ក្រុងគៀវ៖ ប្រជាជនអ៊ុយក្រែនប្រឈមនឹងការចាប់ផ្តើមចូលឆ្នាំថ្មី ឆ្នាំអាក្រក់ ឆ្នាំ២០២៣ ដោយសារការវាយប្រហារដោយកាំជ្រួចមីស៊ីល និងដ្រូនរបស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃចូលឆ្នាំថ្មី នៅពេញប្រទេសអ៊ុយក្រែនតែម្តង ដើម្បីរំខានថ្ងៃចូលឆ្នាំថ្មី។
ស៊ីរ៉ែនប្រកាសអាសន្នពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃអាទិត្យ អមដោយកាំជ្រួចមីស៊ីល ដើម្បីរំខានដល់ការប្រារព្ធពិធីតូចៗរបស់អ្នកស្រុក ដែលធ្វើឡើងនៅតាមផ្ទះ ដោយសារតែបម្រាមគោចរក្នុងសម័យសង្គ្រាម។ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺឡើង មនុស្សមួយចំនួនបានស្រែកពីយ៉រផ្ទះរបស់ពួកគេថា «សិរីសួស្តីដល់អ៊ុយក្រែន! សិរីសួស្តីដល់វីរបុរស!”។
នៅក្នុងសុន្ទរកថា ជាវីដេអូមួយ កាលពីយប់ថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានសរសើរស្មារតីរួបរួម និងភាពពិតប្រាកដនៃជីវិតរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។
លោកបាននិយាយថា «រុស្សីនឹងមិនដកទ័ពចេញពីអ៊ុយក្រែន ក្នុងយៈពេលមួយឆ្នាំទេ។ រុស្ស៊ីមិនអាចយកឯករាជ្យរបស់យើងបានទេ។ យើងនឹងមិនប្រគល់អ្វីទាំងអស់។ ដ្រូនអត្តឃាត កាំជ្រួច និងអ្វីៗផ្សេងទៀត មិនអាចជួយរុស្ស៊ីបានទេ ព្រោះយើងរួបរួមគ្នា»។
លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយទៀតថា កងកម្លាំងអ៊ុយក្រែន នៅលើអាកាស និងនៅលើដី បានបាញ់ទម្លាក់ដ្រូនអត្តឃាត ផលិតដោយអ៊ីរ៉ង់អស់ចំនួន៤៥គ្រឿង ដែលបាញ់ដោយកងទ័ពរុស្ស៊ី កាលពីយប់ថ្ងៃសៅរ៍ និងមុនថ្ងៃរះនៅថ្ងៃអាទិត្យ។
ការបំផ្ទុះជាច្រើនបានអង្រួនរដ្ឋធានីគៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ និងពេញមួយយប់ ដោយបានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស។
អគារ និងបរិវេណរបស់សាកលវិទ្យាល័យជាតិធំបំផុតរបស់អ៊ុយក្រែន ស្ថិតក្នុងទីក្រុងគៀវ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់មីស៊ីលរបស់រុស្ស៊ី។
រុស្ស៊ីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារក្នុងឆ្នាំថ្មីរបស់ខ្លួនបានផ្តោតទៅលើកន្លែងនៃអគារឧស្សាហកម្មសម្រាប់ យោធាអ៊ុយក្រែន ដែលជាកន្លែងផលិតដ្រូន។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា «កន្លែងរក្សាទុក និងកន្លែងបាញ់បង្ហោះដ្រូន ក៏ត្រូវបានបំផ្លាញផងដែរ។ផែនការនៃរបបក្រុងកៀវក្នុ ងការវាយប្រហារភេរវកម្មប្រឆាំងនឹងរុស្ស៊ី នាពេលខាងមុខត្រូវបានរារាំង»។
លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សារបស់លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា ការវាយប្រហារក្នុងថ្ងៃចូលឆ្នាំថ្មីពីរុស្ស៊ី បានផ្តោតទៅលើតំបន់កណ្តាលនៃទីក្រុងធំៗ ហើយបានចង្អុលបង្ហាញពីការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។
លោកបានសរសេរសារនៅលើបណ្តាញសង្គមថា «រុស្ស៊ីលែងមានគោលដៅវាយប្រហារលើទីតាំងយោធាអ៊ុយក្រែនទៀតហើយ ប៉ុន្តែកំពុងព្យាយាមសម្លាប់ជនស៊ីវិលអ៊ុយក្រែនឲ្យបានច្រើន និងបំផ្លាញកន្លែងរស់នៅរបស់ជនស៊ីវិលបន្ថែមទៀត»។
ការវាយប្រហារនេះបានកើតឡើង ក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលផ្លោងយ៉ាងសង្គ្រប់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផលិត និងចែកចាយថាមពលអគ្គិសនី។ រុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងផលិតថាមពលថាមពលអគ្គិសនី និងស្ថានីយ៍ផ្គត់ផ្គង់ទឹករបស់អ៊ុយក្រែន ស្ទើរតែរៀងរាល់សប្តាហ៍ ចាប់តាំងពីខែតុលា ឆ្នាំ២០២២។
គ្រាប់មីស៊ីល និងគ្រាប់បែករបស់រុស្ស៊ី បានធ្វើឲ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់រស់នៅដោយគ្មានកម្តៅក្នុងផ្ទះ នារដូវរងារ និងគ្មានថាមពលអគ្គិសនី ដោយសារតែការខូចខាត ឬការដាច់ចរន្តអគ្គិសនី៕