ី អាមេនី និងអាស៊ែបៃហ្សង់ ដែលកើតឡើងបន្ទាប់ពីការដួលរលំនៃចក្រភពរុស្ស៊ី។
នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ លោក ចូសែប ស្តាលីន (Joseph Stalin) បានទទួលយកក្រុមជាតិនិយមរបស់រុស្ស៊ី ដោយផ្អែកលើទ្រឹស្តីរបស់អធិរាជមុនៗ បាននិយាយអួតអំពីភាពអស្ចារ្យរបស់ប្រជាជនរុស្ស៊ី។ រដ្ឋាភិបាលរបស់ពួក ប៊ុលហ្សេវិច បានធ្វើឲ្យជនជាតិរុស្ស៊ីមានសិទ្ធិអំណាចលើសគេនៅក្នុងសហភាពសូវៀត ហើយបានបញ្ជូនអ្នកតាំងលំនៅឋានថ្មី ជាជនជាតិរុស្ស៊ី ឲ្យទៅរស់នៅ និងគ្រប់គ្រងតាមតំបន់ផ្សេងទៀត ដែលមិនមែនជារបស់រុស្ស៊ី។
ការលុបបំបាត់មេដឹកនាំម្ចាស់ប្រទេសដើមកំណើត ការតាំងលំនៅថ្មីដោយបង្ខំសម្រាប់ក្រុមជនជាតិភាគតិចទាំងអស់ និងការបង្កើតលក្ខខណ្ឌ ដែលនាំឲ្យមានការស្លាប់យ៉ាងច្រើន គឺជាផែនការនៃអាណានិគមសូវៀត។ វប្បធម៌ ភាសា និងប្រវត្តិសាស្ត្ររបស់ប្រជាជន ដែលមិនមែនជាជនជាតិរុស្ស៊ី ត្រូវគេមើលងាយ នៅពេលការធ្វើបន្សុទ្ធជនជាតិភាគតិចឲ្យក្លាយជាជនជាតិរុស្ស៊ី គឺជារឿងអស្ចារ្យ។
ក្នុងពេលជាមួយគ្នានោះដែរ សហភាពសូវៀត បានប្រឹងអួតពីការរីកចម្រើនរបស់ប្រជាជាតិ ដែលចក្រភពរុស្ស៊ី ទើបដណ្តើមបាន និងសន្យាផ្តល់សញ្ជាតិដល់ប្រជាជនម្ចាស់ស្រុក និងផ្តល់សិទ្ធិរស់នៅស្មើភាពគ្នាក្នុងសហភាពសូវៀត។
បញ្ញវ័ន្តជាច្រើននៅក្នុងបណ្ឌិត្យសភាលោកខាងលិច បានរួមគ្នាប្រឆាំងអាណានិគមទីក្រុងម៉ូស្គូ ហើយបានប្រកាសប្រឆាំងនឹងចក្រពត្តិនិយមបែបកុម្មុយនិស្ត។
ពិតប្រាកដណាស់ ពួក ប៊ុលហ្សេវិច បានលុបបំបាត់ចោលពួកអភិជនរបស់អធិរាជ ត្យ៉ា (Tsarist) និងបបង្ក្រាបមនុស្សធ្លាប់កាន់អំណាច ដែលមានប្រវត្តិផ្សេងៗគ្នា។ ជាឧទាហរណ៍ លោក ចូសែប ស្តាលីន មានដើមកំណើតជាជនជាតិ ហ្សកហ្ស៊ី ដែលនិយាយភាសារុស្សី។
ក្រុមអ្នកប្រាជ្ញលោកខាងលិច ទំនងជាគិតថា លោក ចូសែប ស្តាលីន កំពុងដឹកនាំរដ្ឋក្រោយរបបអាណានិគម ដោយផ្តោតលើបុគ្គល និងការប្រកាសជាផ្លូវការ ដែលក្រុមបណ្ឌិតសភា មកលោកខាងលិចជារឿយៗ មើលរំលងការពិត ដែលថា លោក ចូសែបស្តាលីន ឈ្លក់វង្វេងនឹងការថែរក្សាព្រំដែនសល់ពីចក្រពត្តិរុស្ស៊ី ហើយបានទទួលយកមធ្យោបាយដូចគ្នា គឺបោសសម្អាតជនជាតិដើមភាគតិច កម្ទេចចោលក្រុមនុស្សមិនគួរពេញចិត្ត បំផ្លាញចលនាជាតិនិយម ផ្តល់សិទ្ធិដល់ជនជាតិដើម និងឲ្យរៀនពីវប្បធម៌រុស្ស៊ី ដើម្បីរក្សាទុកពូកគេសម្រាប់ប្រើនាពេលអនាគត។
