កាណាដា៖ មន្ត្រីនគរបាលកាណាដា បាននិយាយថា ជនសង្ស័យក្នុងអំពើចាក់សម្លាប់មនុស្សផ្តេសផ្តាស់ នៅប្រទេសកាណាដា ដែលបានសម្លាប់មនុស្ស១១នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស បានស្លាប់បន្ទាប់ពីត្រូវបាននគរបាលចាប់ខ្លួន។

នគរបាលបាននិយាយថា ឈ្មោះ មីលីស សាន់ឌឺសុន អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួននៅលើផ្លូវមួយ ក្នុងខេត្តសាស្កាតជេវ៉ាន់ (Saskatchewan) កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលដេញប្រផាប់ចាប់ប្រភីងអស់រយៈពេលជាច្រើនថ្ងៃ។

ខ្សែ​វីដេអូឃ្លីប មហាជនថតបាននៅ​​កន្លែង​កើត​ហេតុ​ បាន​បង្ហាញ​ឲ្យឃើញរថយន្ត​មួយគ្រឿង ពណ៌​ស បើកធ្លាក់​​ចេញ​ពី​ផ្លូវ ហើយត្រូវនគរបាល​ឡោម​ព័ទ្ធ​ជាប់។

ក្នុងចំណោមជនរងគ្រោះស្លាបើ១១នាក់ មានរបួស១៩នាក់ ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣នាក់ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជំនួយការស្នងការនគរបាលខេត្តសាស្កាតជេវ៉ាន់ លោកស្រី រ៉ូណា ប្លែកម័រ (Rhonda Blackmore) បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃពុធថា «ល្ងាចនេះប្រជាជនរស់នៅក្នុងខេត្តរបស់យើងបានធូរទ្រូងវិញហើយ» ។

លោកស្រី​បាន​និយាយទៀត​ថា នគរបាល​បាន​ទទួល​របាយការណ៍​ថា ថ្ងៃមុនជនសង្ស័យឈ្មោះ មីលីស សាន់ឌឺសុន បានលួច​រថយន្ត​អ្នកដទៃដើម្បីជិះរត់គេចខ្លួន។

នគរបាល​បាន​ដេញ​តាមជនល្មើសរូបនេះ បើក​គេច​ខ្លួន​ក្នុង​ល្បឿន១៥០គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង ប៉ុន្តែនគរបាលបានតាមទាន់ និងកៀបរថយន្តរបស់ជននេះឲ្យធ្លាក់ចូលទៅក្នុងប្រឡាយ ទើបចាប់ខ្លួនបាន និងរកឃើញកាំបិតមួយនៅក្នុងរថយន្ត។

លោកស្រីជំនួយការស្នងការ បាន​បញ្ជាក់​ថា ​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់ខ្លួនបាន ជនល្មើសឈ្មោះ មីលីស សាន់ឌឺសុន ​ បាន​ភ័យស្លន់ស្លោរ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ដែលក្រោយមកក្រុមគ្រូពេទ្យ​ប្រកាសថា ជននេះ​បាន​​ស្លាប់។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ​ដោយគ្រាន់តែ​និយាយ​ថា ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជនល្មើស ​នឹង​ត្រូវ​ធ្វើ​កោសល្យ​វិច័យ ​ដើម្បី​កំណត់​មូលហេតុឲ្យបានច្បាស់លាស់។ ប៉ុន្តែមន្ត្រី​នគរបបាលសុំនិយាយមិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា ជនល្មើសស្លាប់​ដោយសារមាន​របួស​លើដងខ្លួន។

ដំណឹងនៃការចាប់ខ្លួនជនល្មើសត្រូវបានប្រកាសភ្លាមៗ ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងប្រទេសកាណាដា។ ប៉ុន្តែមុននឹងការចាប់ខ្លួនបាន ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃពុជ ជនល្មើសបានលួចចូលទៅក្នុងផ្ទះរបស់ស្ត្រីម្នាក់នៅតាមជនបទ នាម៉ោងប្រហែល២រសៀល ម៉ោងក្នុងប្រទេសកាណាដា ។

ជននេះបាន​ធាក់​ទ្វារផ្ទះ រួចស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​គេង ដោយ​ប្រាប់​ស្ត្រី​ម្ចាស់ផ្ទះថា ​គាត់​មិន​ធ្វើ​បាប​​ទេ ហើយ​សុំ​ឲ្យ​ស្ត្រីនោះ​មក​ជាមួយ ប៉ុន្តែ​គាត់ប្រកែក​។ ដូច្នេះ ជនសង្ស័យ​បាន​យកកូន​សោរ​រថយន្ត​របស់​ស្ត្រី​ម្ចាស់ផ្ទះ រួម​ជាមួយ​ទូរស័ព្ទដៃ ទឹក សូដា និង​បារី​ រួចបើករថយន្តនោះចេញបាត់ទៅ ចំណែកស្ត្រីជាម្ចាស់រថយន្តក៏រាយការណ៍បន្ទាន់ប្រាប់នគរបាលអំពីវត្តមានជនល្មើសរូបនេះ។

ក្រោយពីដឹងដំណឹងភ្លាម នគរបាលក៏ចាប់ផ្តើមប្រដេញតាមពីក្រោយរហូតដល់ចាប់ខ្លួនបាន ប៉ុន្តែមិនយូរប៉ុន្មាន ជននេះក៏ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។

មន្រ្តីនគរបាលកាណាដា បាននិយាយ កាលថ្ងៃពុធថា ជនដៃដល់ខាងចាក់សម្លាប់មនុស្សផ្តេសផ្តាសម្នាក់ ក្នុងចំណោមពីរនាក់បងប្អូន ត្រូវគេប្រទះឃើញស្លាប់នៅក្បែរកន្លែងកើតហេតុមួយ។ ជនសង្ស័យឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ បានស្លាប់ដោយសារមានរបួស ប៉ុន្តែមន្ត្រីនគរបាលមិនផ្តល់ព័ត៌មានលម្អិតអំពីប្រភេទរបួសនៅឡើយទេ។ ចំណែកជនសង្ស័យមា្នក់ទៀត ត្រូវជាប្អូនប្រុសបង្កើត ឈ្មោះ មីឡេស សាន់ឌឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ កំពុងតែរត់គេចខ្លួន។

នៅក្បែរសពរបស់ឧក្រិដ្ឋជនឈ្មោះ ដាមៀន សាន់ឌឺសុន គេប្រទះឃើញរថយន្តមួយគ្រឿង ដែលនគរបាលប្រកាសថា ជារថយន្តរបស់ជនល្មើសជិះធ្វើសកម្មភាពចាក់សម្លាប់មនុស្សពីខេត្តមួយទៅខេត្តមួយ ក្នុងរយពេលតែមួយថ្ងៃ នៅក្នុងចម្ងាយដីរាប់រយគីឡូម៉ែត្រ៕

 

 

By Ana

You missed