ព្រុចសែល៖ ប្រធានសភាអឺរ៉ុប បានព្រមានថា លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប កំពុងរងការវាយប្រហារ បន្ទាប់ពីការចោទប្រកាន់ថា ប្រទេសកាតាបានសូកប៉ាន់មន្ត្រីសហភាពអឺរ៉ុបដើម្បីមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅក្នុងសហគមន៍អឺរ៉ុប។
លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុប បាននិយាយថា សង្គមប្រជាធិបតេយ្យបើកចំហ និងសេរី កំពុងរងការវាយប្រហារ ដោយសារអំពើពុករលួយនេះ។
ប៉ូលិសប្រទេសបែលហ្ស៊ិក បានចាប់ខ្លួនមនុស្សបួននាក់ ក្នុងនោះមានអនុប្រធានសភាអឺរ៉ុប គឺលោកស្រី អេវ៉ា កៃលី (Eva Kaili) មកពីប្រទេសក្រិក។
អ្នកទាំងបួនត្រូវបានតុលាការប្រទេសបែលហ្សិក ចោទប្រកាន់ពីបទពុករលួយ និងលាងលុយកខ្វក់។
ចំណែកប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា ការចោទប្រកាន់នេះ គឺធ្ងន់ធ្ងរណាស់ ហើយបានអំពាវនាវឲ្យបង្កើតស្ថាប័នក្រមសីលធម៌ថ្មីមួយ ដើម្បីត្រួតពិនិត្យបញ្ហានេះ ពាក់ព័ន្ធជាមួយសមាជិកសភាអឺរ៉ុប។
ប៉ូលិសប្រទេឋ បែលហ្ស៊ិក រឹបអូសបានប្រាក់ប្រហែល៦៣២.០០០ដុល្លារ ក្នុងការឆែកឆេរចំនួន១៦កន្លែង នៅទីក្រុងព្រុចសែល កាលពីថ្ងៃសុក្រ។ ចំណែកកុំព្យូទ័រ និងទូរសព្ទដៃ របស់លោកស្រី អេវ៉ា កៃលី ក៏ត្រូវប៉ូលីសរឹបអូសផងដែរ។
មិនមានជនសង្ស័យណាផ្សេងទៀត ត្រូវបានបង្ហាញឈ្មោះជាសាធារណៈនោះទេ ប៉ុន្តែលោកស្រី អេវ៉ា កៃលី ត្រូវបានគេយល់ថា ជាមនុស្សដ៏សំខាន់ត្រូវបានចោទប្រកាន់មុនគេ។
លោកស្រី ដែលជនជាតិក្រិក និងកាន់តំណែងជាអនុប្រធានសភាអឺរ៉ុប រយៈពេលប្រាំបីឆ្នាំ ត្រូវបានព្យួរពីតួនាទីជាអនុប្រធាន និងត្រូវបានបណ្តេញចេញពីសមាជិកគណបក្សរបស់ក្រិក។
រដ្ឋអាជ្ញានៅប្រទេសក្រិក ក៏បានបង្កកទ្រព្យសម្បត្តិរបស់លោកស្រី អេវ៉ា កៃលី ទាំងអស់ផងដែរ។
ក្រុមអ្នកឃ្លាំមើល និងតំណាងគណបក្សប្រឆាំង បាននិយាយថា ការស៊ើបអង្កេតពីបទស៊ីសំណូក អាចជារឿងអាស្រូវពុករលួយដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់សភាអឺរ៉ុប។
នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក វិចទ័រ អោបាន (Viktor Orban) ដែលជារដ្ឋសមាជិក ប៉ុន្តែតែងតែនិយាយរិះគន់សហភាពអឺរ៉ុបជាញឹកញាប់ បានចំអកសហភាពអឺរ៉ុប បន្ទាប់ពីការចោទប្រកាន់រឿងពុលរលួយនេះ។
រដ្ឋអាជ្ញាក្នុងប្រទេសបែលហ្សិក បាននិយាយថា ពួកគេសង្ស័យថា ប្រទេសកាតា បានសូកប៉ាន់ដើម្បីមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់សភាអឺរ៉ុប អស់រយៈពេលជាច្រើនខែកន្លងមកហើយ ជាពិសេសតាមរយៈការកំណត់គោលដៅផ្តល់ជំនួយ។
រដ្ឋាភិបាលប្រទេសកាតា បាននិយាយបដិសេធថា ការចោទប្រកាន់រឿងពុករលួយ គឺជាព័ត៌មានមិនពិត។
សភាអ៊ឺរ៉ុប គឺជាស្ថាប័នជាប់ឆ្នោតដោយផ្ទាល់តែមួយគត់របស់សហភាពអឺរ៉ុប ហើយសមាជិកសភាសរុបចំនួន៧០២នាក់ ត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតក្នុងប្រទេសចំនួន២៧ ដែលជាប្រទេសបង្កើតជាសហភាពអឺរ៉ុប៕