មូស្គូ៖ ស្ត្រីជនជាតិរុស្សីមានផ្ទៃពោះ ជាង៥ ០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានធ្វើដំណើរតាមយន្តហោះសម្រុកទៅកាន់ប្រទេសអាហ្សង់ទីន ដើម្បីសម្រាលកូននៅទីនោះ ដោយសង្ឃឹមទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ។
ទីភ្នាក់ងារផ្នែកចំណាកស្រុករបស់ប្រទេសអាហ្សង់ទីន បានបញ្ជាក់ថា ភាគច្រើននៃស្ត្រីមានផ្ទៃពោះទាំងនេះ គឺជិតគ្រប់ខែ ដែលនៅសល់ប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវសម្រាលកូន។
ក្នុងចំណោមស្ត្រី៣៣នាក់ ដែលបានមកដល់រដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន តាមជើងហោះហើរមួយ កាលពីថ្ងៃព្រហស្បតិ៍ មានស្ត្រីបីនាក់ ត្រូវនគរបាលអាហ្សង់ទីន ចាប់ឃុំខ្លួនដោយសារតែខ្វះឯកសារ ប៉ុន្តែក្រោយមកត្រូវបានដោះលែងទៅវិញ។ ភាគច្រើននៃស្ត្រីជនជាតិរុស្ស៊ីមានផ្ទៃពោះទាំងនោះ បានអះអាងថា ពួកគេមកលេងប្រទេសអាហ្សង់ទីន ក្នុងនាមជាអ្នកទេសចរតែប៉ុណ្ណោះ។
នគរបាលអាហ្សង់ទីន បាននិយាយថា ស្ត្រីទាំងនេះមិនមែនមកដើរលេងទេ ប៉ុន្តែចង់ឲ្យកូនរបស់ពួកគេមានសញ្ជាតិអាហ្សង់ទីន អាចប្រើលិខិតឆ្លងដែនអាហ្សង់ទីន ព្រោះវាល្អជាងលិខិតឆ្លងដែនរបស់រុស្ស៊ី។
មន្ត្រីនគរបាលបានបញ្ជាក់ថា ពួកគេមកប្រទេសអាហ្សង់ទីន ដើម្បីសម្រាលកូន ហើយទទួលបានសំបុត្រកំណើតសញ្ជាតិអាហ្សង់ទីន រួចហើយពួកគេធ្វើដំណើរទៅប្រទេសរុស្ស៊ីវិញ។
លិខិតឆ្លងដែនរបស់អាហ្សង់ទីនមានគេទទួលស្គាល់ច្រើនណាស់ នៅទូទាំងពិភពលោក អាចឲ្យអ្នកកាន់លិខិតឆ្លងដែនធ្វើដំណើរចូល១៧១ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ ខណៈសញ្ជាតិរុស្ស៊ីអាចធ្វើដំណើរដោយគ្មានទិដ្ឋាការបានតែ៨៧ប្រទេសប៉ុណ្ណោះ។
យោងតាមសាវតារឿងនេះ ឪពុកម្តាយ ដែលមានកូនទទួលបានសញ្ជាតិអាហ្សង់ទីន ក៏ឆាប់ទទួលបានសញ្ជាតិអាហ្សង់ទីនផងដែរ។ ការធ្វើដំណើរទៅកាន់ប្រទេសលោកខាងលិច បានបង្កការលំបាកសម្រាប់ជនជាតិរុស្ស៊ី ចាប់តាំងពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលនាំឲ្យកិច្ចព្រមព្រៀងផ្នែកទិដ្ឋាការរវាងសហភាពអឺរ៉ុប និងរុស្ស៊ីត្រូវ បានលុបចោលទៅវិញ។
ចំណែកប្រទេសមួយទៀត ក៏ឈប់ផ្តល់ទិដ្ឋាការទេសចរណ៍សម្រាប់ជនជាតិរុស្សី ផងដែរ។ គេហទំព័រមួយផ្សាយជាភាសារុស្សី បានប្រកាសផ្តល់ការលើកទឹកចិត្តផ្សេងៗដល់ម្តាយ ដែលចង់សម្រាលកូននៅក្នុងប្រទេសអាហ្សង់ទីន។
គេហទំព័រនេះដដែលនេះ បានផ្សាយពាណិជ្ជកម្មទៀតថា អ្នកចង់សម្រាលកូននៅក្នុងប្រទេសអាហ្សង់ទីន នឹងមានសេវាទៅទទួលដល់ព្រលានយន្តហោះ និងមានបញ្ចុះតម្លៃសម្រាប់ការសម្រាកនៅក្នុងមន្ទីរពេទ្យអាហ្សង់ទីន។ ការលើកទឹកចិត្តនេះ មានការចុះតម្លៃសំបុត្រយន្តហោះសម្រាប់កៅអ៊ីថ្នាក់សេដ្ឋកិច្ច នៅត្រឹមតែ៥ ០០០ដុល្លារ ចំណែកកៅអ៊ីសម្រាប់ថ្នាក់ទី១ ត្រឹមតែ១៥ ០០០ដុល្លារ៕