កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបន្តផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡឺស័ក នៅតាមមណ្ឌលចត្តាឡឺស័ក ក្នុងខេត្តកំពង់ចាម ឲ្យបង្កើនការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមសហគមន៍ ខណៈមានព្រឹត្តិការណ៍២០កុម្ភៈកើតឡើង។
លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៃខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខអ្នកកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពេញសកលលោក។
ចំពោះករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២របស់រដ្ឋបាលខេត្ត មានចំនួនពីរទីតាំង ក្នុងក្រុងកំពង់ចាមក្នុង ដូចជានៅសណ្ឋាគារមេគង្គ មាន៧១បន្ទប់ស្មើនឹង១៤២គ្រែ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានបីអាគារ មានចំនួន៩បន្ទប់ ស្មើនឹង៤៤៣គ្រែ ដោយមានការផ្គត់ផ្គង់នូវម្ហូបអាហារ ថ្នាំសង្កូវជាប្រចាំនៅតាមមណ្ឌលចត្តាឡឺស័កនីមួយៗ។
ក្នុងពេលត្រួតពិនិត្យតាមមណ្ឌលចត្តាឡីស័កនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឬអ្នកចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក ត្រូវធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅទីនោះ ខណៈមានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។
លោកអភិបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា «សុំប្រជាពលរដ្ឋត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងចាំបាច់ គឺត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តវិធានការពារសុខភាពសាធារណៈ គឺរស់នៅតាមគន្លងថ្មី ដោយមានអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាមវិធាន៣កុំ និង៣ការពាររបស់រាជរដ្ឋាភិបាល៕