វ៉ាសូវី: អ្នកនយោបាយកំពូលរបស់ប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងទាមទារសំណង់ស្មើទឹកប្រាក់ប្រមាណ១,៣ពាន់ពាន់លានដុល្លារ ពីប្រទេសអាឡឺម៉ង់ ចំពោះការឈ្លានពាន និងការត្រួតត្រារបស់ពួកណាស៊ី ហ៊ីត្លែ ក្នុងសង្គ្រាមលោកលើកទី២។
ក្នុងទិវាប្រារព្ធខួប៨៣ឆ្នាំ នៃការចាប់ផ្តើមផ្ទុះសង្គ្រាមលោកលើកទី២ លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី (Jaroslaw Kaczynski) មេដឹកនាំគណបក្សឈ្មោះ ច្បាប់ និងយុត្តិធម៌ របស់ប៉ូឡូញ បានប្រកាសពីការទាមទារនូវទឹកប្រាក់ដ៏ច្រើននេះ ក្រោយពីចេញផ្សាយរបាយការណ៍មួយ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ស្តីពីសំណងការខូចខាតដោយសារការត្រួតត្រាជាច្រើនឆ្នាំរបស់ពួកណាស៊ីអាល្លឺម៉ង់។
លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី បានមានប្រសាសន៍ក្នុងពេលបង្ហាញរបាយការណ៍ថា «យើងមិនត្រឹមតែរៀបចំរបាយការណ៍ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានសម្រេចចិត្តផងដែរ នៅជំហានបន្តបន្ទាប់ទៀត»។
លោកបានមានប្រសាសន៍ថា «យើងនឹងងាកទៅរកប្រទេសអាល្លឺម៉ង់ ដើម្បីបើកការចរចាលើសំណងខូចខាត។ វាជាផ្លូវដ៏វែងឆ្ងាយ និងមិនមែនជាផ្លូវងាយស្រួលឡើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យ»។
លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី បានទទូចថា គោលជំហរនេះនឹងបម្រើដល់ការផ្សះផ្សាប៉ូឡូញ – អាល្លឺម៉ង់ ពិតប្រាកដ ដែលនឹងផ្អែកលើការពិត។
លោកបានអះអាងថា សេដ្ឋកិច្ចអាល្លឺម៉ង់ នៅពេលនេះ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងសំណងនេះ។
ចំណែករដ្ឋាភិបាលអាល្លឺម៉ង់វិញ បានប្រកែកថា ករណីសងសំណងចាញ់សង្គ្រមលោកលើកទី២នេះ គឺបានដោះស្រាយចប់សព្វគ្រប់អស់ហើយ ដូច្នេះសំណងក៏ត្រូវបានបង់ទៅឲ្យប្រទេសប្លុកខាងកើតរួចអស់ហើយដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្រោយពីចប់សង្គ្រាម រីឯទឹកដីប៉ូឡូញបាត់បង់នៅភាគខាងកើត ដែលជាខ្សែបន្ទាត់ព្រំដែនទើបគូរថ្មីឡើងវិញ ត្រូវបានផ្តល់សំណងរួចរាល់ដែរ នៅមុនសង្គ្រាមអាល្លឺម៉ង់ចូលត្រួតត្រា។
ក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ជំហររបស់រដ្ឋាភិបាលអាល្លឺម៉ងនៅតែមិនផ្លាស់ប្តូរ ក្នុងនោះរឿងពាក់ព័ន្ធនឹងសំណងត្រូវបានបញ្ចប់អស់ហើយ។
ក្រសួងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីរបាយការណ៍ថ្មី របស់ប៉ូឡូញថា «ប្រទេសប៉ូឡូញតាំងពីយូរយារណាស់មកហើយ ជាពិសេសក្នុងឆ្នាំ១៩៥៣ បានបដេសេធមិនទទួលយកសំណងបន្ថែមឡើយ និងបានបញ្ជាក់ពីការលើកលែងសំណងនេះ ម្តងហើយម្តងទៀត»។
ក្រសួងបានអះអាងបន្តទៀតថា «នេះគឺជារបៀបរបបច្បាស់លាស់នៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ។ អាល្លឺម៉ង់ទទួលខុសត្រូវចំពោះសង្គ្រាមលោកលើកទី២ ទាំងខាងនយោបាយ និងសីលធម៌»។