ជនអន្តោប្រវេសន៍មិនមែនជនជាតិរុស្ស៊ី ដែលបានរត់ភៀសខ្លួនទៅលោកខាងលិច ហើយបានសរសេរកត់ត្រាអំពីអាណានិគមសូវៀត ដោយរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន នៅក្នុងចក្រពត្តិនិយមសូវៀត ប៉ុន្តែគំនិតនេះត្រូវបានពួកបច្ចឹមប្រទេសទាត់ចោលទៀត ដោយចាត់ទុកថា ជាមនោគមវិជ្ជាអភិរក្សនិយមប្រឆាំងនឹងសហភាពសូវៀត។
អ្វីដែលសំខាន់ គឺសហភាពសូវៀត ក៏បានក្លាយជាកន្លែងសម្រាប់ព្យាករណ៍អំពីអ្នកស្វែងរកវិធីរិះគន់របបមូលធននិយម និងរបបចក្រពត្តិនិយមរបស់លោកខាងលិច។ អ្នកបន្ទោសរបបមូលធននិយម ដោយសារការគៀបសង្កត់ ដូច្នេះខ្លួនជឿថា ការលុបបំបាត់របបមូលធននិយម នឹងបញ្ចប់ការគៀបសង្កត់គ្រប់ទម្រង់។ សម្រាប់ពួកទាំងនេះ សហភាពសូវៀត គឺជាគម្រោងអន្តរជាតិនិយម ដែលនាំមកនូវសមភាព និងសេរីភាព ដល់ប្រជាជនធ្លាប់រងទុក្ខ។
អំពើហឹង្សាប្រឆាំងនឹងជាតិសាសន៍ផ្សេងៗ និងក្រុមជនជាតិដើមភាគតិច ត្រូវបានគេមិនអើពើ ឬចាត់ទុកជាអំពើអាក្រក់បំផុតនៃការផ្លាស់ប្តូរទៅរកលទ្ធិកុម្មុយនិស្ត។ ចំណែកកម្មវិធីសិក្សាផ្នែកអាហារូបករណ៍របស់លោកខាងលិច ក៏បានផ្តោតការយកចិត្តទុកដាក់ហួសហេត ចំពោះទីក្រុងធំៗរបស់សហភាពសូវៀត ដូចជាទីក្រុងមូស្គូ និងទីក្រុង ឡេនីក្រាដ។ ពួកគេបានយល់ដឹងតិចតួចណាស់ អំពីប្រទេសជាបរិវាររបស់សហភាពសូវៀត ដែលមានន័យថា គ្មាននរណាម្នាក់អាចយល់ច្បាស់អំពីការបះបោរនៅតាមបណ្តាប្រទេសក្នុងអាស៊ីកណ្តាល ឬប្រទេសនៅក្នុងតំបន់បាល់ទិក នាចុងទសវត្សរ៍ឆ្នាំ១៩៨០ ឬការបង្ហូរឈាម នៅក្នុងប្រទេសតាជីគីស្ថាន និងនៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក របស់ប្រទេស អាហ្សាបៃហ្សង់ និងនៅសាធារណៈរដ្ឋ ឆេកចិន។
ជំនាន់អ្នកប្រាជ្ញ ដែលចាប់ផ្តើមសិក្សាពីសហភាពសូវៀត នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដោយសារបទពិសោធន៍ផ្ទាល់ខ្លួន អំពីប្រទេសរបស់ពួកគេ។
នៅពេលធ្វើដំណើរជានិស្សិតបរទេសទៅកាន់ទីក្រុងមូស្គូ ពួកគេបានជួបឃើញមនុស្សក្រីក្រជាច្រើន ធ្នើរតាមកហាងលក់ទំនិញទទេស្អាត រីឯភាពក្រីក្ររីករាលដាល បានធ្វើឲ្យពួកគេគិតថា ជនជាតិរុស្ស៊ី ហាក់ដូចជាជនរងគ្រោះនៃរបបសហភាពសូវៀត ចំណែកផ្នែកហិរញ្ញវត្ថុវិញ ទីក្រុងមូស្គូរបស់សហភាពសូវៀត ហាក់ដូចជារីកចម្រើនជាងទីក្រុងធំៗរបស់ប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប ដែលពេញនិយមអួតបង្ហាញផ្នែកទ្រព្យសម្បត្តិ និងសម្ភារៈ។
