មូស្គូ៖ ប្រទេសរុស្ស៊ីបាននិយាយថា ទាហានរបស់ខ្លួនចំនួន៦៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារពីអ៊ុយក្រែន នៅថ្ងៃចូលឆ្នាំថ្មី លើបន្ទាយបណ្តោះអាសន្នមួយ ស្ថិតនៅក្នុងតំបន់ដូណែត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងបញ្ជាពីចម្ងាយចំនួនប្រាំមួយគ្រាប់ ដាក់មូលដ្ឋានយោធា នៅភាគខាងកើតអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ប៉ុន្តែបួនគ្រាប់ទៀតបានធ្លាក់ចំអគារ។
ក្រសួងការពារជាតិរុស្ស៊ី បានធ្វើឡើងបែបនេះ បន្ទាប់ពីក្រសួងទំនាក់ទំនងយុទ្ធសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយ កាលពីល្ងាចថ្ងៃអាទិត្យថា ទាហានរុស្ស៊ីប្រមាណ៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ចំណែក៣០០នាក់ ផ្សេងទៀតបានរងរបួស។
មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ដូណែត ដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយថា មហាវិទ្យាល័យវិជ្ជាជីវៈមួយ បានរងការខូចខាតដោយសារមីស៊ីលផ្លោងរបស់អ៊ុយក្រែន កាលពីរំលងអធ្រាត្រថ្ងៃសៅរ៍។
មន្ត្រីរូបនោះ បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យ តាមតេឡេក្រាមថា ការវាយប្រហារពីអ៊ុយក្រែននេះ ពិតជាមានមនុស្សស្លាប់ និងរបួសច្រើនមែន ប៉ុន្តែចំនួនពិតប្រាកដ មិនទាន់ដឹងនៅឡើយ។ ចំណែកអគារមហាវិទ្យាល័យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទាហានរុស្ស៊ីបានបាញ់បង្ហោះដ្រូនអត្តឃាតផលិតដោយអ៊ីរ៉ង់រាប់សិបគ្រឿង កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ចំណែកទាហានអ៊ុយក្រែនវិញ បាននិយា កាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីចំនួន៣៩គ្រឿង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky កាលពីថ្ងៃអាទិត្យ បានសរសើរប្រជាជនអ៊ុយក្រែន ដែលសម្តែងការដឹងគុណចំពោះកងទ័ពរបស់ខ្លួន ហើយបាននិយាយថា ការខិតខំប្រឹងប្រែងរបស់រុស្ស៊ីនឹងគ្មានប្រយោជន៍។
លោកបាននិយាយទៀតថា ការវាយប្រហាររុស្ស៊ី ដែលបានធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ រស់នៅក្នុងរដូវរងាគ្មានកម្តៅក្នុងផ្ទះ និងគ្មានថាមពលអគ្គិសនី គឺក្នុងបំណងកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ទាហានអ៊ុយក្រែន ហើយជាអំពើឧក្រិដ្ឋកម្មសង្គ្រាម។
សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានរីកធំជាងសង្គ្រាមនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបណ្តេញមនុស្សរាប់លាននាក់ ចេញពីផ្ទះសម្បែង ចំណែកអគារលំនៅឋានក្លាយទៅជាគំនរបាក់បែក។
ទោះបីជាមានការបង្ហូរឈាមកាន់តែខ្លាំងក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា នឹងមិនមានការបន្ធូរបន្ថយក្នុងការវាយលុកឡើយ ហើយថ្មីៗនេះ ទីក្រុងម៉ូស្គូ បានច្រានចោលផែនការចរចារកសន្តិភាព ដែលដាក់ចេញដោយមេដឹកនាំអ៊ុយក្រែន។
សំណើ១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី គឺទាមទាររុស្ស៊ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន និងដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ុយក្រែន។ ប៉ុន្តែវិមានក្រឹមឡាំងទទូចថា ទីក្រុងកៀវ ត្រូវតែទទួលស្គាល់ការកាត់បញ្ចូលទឹកដីអ៊ុយក្រែននៅភាគខាងកើតជារបស់រុស្ស៊ី មានតំបន់លូហាន និងដូណែត និងនៅភាគខាងត្បូង មានតំបន់ឃើសុន និងតំបន់ងហ្សាប៉ូរីហ្សា ដែលក្រុងម៉ូស្គូអះអាងជាឯកតោភាគីថា ជាទឹកដីរបស់ខ្លួនតាមរយៈការបោះឆ្នោតប្រជាមតិ កាលពីខែកញ្ញា ឆ្នាំ២០២២៕