អ៊ីស្លាម៉ាបាដ៖ ក្រុមប្រដាប់អាវុធតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន បានព្រមានសម្លាប់មេដឹកនាំគណបក្សកាន់អំណាចសំខាន់ៗ របស់ប្រទេសប៉ាគីស្ថាន ដែលបានប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្ម។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ថា ជាតាក្រុមមនោគមវិជ្ជាតាលីបង់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ បានកំណត់ឈ្មោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេបាស ហ្សាវីហ្វ (Shehbaz Sharif) និងរដ្ឋមន្ត្រីការបរទេស លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី (Bilawal Bhutto Zardari) គឺជាគោលដៅត្រូវធ្វើឃាដ ប្រសិនបើនៅតែបន្តសកម្មភាពប្រកាសសង្គ្រាមជាមួយក្រុមនិយមតាលីបង់ ក្នុងទឹកដីប៉ាគីស្ថាន។
លោក ហ្សេបាស ហ្សាវីហ្វ បានរួមជាមួយគណបក្សរបស់លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី បង្កើតជារដ្ឋាភិបាលរដ្ឋាភិបាលចម្រុះដឹកនាំប្រទេសប៉ាគីស្ថាន បន្ទាប់ពីបានទម្លាប់មេដឹកនាំជាប់ឆ្នោត តាមរយៈដកការទុកចិត្តនៅក្នុងសភា។
អ្នកនាំពាក្យក្រុមប្រដាប់អាវុធនិយមតាលីបង់ នៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើគណបក្សទាំងពីរនេះ នៅតែប្រកាន់ជំហរដដែល នោះនឹងមានវិធានការប្រឆាំងនឹងមេដឹកនាំនៃគណបក្សទាំងពីរនេះ។ អ្នកផ្សេងទៀតគួរតែកុំនៅជិតមនុស្សទាំងពីរនាក់នេះ។
សេចក្តីថ្លែងការណ៍ដដែល បានព្រមានថា «គោលដៅរបស់យើង គឺកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន ដែលកំពុងតែធ្វើសកម្មភាពតាមការចង់បានរបស់បស្ចិមប្រទេស ប៉ុន្តែផ្ទុយនឹងផលប្រយោជន៍របស់ប្រទេសប៉ាគីស្ថាន»។
ការគំរាមកំហែងសម្លាប់របស់ក្រុមប្រដាប់អាវុធនិយមតាលីបង់ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីស្ថាប័នសន្តិសុខកំពូលរបស់ប្រទេសប៉ាគីស្ថាន គឺគណៈកម្មាធិការសន្តិសុខជាតិ បានប្រកាសពីការតាំងចិត្តរបស់ខ្លួនក្នុងការបង្ក្រាបអំពើភេរវកម្ម នៅក្នុងប្រទេសប៉ាគីស្ថាន។
កាលពីខែវិច្ឆិកា ក្រុមប្រដាប់អាវុធនិយមតាលីបង់ បានលុបចោលជាឯកតោភាគីនូវបទឈប់បាញ់រវាងក្រុមតាលីបង់អាហ្វហ្គានីស្ថាន ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ហើយបានបញ្ជាឲ្យក្រុមយុទ្ធជនរបស់ខ្លួន បើកការវាយប្រហារបន្ថែមទៀត។ រដ្ឋាភិបាលប៉ាគីស្ថាន បានចោទប្រកាន់ក្រុមតាលីបង់ដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ម្តងហើយម្តងទៀត ផ្តល់ជម្រកដល់អ្នកដឹកនាំភេរវកម្ម ប្រឆាំងប៉ាគីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធ ក្រុមប្រដាប់អាវុធនិយមតាលីបង់ បានចោទប្រកាន់មេដឹកនាំកំពុងកាន់អំណាចប្រទេសប៉ាគីស្ថានថា បានធ្វើការតាមការតែបញ្ជារបស់សហរដ្ឋអាមេរិក ដោយប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមខ្លួន។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះសេចក្តីប្រកាសគណៈកម្មាធិការសន្តិសុខប៉ាគីស្ថាន ដែលប្រកាសចាត់វិធានការបង្ក្រាបអំពើភេរវកម្មនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍បាននិយាយឡែបខាយថា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី កំពុងប្រឹងបំពេញតណ្ហាស្រេកឃ្លានសម្រាប់ម្តាយរបស់ខ្លួន ហើយម្តាយនោះ គឺសហរដ្ឋអាមេរិក។
ម្តាយបង្កើតរបស់លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គឺលោកស្រី បេណាសៀ ប៊ូតូ (Benazir Bhutto) ត្រូវបានគេធ្វើឃាត អំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងឆ្នាំ២០០៧ ដែលជាពេលក្រុមប្រដាប់អាវុធនិយមតាលីបង់ កំពុងតែមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន។
បុរសប្រាំនាក់ ដែលជាបណ្តាញរបស់ក្រុមប្រដាប់អាវុធនិយមតាលីបង់ ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានរួចទោស ដោយសារខ្វះភ័ស្តុតាង ប៉ុន្តែពួកគេនៅតែជាប់ឃុំក្នុងគុក ពីបទចោទប្រកាន់ផ្សេងទៀត។
នៅឆ្នាំបន្ទាប់មកទៀត មេដឹកនាំក្រុមប្រដាប់អាវុធនិយមតាលីបង់ បានទទួលស្គាល់ថា ក្រុមខ្លួនបានធ្វើឃាតលោកស្រី បេណាសៀ ប៊ូតូ ពីព្រោះលោកស្រីមាននិន្នាការងារទៅរកសហរដ្ឋអាមេរិក ហើយប្រឆាំងនឹងក្រុមប្រដាប់អាវុធនិយមតាលីបង់៕