ក្រុងញូវដែលី៖ មេដឹកនាំ​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G7 នឹង​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ ដើម្បី​ពិភាក្សាគ្នា​រក​វិធានការ​ដាក់​សម្ពាធ​លើរដ្ឋាភិបាលក្រុង​ម៉ូស្គូ ​ឲ្យ​បញ្ចប់​សង្រ្គាមបង្ហូរឈាមនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី (Shunichi Suzuki) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេស G7 ដែលគ្រោងធ្វើឡើងនៅទីក្រុង បេងហ្គាឡារូ ប្រទេសឥណ្ឌា។  

កិច្ចប្រជុំ​នេះ​នឹង​កើតឡើង​ជិត​មួយឆ្នាំ​ម្តង ចាប់តាំងពី​រុស្ស៊ី ​បានលើកទ័ពចូល​ឈ្លានពានប្រទេស​អ៊ុយ​ក្រែ​ន ដែល​​ក្រុមប្រទេស G7 និង​ប្រទេស​ផ្សេងទៀត​ បាន​ចាត់វិធានការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ក៏ដោយ។

លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការគាំទ្រអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សានេះ។  យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំមកពីប្រទេស G7 និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្ម ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ គឺឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន»។

ប្រទេសជប៉ុនធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G7 នៅឆ្នាំនេះ ក្នុងការដំណើរការរហូតដល់កិច្ចប្រជុំកំពូលរបស់ដឹកនាំប្រទេស G7 ដែលគ្រោងធ្វើពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។  

ប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំ G7 នឹងត្រូវធ្វើឡើងនៅក្រោយក្នុងសប្តាហ៍នេះ ដោយមានការប្រមូលផ្តុំកាន់តែច្រើននៃមេដឹកនាំហិរញ្ញវត្ថុ G20 មកពីបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ របស់ពិភពលោក ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។

សង្រ្គាមអ៊ុយក្រែន និងសេដ្ឋកិច្ចពិភពលោក ត្រូវគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា របស់មេដឹកនាំប្រទេស G20 ។

ក្រុមនេះនឹងពិភាក្សាអំពីអតិផរណា ដែលកើនឡើងដោយសារសង្គ្រាមរបស់រុស្ស៊ី រហូតបង្កឲ្យមានវិបត្តិថាមពល និងតម្លៃម្ហូរអាហារ និងបង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ចទីផ្សារ ដល់ប្រទេសកំពុងរីកចម្រើន ដែលកំពុងប្រឈមនឹងបញ្ហាបំណុល។  

ចំណែកមន្ត្រីជាន់ខ្ពស់ជប៉ុន បាននិយាយនៅថ្ងៃនេះថា ការខកខានក្នុងការសងបំណុល សម្រាប់ទីផ្សារកំពុងរីកចម្រើន អាចនាំឲ្យមានវិបត្តិហិរញ្ញវត្ថុ។

លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី បាននិយាយថា «តាមរយៈការចូលរួមចំណែកនៅក្នុងកិច្ចពិភាក្សាលើបញ្ហាទាំងនេះ យើងសង្ឃឹមថា វានឹងផ្តល់លទ្ធផលល្អៗ ដែលនឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថិរភាព និងនិរន្តរភាព»៕

By Ana

You missed