កាណាដា៖ នគរបាលកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើចាក់សម្លាបជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើមភាគតិច និងនៅតាមទីប្រជុំជនមួយទៀត ក្នុងប្រទេសកាណាដា បានសម្លាប់មនុស្ស១០នាក់ និង១៥នាក់ទៀតរងរបួស ចំណែកជនសង្ស័យមិនទាន់ចាប់ខ្លួននៅឡើយទេ។

នគរបាលបាននិយាយថា ការចាក់សម្កាប់នេះ បានកើតឡើងនៅទីតាំងជាច្រើន នៅភាគឦសាននៃខេត្តសាស្កាទូន(Saskatoon) ប្រទេសកាណាដា ដោយសង្ស័យថា បង្កឡើងដោយបុរសពីរនាក់ មាននាមត្រកូលដូចគ្នា បើកបររថយន្តមួយគ្រឿង ដើម្បីធ្វើសកម្មភាពចាក់សម្លាប់មនុស្សផ្តេសផ្តាសនេះ។

នគរបាលបានប្រកាសថា ជនដៃដល់ពីរនាក់ មានឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ មីលិស សាន់ឌឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ នៅពេលនេះកំពុងតែរត់គេចខ្លួន ដោយសង្ស័យមានកាំភ្លើងនៅក្នុងដៃថែមទៀតផង។

លោកស្រី រ៉ូណា ប្លែកម័រ (Rhonda Blackmore) ជំនួយការស្នងការនគរបាលខេត្តសាស្កាទូន បាននិយាយថា ជនរងគ្រោះមួយចំនួន ហាក់ដូចជាត្រូវជនសង្ស័យចាក់សម្លាប់ដោយរៀបចំទុកមុន ប៉ុន្តែចំពោះអ្នកផ្សេងទៀត ហាក់ដូចជាកើតឡើងដោយចៃដន្យ ប៉ុន្តែលោកស្រីមិនបញ្ជាក់ពីចេតនានៃសកម្មភាពចាក់សម្លាប់នេះទេ។

លោកស្រីបាននិយាយថា «វាជារឿងដ៏គួរឲ្យរន្ធត់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តរបស់យើង នៅថ្ងៃនេះ»។

លោកស្រី ​បាន​និយាយទៀត​ថា កន្លែងកើតហេតុចាក់សម្លាប់មនុស្សនេះ មានចំនួន១៣ទីតាំង បង្កឡើយដោយជនសង្ស័យយ៉ាងហោសណាស់ពីរនាក់ ដែល​បណ្តាលឲ្យមនុស្ស​ស្លាប់ ឬ​​របួស​ អស់ជាច្រើនណាស់។

លោកស្រី រ៉ូណា ប្លែកម័រ បានបញ្ចាក់ថា មន្ត្រីនគរបាលខេត្ត បានចាប់ផ្តើមទទួលរបាយការណ៍មុនម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ អំពីការចាក់សម្លាប់លើកដំបូត។ ចំណែករបាយការណ៍ជាច្រើនទៀត អំពីចាក់សម្លាប់ដូចគ្នានេះ ត្រូវធ្វើឡើងតាមភ្លាមៗ ហើយមន្ត្រីនគរបាលបានប្រកាសថា រថយន្តមួយគ្រឿងដឹកជនសង្ស័យពីរនាក់ ត្រូវបានគេប្រទះឃើញក្នុងចម្ងាយប្រមាណ៣៣៥គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

នគរបាលបាននិយាយទៀតថា ព័ត៌មានចុងក្រោយបានដឹងថា មានគេមើលឃើញជនសង្ស័យពីរនាក់ នៅក្នុងរង្វង់វេលាថ្ងៃត្រង់ ប៉ុន្តែចាប់​តាំង​ពី​ពេល​នោះ​មក គ្មាននរណា​បានឃើញ​ទៀតទេ។

អ្នកនាំពាក្យនគរបាលខេត្ត បានប្រកាសព្រមានដល់មហាជនថា «សូមប្រុងប្រយ័ត្ន និងការពារផ្ទះសម្បែង។ សូមសម្ងំនៅកន្លែងមានសុវត្ថិភាព។ កុំចូលទៅជិតមនុស្សចម្លែកគួរឲ្យសង្ស័យ។ កុំជួយយកអាសារអ្នកដំណើរ។ សូមរាយការណ៍ពីបុគ្គល ដែលគួរឲ្យសង្ស័យទៅនគរបាល»។

ស្ត្រីម្នាក់ជាសាច់ញាតិជនរងគ្រោះ បាននិយាយថា អ្នកស្រី និងកូនស្រី បានឃើញក្មេងប្រុសម្នាក់ អាចជាជនសង្ស័យក្នុងអំពើចាក់សម្លាប់នេះ នៅពេលរថយន្តមួយគ្រឿង បើកមកបិទផ្លូវចូលផ្ទះរបស់គាត់ នៅពេលព្រឹក នៅពេលកូនស្រីរបស់គាត់កំពុងពិសារកាហ្វេ នៅលើដំបូលផ្ទះ។

អ្នកស្រីបាននិយាយថា បុរសម្នាក់បានចូលទៅជិតពួកគាត់ ហើយនិយាយថា «ខ្ញុំឈឺចាប់ណាស់ សុំជួយខ្ញុំផង»។

អ្នកស្រីបាននិយាយរៀបរាប់ថា «ជនសង្ស័យមិនបង្ហាញមុខទេ។ គាត់​មាន​អាវ​ធំ​គ្រប​មុខ។ យើង​បាន​សួរ​ឈ្មោះ​គាត់ ហើយ​គាត់​ដូចជា​ប្រាប់ឈ្មោះ​គាត់​ពីរ​ដង​ដែរ ​តែ​ស្តាប់មិន​បានច្បាស់។ គាត់​ថា ​មុខ​គាត់​មានរបួស​ខ្លាំង​ណាស់ មិន​អាច​បង្ហាញ​​បានទេ»។

នាយក​រដ្ឋមន្ត្រី​កាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) បាន​សរសេរសារនៅ​លើធ្វីទ័រថា «ការចាក់សម្លាប់នៅខេត្ត សាស្កាទូន ថ្ងៃនេះ គឺគួរឲ្យរន្ធត់ និងគួរឲ្យសោកស្ដាយណាស់។ ខ្ញុំ​កំពុង​គិត​អំពី​អ្នក​​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ និង​អ្នក​​រង​របួស»។

ការចាក់សម្លាប់មនុស្សជាទ្រង់ទ្រាយធំ ក្នុងថ្ងៃតែមួយនេះ គឺជាអំពើឧក្រិដ្ឋមួយក្នុងចំណោមការសម្លាប់រង្គាលដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកាណាដា។ ការបាញ់សម្លាប់ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកាណាដា បានកើតឡើង ក្នុងឆ្នាំ២០២០ នៅពេលបុរសម្នាក់ក្លែងខ្លួនជាមន្ត្រីនគរបាលបានបាញ់រះលើមនុស្សនៅក្នុងផ្ទះ ហើយបានដុតបំផ្លាញផ្ទះសម្បែងទូ ដោយបានសម្លាប់មនុស្ស២២នាក់។ ប៉ុន្តែការសម្លាប់រង្គាលបែបនេះ គឺមិនសូវកើតមានទេ នៅក្នុងប្រទេសកាណាដា បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក៕

By Ana

You missed