ការរំលាយចោលនូវរបបអាណានិគម
ក្រោយពីផ្នត់គំនិតអាណានិគមបែបចាស់ចាប់ផ្តើមរលតរលាយនៅរុស្ស៊ី និងនៅទ្វីបអឺរ៉ុប ផ្នត់គំនិតអាណានិគមថ្មី បែរជារីករាលនៅទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អមដោយការសិក្សាស្រាវជ្រាវ និងការផ្តល់អាហារូបករណ៍ពីកេរដំណែលអាណានិគម និងបង្កើតឲ្យមានអំពើហិង្សា។
ផ្ទុយទៅវិញ ការរំដួលរលំសហភាពសូវៀត នាឆ្នាំ១៩១១ មិនមានលទ្ធផលអ្វីមួយគួរឲ្យទទួលស្គាល់ថា ប្លែកកេរតំណែលរបស់អធិរាជរុស្ស៊ីនោះទេ។ សម្រាប់ទីប្រជុំជនានានៅទ្វីបអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក ប្រទេសនៅក្នុងអឺរ៉ុប បានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់របស់ពួកអាណានិគម។ ពេលនោះ ការទទួលស្គាល់ប្រវត្តិសាស្រ្តនៃរបបអាណានិគម នៅក្នុងទ្វីបអឺរ៉ុប គឺស្ទើរតែគ្មានន័យសោះ ខណៈសារជាតិពិតនៃរបបអាណានិគមរបស់រុស្ស៊ី នៅតែដដែល គឺគ្មានការផ្លាស់ប្តូរឡើយ។
នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ គេចូលចិត្តនិយាយបំផុត គឺជាជនរងគ្រោះ។ ជនជាតិរុស្សីបានរៀនមើលខ្លួនឯងថាជាប្រជាជាតិល្អពិសេសមួយ ដែលបានលះបង់សុខុមាលភាពផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជន ដែលមិនមែនជាជនរុស្ស៊ី ប៉ុន្តែរស់នៅក្នុងសហភាពសូវៀត។ ពាក្យស្លោក ដែលជនជាតិរុស្សីធ្លាប់ប្រើ ដើម្បីពន្យល់គេ គឺការរំលាយចោលរបបអាណានិគម នាឆ្នាំ១៩៩១ បន្ទាប់ការដួលរលំនៃសហភាពសូវៀត។
អ្នកមានចំណេះដឹងជាច្រើន ជាពិសេសអ្នកធ្វើការក្នុងវិស័យអប់រំ និងនយោបាយ នៅទ្វីបអឺរ៉ុប ចូលចិត្តលោក មីខាអ៊ីល ហ្គោបាឆូវ (Mikhail Gorbachev) អតីតអគ្គលេខាធិកាសហភាពសូវៀត ដោយចាត់ទុកលោកជាវីរបុរស និងជាបុរសសន្តិភាពនិយម ព្រោះលោកជាអ្នកធ្វើឲ្យសហភាពសូវៀតដួលរលំ។ ពួកអ្នកប្រាជ្ញនៅទ្វីបអឺរ៉ុបទាំងនោះ គាំទ្រនយោយកំណែទម្រង់ ប៉េរ៉េសត្រយកា (Perestroika) របស់លោក មីខាអ៊ីល ហ្គោបាឆូវដែលនាំឲ្យមានយុគសម័យថ្មីនៃសេរីភាព និងសិទ្ធិបញ្ចេញមតិ នៅក្នុងដែនដីអតីតសហភាពសូវៀត។
