ណៃពិដោ៖ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវតុលាការរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំសន្លឹកបោះឆ្នោត ហើយតុលាការគ្រប់គ្រងដោយយោធា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងដាក់ទណ្ឌកម្មឲ្យធ្វើការធ្ងន់។
សាលក្រមប្រកាស កាលពីថ្ងៃសុក្រនេះ គឺជាសាលក្រមចុងក្រោយបំផុត នៃការដាក់ទណ្ឌកម្មលើលោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ដោយមានន័យថា ឥឡូវនេះលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោកស្រី អ៊ុងសាន ស៊ូជី ឥស្សរជនប្រឆាំងទៅនឹងការគ្រប់គ្រងដោយយោធាជាច្រើនទស្សវត្សរ៍ក្នុងប្រទេសភូមា ត្រូវបានកាត់ទោសឲ្យធ្វើការធ្ងន់ ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២១។
ការកាត់ក្តី នៅថ្ងៃសុក្រនេះ គឺទាក់ទងនឹងការបោះឆ្នោតសកល កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ដោយផ្តួលគណបក្ស ដែលបង្កើតឡើងដោយពួកយោធាភូមា។
ប៉ុន្តែបីខែបន្ទាប់ពីការបោះឆ្នោតនោះ យោធាបានដណ្ដើមអំណាចពីលោកស្រី ដើម្បីរារាំងគណបក្សរបស់លោកស្រី មិនឲ្យបង្កើតរដ្ឋាភិបាល ដោយចោទប្រកាន់ថា មានការក្លែងបន្លំក្នុងដំណើរការបោះឆ្នោត។
លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សរបស់លោកស្រីបដិសេធការចោទប្រកាន់ទាំងនោះ ហើយនិយាយថា ពួកគេឈ្នះការបោះឆ្នោតដោយយុត្តិធម៌។
លោកស្រីក៏បានបដិសេធផងដែរនូវបទចោទប្រកាន់មួយចំនួនទៀត ដែលដាក់បន្ទុកមកលើលោកស្រី នៅក្នុងការជំនុំជម្រះក្តីសម្ងាត់ ជាបន្តបន្ទាប់ចាប់តាំងពីលោកស្រីត្រូវបានឃុំខ្លួន កាលពីជាងមួយឆ្នាំមុន។
បច្ចុប្បន្នលោកស្រី អ៊ុងសាន ស៊ូជី កំពុងត្រូវបានឃុំខ្លួនតែម្នាក់ឯង នៅឯពន្ធនាគារមួយ ក្នុងរដ្ឋធានីណៃពិដោ។
ស្របពេលដំណើរទស្សនកិច្ចរបស់បេសកជនពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភូមា កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសភូមា បានរាយការណ៍ថា តុលាការបានកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយចំនួនបួនករណី។ សាលក្រមនោះ បានផ្តន្ទាទោសលោកស្រីឲ្យជាប់ពន្ធនាគារសរុបដល់១៧ឆ្នាំ។
កន្លងមកលោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានតុលាការរបបយោធារកឃើញថា មានពិរុទ្ធភាពពីបទប្រព្រឹត្តអំពើពុករលួយ និងក្លែងបន្លំការបោះឆ្នោតដែរ។
ក្រុមអ្នកឃ្លាំសិទ្ធិមនុស្សនៅភូមា បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត អំពីការដាក់ទណ្ឌកម្មលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសភូមា ចាប់តាំងពីរដ្ឋប្រហារយោធា នាឆ្នាំ២០២១។
កាលពីខែកក្កដា របបយោធាភូមា បានប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យពីរនាក់ និងបុរសពីរនាក់ផ្សេងទៀត ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទភេរវកម្ម ដែលការកាត់ទោសនាពេលនោះ ទទួលរងការថ្កោលទោសពីអង្គការសហប្រជាជាតិ និងពីក្រុមការពារសិទ្ធិមនុស្សផងដែរ៕