វ៉ាស៊ីនតោន៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំនាក់បានស្លាប់ និង ១៨នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីសម្រាប់មនុស្សស្រលាញ់ភេទដូចគ្នា នៅក្នុងរដ្ឋ កូឡូរ៉ាដូ សហរដ្ឋអាមេរិក។
ជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ អែនឌឺសុន លីអាល់ឌ្រិច (Anderson Lee Aldrich) អាយុ២២ឆ្នាំ និងមេប៉ូលីសក្រុង កូឡូរ៉ាដូ ស្ព្រីង បាននិយាយកាលពីថ្ងៃអាទិត្យថា ជននេះបានប្រើ កាំភ្លើងវែង ហើយបានចាប់ផ្តើមបាញ់ភ្លាមៗបន្ទាប់ពីចូលទៅក្នុងក្លឹបរាត្រី។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «យ៉ាងហោចណាស់មានបុរសពីរនាក់នៅក្នុងក្លឹបបានប្រឈមមុខ និងប្រយុទ្ធជាមួយជនសង្ស័យ ហើយអាចបញ្ឈប់ជនសង្ស័យមិនឲ្យបន្តសម្លាប់ និងធ្វើបាបអ្នកដទៃ។
លោកបាននិយាយបញ្ជាក់ថា ជនសង្ស័យកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ហើយកំពុងព្យាបាលរបួស។
ក្លឹមកម្សាន្តសម្រាប់មនុស្សខ្ទើយ ជាកន្លែងមានការវាយប្រហារកើតឡើងនោះ បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Facebook ដោយនិយាយថា ក្លឹបត្រូវត្រូវបានបំផ្លិចបំផ្លាញពីការវាយប្រហារ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា «យើងបួងសួង និងចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ និងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ យើងសូមអរគុណចំពោះប្រតិកម្មរហ័សរបស់អតិថិជន ដែលបានបង្ក្រាបខ្មាន់កាំភ្លើង និងបញ្ចប់ការវាយប្រហារដ៏ស្អប់ខ្ពើមនេះ»។
នៅលើ Google ក្លឹបនេះ បានពិពណ៌នាខ្លួនឯងថាជាក្លឹបរាត្រីសម្រាប់មនុស្សប្រុសស្រលាញ់ភេទដូចគ្នា និងស្ត្រីស្រឡាញ់ភេទដូចគ្នា សម្រាប់មនុស្សពេញវ័យ ដែលរៀបចំកម្មវិធីរាត្រីដូចជាខារ៉ាអូខេ និងរាំរែក។
ប៉ូលិសនៅមិនទាន់ផ្តល់ព័ត៌មានអំពីមូលហេតុ
នៅពីក្រោយនៃការវាយប្រហារនេះនៅឡើយទេ។
រូបភាពពីកន្លែងកើតហេតុ បន្ទាប់ពីការបាញ់ប្រហារ បានបង្ហាញឲ្យឃើញរថយន្តសន្តិសុខ និងរថយន្តសង្គ្រោះបន្ទាន់ ដែលមានពន្លឺភ្លឹបភ្លែតៗ ចតនៅតាមផ្លូវក្បែរកន្លែងកម្សាន្ត។
ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិអាមេរិក មិនអាច និងមិនត្រូវអត់ឱនចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះបានឡើយ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមានថា «ទីកន្លែងដែលគេសន្មត់ថាជាកន្លែងសុវត្ថិភាពសម្រាប់ប្រារព្ធពិធីកម្សាន្តសប្បាយ មិនគួរណាត្រូវបានប្រែក្លាយទៅជាកន្លែងប្រព្រឹត្តអំពើភេរវកម្ម និងអំពើហឹង្សាឡើយ។ ប៉ុន្តែវាកើតឡើងញឹកញាប់ពេក។ យើងត្រូវតែលុបបំបាត់ពីភាពមិនស្មើភាព ដែលបង្កឲ្យមានអំពើហិង្សាប្រឆាំងនឹងមនុស្សខ្ទើយ»។
សមាជិកព្រឹទ្ធសមាជិក ប្រចាំរដ្ឋ កូឡូរ៉ាដូ បានសរសេរនៅលើ Twitter ថា «យើងត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារក្រុមនុស្សខ្ទើយនិងឈរយ៉ាងរឹងមាំប្រឆាំងនឹងការរើសអើង និងការស្អប់នៅក្នុងគ្រប់ទម្រង់»។
អាជ្ញាធរបាននិយាយថា ក្នុងឆ្នាំ២០១៦ មានមនុស្ស៥០នាក់ ត្រូវបានសម្លាប់ រួមទាំងអ្នកវាយប្រហារផង ហើយយ៉ាងហោចណាស់មនុស្ស ៥៣នាក់ បានរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងក្លឹបកម្សាន្តសម្រាប់មនុស្សខ្ទើយ ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលជាការបាញ់ប្រហារដ៏ធំបំផុតមួយមកលើក្រុមមនុស្សស្រលាញ់ភេទដូចគ្នា នៅក្នុងប្រវត្តិសាស្ត្រអាមេរិកាំង៕