លោក មីខាអ៊ីល ហ្គោបាឆូវ ត្រូវបានគេចាត់ទុកថា ជាបុរសទន់ភ្លន់ ចិត្តល្អ និងជាអ្នកប្រជាធិបតេយ្យម្នាក់ ដែលគេរំពឹងថា ជាដៃគូដ៏ល្អសម្រាប់ទសវត្សរ៍ខាងមុខ។ ពេលនោះសហរដ្ឋអាមេរិក ថែមទាំងមានឆន្ទៈក្នុងការផ្តល់ជំនួយដល់លោក ដើម្បីធ្វើកំណែទម្រង់ប្រទេសរុស្ស៊ី។
លោកសាស្រ្តាចារ្យ ម៉ាក វុនហាហ្គេន (Mark von Hagen) បានរំឮករឿងនេះ កាលពីឆ្នាំ២០១៦ អំពីបរិយាកាសនយោបាយនៅពេលនោះថា «ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក លោក ចច ប៊ុស (George Bush) ប្រឹងការពារលោក មីខាអ៊ីល ហ្គោបាឆូវ ពីព្រោះលោក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលនោះនៅកម្រិតនៅឡើយ ហើយរក្សាសហភាពសូវៀត ឲ្យនៅមួយកន្លែង ដោយសារតែពួកគេភ័យខ្លាចអំពើជា
តិនិយមបែបហ្វាស៊ីស ដែលមានប្រទេសអ៊ុយក្រែន ដើរតួមុនគេក្នុងការប្រកាន់យកគំនិតជាតិនយមជ្រុលនេះ»។
ក្រោយមកទៀត មជ្ឈដ្ឋានលោកខាងលិច និងមជ្ឈដ្ឋានអ្នកនយោបាយ មិនសូវនិយាយស្តីអំពីសង្គ្រាមប្រល័យពូជសាសន៍សាធារណរដ្ឋ ឆេកចិន ដែលបង្កឡើងដោយអតីតប្រធានាធិបតីរុស្ស៊ី គឺលោក បូរីស យ៉េលស៊ីន (Boris Yeltsin) និងលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ឡើយ ដោយសារគេចង់រក្សាទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ហើយមិនខ្វល់ចំពោះប្រទេសមួយចំនួន ដែលប្រឹងទាមទារអធិបតេយ្យភាព និងការពារជាតិសាសន៍របស់ខ្លួន ប៉ុន្តែពួកអឺរ៉ុបបែរជានាំគ្នាហៅប្រទេសទាមទារផ្តាច់ខ្លួនពីរុស្ស៊ីទាំងនោះ ដូចជាសាធារណរដ្ឋ ឆេកចិន ថាជាពួកចោរ ពួកជាតិនិយមជ្រុល និងជាក្រុមភេរវករ។ នោះហើយជាមូលហេតុ ដែលពួកគេរំលងមហិច្ឆតារបស់ចក្រភពរុស្ស៊ី នៅលើដែនដីទ្វីបអឺរ៉ុបខាងកើត ដូចជាសង្គ្រាមរុស្ស៊ី ឈ្លានពានប្រទេសហ្សកហ្ស៊ី នាឆ្នាំ២០០៨ និងលេបត្របាក់យកឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែន។
ចំណែកលោកស្រីសាស្រ្តាចារ្យ ស៊ូសាន ស្មីតភីតធើ (Susan Smith-Peter) កាលពីពេលថ្មីៗនេះ បានធ្វើអត្ថាធិប្បាយថា «ក្នុងនាមជាអ្នកប្រាជ្ញរបស់ប្រទេសរុស្ស៊ី យើងត្រូវស្វែងយល់ពីសារបាន ដើម្បីមើលឲ្យឃើញរបបៀប និងទស្សនៈអំពីប្រភពដើមនៃរដ្ឋរុស្ស៊ី។ តើយើងបានចូលរួមលើកតម្កើងរដ្ឋរុស្ស៊ី ដែលលោក វ៉្លាឌីមៀ ពូទីន កំពុងតែគ្រប់គ្រងដែរទេ? តើយើងមិនចាត់ទុកប្រទេស អ៊ុយក្រែន ជារដ្ឋឯករាជ្យមួយ ដែលគ្មានប្រវត្តិសាស្ត្ររបស់ខ្លួនមែនទេ?»៕