សេអ៊ូល៖ មនុស្សជាង១៥០នាក់ បានស្លាប់ក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅប្រទេសកូរ៉េខាងត្បូង និងមនុស្សជាង១៥០នាក់ទៀត បានរងរបួសក្នុងអំឡុងពេលរត់ជាន់គ្នា នៅលើផ្លូវតូចចង្អៀតមួយក្នុងទីក្រុងសេអ៊ូល នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

មន្ត្រីពន្លត់អគ្គិភ័យនៃទីក្រុងសេអ៊ូល បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈបុគ្គលិកជួយសង្គ្រោះបន្ទាន់ កំពុងបន្តដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ នៅទូទាំងទីក្រុងសេអ៊ូល បន្ទាប់ពីមានមនុស្សកកកុញនៅក្នុងមណ្ឌលកម្សាន្ត កាលពីយប់ថ្ងៃសៅរ៍។

ក្រុមមន្ត្រីបាននិយាយថា មនុស្សជាច្រើនត្រូវបានជាន់ស្លាប់នៅម៉ោង១០ និង២០នាទីយប់ បន្ទាប់ពីហ្វូងមនុស្សដ៏ធំមួយ បានចាប់ផ្តើមរុញទៅមុខក្នុងផ្លូវតូចចង្អៀត ដែលជាកន្លែងជប់លៀងដ៏ធំក្នុងទីក្រុងសេអ៊ូល។

ទីភ្នាក់ងារអគ្គិភ័យជាតិ បាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់ជាង៤០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន១៤០គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីជួយព្យាបាលអ្នករបួស។

នគរបាលបាន​បញ្ជាក់​ថា មនុស្ស​រាប់​សិប​នាក់​ត្រូវជួយសង្គ្រោះ​ចលនាបេះដូង នៅ​តាម​ដង​ផ្លូវ ខណៈ​អ្នក​ផ្សេង​ទៀត​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ។

ឃ្លីបវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមនុស្សជាច្រើន ទាំងមន្ត្រីជួយសង្គ្រោះ និងប្រជាពលរដ្ឋ កំពុងធ្វើចលនាបេះដូងដល់មនុស្សសន្លប់ដេករណូករណែលរាយប៉ាយតាមដងផ្លូវ។ ចំណែកឃ្លីបវីដេអូ​មួយទៀត បាន​បង្ហាញ​ពីសាកសពមនុស្ស​រាប់​សិប​នាក់​គ្របថង់ប្លាស្ទិក​ពណ៌​ខៀវ​ ដេករណូករណែលនៅ​តាម​ផ្លូវ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញសារក្នុងគ្រាអាសន្ន ដោយជំរុញឲ្យប្រជាជនមកលេងនៅតំបន់នោះ ត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់រហ័ស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមនុស្សមួយក្រុមធំបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកម្សាន្តមួយ បន្ទាប់ពីបានឮតារាល្បីម្នាក់បានទៅលេងនៅទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មនុស្សប្រហែល មួយសែននាក់បានសម្រុកទៅមណ្ឌលកម្សាន្តក្នុងពិធីបុណ្យ ហាឡូវីន ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីបានបន្ធូរបន្ថយការរឹតបន្តឹងវិធានការការពារជំងឺកូវី-១៩ ក្នុងប៉ុន្មានខែកន្លងមកនេះ៕

By Ana

You missed