រដ្ឋាភិបាលស្តាំនិយមរបស់ប៉ូឡូញ ដែលជាដៃគូដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុ បានអះអាងថា ប្រទេសជាជនរងគ្រោះដំបូងនៃសង្រ្គាម មិនដែលបានទទួលសំណងពេញលេញពីអាល្លឺម៉ង់ឡើយ។
លោក ចារ៉ូស្លាវ កាហ្ស៊ីស្គី បាននិយាយដោយអះអាងថា ជនជាតិអាឡឺម៉ង់ជាច្រើន ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម កំពុងបន្តរស់នៅដោយគ្មានទោសក្នុងប្រទេសអាឡឺម៉ង់ បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២។
លោកបានមានប្រសាសន៍ដូច្នេះថា «ប្រទេសអាល្លឺម៉ង់ ពិតជាមិនដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តមកលើប្រទេសប៉ូឡូញទេ»។
ការចេញផ្សាយរបាយការណ៍ភាគទី៣ គឺផ្តោតសំខាន់សម្រាប់ការប្រារព្ធពិធីបុណ្យជាតិ គម្រប់ខួបសង្រ្គាម ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ អមដោយការទម្លាក់គ្រាប់បែករបស់ណាស៊ីអាល្លឺម៉ង់ នៅពេលចូលឈ្លានពានប្រទេសប៉ូឡូញ និងបានបន្តត្រួតត្រាដ៏ឃោរឃៅ អស់រយៈពេលជាងប្រាំឆ្នាំ។
ប្រធានក្រុមធ្វើរបាយការណ៍ និងជាសមាជិកសភាប៉ូឡូញ បាននិយាយថា វាមិនអាចទៅរួចទេ ក្នុងការឲ្យតម្លៃជាលុយចំពោះបាត់បង់ជីវិតមនុស្សប្រហែល៥,២លាននាក់ ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់។
របាយការណ៍ បានរៀបរាប់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម វប្បធម៌ ការនិរទេសខ្លួនទៅប្រទេសអាឡឺម៉ង់ ដើម្បីបង្ខំឲ្យធ្វើជាទាសករ និងការបង្ខំកុមារប៉ូឡូញ ឲ្យក្លាយជាជនជាតិអាល្លឺម៉ង់។
ក្រុមអ្នកសេដ្ឋកិច្ច ប្រវត្តិវិទូ និងអ្នកជំនាញផ្សេងទៀតជាង៣0នាក់ បានធ្វើរបាយការណ៍នេះ ដោយចាប់ផ្តើមតាំងពីឆ្នាំ២0១៧ ហើយបញ្ហាទាមទារសំណងនេះ បានបង្កើតភាពតានតឹងរវាងប៉ូឡូញ និងអាល្លឺម៉ង់។
ប្រធានាធិបតីប៉ូឡូញ លោក អាន់ឌឺហ្សិច ឌូដា (Andrzej Duda) បានមានប្រសាសន៍ថា «សង្រ្គាម គឺជាសោកនាដកម្មដ៏គួរឲ្យភ័យខ្លាចបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ វាមិនត្រឹមតែបំបាត់សេរីភាពរបស់យើង, វាមិនត្រឹមតែដណ្តើមយកប្រទេសរបស់យើង ពីយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែសង្រ្គាមនេះ ធ្វើឲ្យមានជនរងគ្រោះប៉ូឡូញស្លាប់រាប់លាននាក់។ វាគឺការបាត់បង់ ដែលមិនអាចជួសជុលវិញបាន ចំពោះមាតុភូមិរបស់យើង និងប្រទេសជាតិរបស់យើង»។
មន្ត្រីរដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់-ប៉ូឡូញ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃទី០១ ខែកញ្ញា នៅតែជាថ្ងៃនៃកំហុស និងជាថ្ងៃអាម៉ាស់សម្រាប់អាល្លឺម៉ង់ ដែលរំឭកយើងម្តងហើយម្តងទៀត កុំឲ្យភ្លេចឧក្រិដ្ឋកម្ម ដែលធ្វើឡើងដោយអាល្លឺម៉ង់។ វាជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង»។
ប្រជាជនប៉ូឡូញ ប្រហែល៦លាននាក់ រួមទាំងជនជាតិ យូដា ប្រហែល៣លាននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។ ពួកគេខ្លះជាជនរងគ្រោះពីកងទ័ពក្រហមសហភាពសូវៀត ដែលបានចូលឈ្លានពាននៅភាគខាងកើតប្រទេស៕