មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងមិនចូលរួមពិធីបុណ្យសព ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំសហភាពសូវៀតចុងក្រោយបង្អស់ គឺលោក មីខាអ៊ីល ហ្គោបាឆេវ (Mikhail Gorbachev) ដោយចាត់ទុកថា ជាមនុស្សធ្វើឲ្យដួលរលំចក្រភពសូវៀត។
លោក មីខាអ៊ីល ហ្គោបាឆេវ ដែលត្រូវបានគេគោរពនៅបច្ចឹមប្រទេសចំពោះការធ្វើឲ្យអឺរ៉ុបខាងកើតគេចផុតពីការគ្រប់គ្រងបែបកុម្មុយនិស្តសូវៀត ប៉ុន្តែមិនត្រូវបានប្រជាជនរុស្ស៊ីគោរពស្រឡាញ់ នៅក្នុងប្រទេសរបស់ខ្លួនឡើយ ដោយសារការធ្វើកំណែទម្រង់ ប៉េរ៉េសត្រយកា (Perestroika) របស់លោកនាំមកនូវការដួលរលំសហភាពសូវៀត ដែលជាមហាអំណាចពិភពលោក។
ពិធីបញ្ចុះលោក មីខាអ៊ីល ហ្គោបាឆេវ គ្រោងធ្វើនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ នាមហាសាលក្នុងទីក្រុងម៉ូស្គូ នៅជិតវិមានក្រឹមឡាំង ជាទីដែលសម្រាប់រៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំសហភាពសូវៀតកន្លងមក មានដូចជាលោក វ្ល៉ាឌីមៀ លេនីន (Vladirmir Lenin) លោក ចូសេហ្វ ស្តាលីន (Joseph Stalin) និងលោក ឡេអូតណីដ ប្រេនឆេវ (Leonid Brezhnev)។
ពិធីបុណ្យសពលោក មីខាអ៊ីល ហ្គោបាឆេវ នឹងអមដោយកងកិត្តិយស ប៉ុន្តែមិនមែនជាផ្លូវរដ្ឋទេ គឺរៀបចំពិធីបែបសាមញ្ញធម្មតា ខុសពីពិធីសម្រាប់មេដឹកនាំមុនៗ។
ទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានផ្សាយយ៉ាងឱឡារឹកពីលោក វ៉្លាឌីមៀ ពូទីន ដាក់ផ្កាកុលាបក្រហមនៅក្បែរមឈូសរបស់លោក មីខាអ៊ីល ហ្គោបាឆេវ ដែលបើកចំហតាមប្រពៃណីរុស្ស៊ី តម្កល់នៅក្នុងមន្ទីរពេទ្យមជ្ឈឹមក្នុងទីក្រុងម៉ូស្គូ ជាកន្លែងលោកបានទទួលមរណភាព កាលពីថ្ងៃអង្គារ ក្នុងអាយុ៩១ឆ្នាំ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា «ជាអកុសល កាលវិភាគការងាររបស់ប្រធានាធិបតី នឹងមិនអនុញ្ញាតឲ្យលោកចូលរួមពិធីបុណ្យសព នៅថ្ងៃទី០៣ ខែកញ្ញាឡើយ»។
លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយទៀតថា ពិធីបុណ្យសពលោក មីខាអ៊ីល ហ្គោបាឆេវ គឺជាពិធីបុណ្យសពរបស់រដ្ឋដែរ ហើយរដ្ឋកំពុងជួយរៀបចំ។
ទោះជាយ៉ាងណាក្តី វាជាការខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះពិធីបុណ្យសពរបស់លោក បូរីស យ៉ែលស៊ីន (Boris Yeltsin) ដែលជាតួអង្គក្នុងការបណ្តេញលោក មីខាអ៊ីល ហ្គោបាឆេវ ចេញពីតំណែង នៅពេលសហភាពសូវៀតបានដួលរលំ ហើយបានជ្រើសរើសលោក វ៉្លាឌីមៀ ពូទីន ដែលជាមន្រ្តីចារកម្ម ហ្គាហ្សេបេ (KGB) ជាបុរសសាកសមបំផុតក្នុងការស្នងតំណែងបន្ត។
នៅពេលលោក បូរីស យ៉ែលស៊ីន ស្លាប់នៅឆ្នាំ២០០៧ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសជាថ្ងៃកាន់ទុក្ខសម្រាប់ជាតិ ហើយបានចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋដ៏ឱឡារឹក នៅក្នុងទីក្រុងម៉ូស្គូ។
ការឈ្លានពានរបស់រុស្ស៊ី ចូលទឹកដីអ៊ុយក្រែន របស់លោក វ៉្លាឌីមៀ ពូទីន ហាក់ដូចជាការប្រឹងប្រែងងើបឡើង និងស្តាឡើងវិញ នូវឥទ្ធិពលសហភាពសូវៀត ដែលបានដួលរលំកាលពីឆ្នាំ១៩៩១ ដោយសារលោក មីខាអ៊ីល ហ្គោបាឆេវ។
ការសម្រេចចិត្តរបស់លោក មីខាអ៊ីល ហ្គោបាឆេវ ក្នុងការអនុញ្ញាតឲ្យប្រទេសក្នុងប្លុកកុម្មុយនិស្ត ទាមទារឯករាជ្យរបស់ពួកគេ ហើយការបង្រួបបង្រួមគ្នារវាងអាល្លឺម៉ង់ខាងកើត និងខាងលិច បានជួយជំរុញឲ្យមានចលនាជាតិនិយម នៅក្នុងរបបសាធារណរដ្ឋចំនួន១៥ប្រទេស ចំណុះឲ្យសហភាពសូវៀត បែកខ្ញែកចេញនឹមត្រួតត្រាបែបផ្តាច់ការ។
ប្រាំឆ្នាំបន្ទាប់ពីការឡើងកាន់អំណាចនៅឆ្នាំ២០០០ លោក វ៉្លាឌីមៀ ពូទីន បានហៅការបែកបាក់សហភាពសូវៀតថា «មហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សទី២០»។
រយៈពេល១៥ម៉ោង បន្ទាប់ពីលោក មីខាអ៊ីល ហ្គោបាឆេវ ទទួលមរណភាពរួចមក ទើបលោក វ៉្លាឌីមៀ ពូទីន ចេញផ្សាយសាររំលែកទុក្ខ ដែលនៅក្នុងសារនេះ លោកបានលើកឡើងថា លោក មីខាអ៊ីល ហ្គោបាឆេវ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្រ្តពិភពលោក ហើយលោក មីខាអ៊ីល ហ្គោបាឆេវ បានយល់យ៉ាងច្បាស់ណាស់ថា កំណែទម្រង់ ប៉េរ៉េត្រយកា គឺជាការចាំបាច់បំផុត ដើម្បីដោះស្រាយវិបត្តិក្នុងសហភាពសូវៀត នាទសវត្សរ៍ឆ្នាំ១៩៨០។
មូលនិធិ មីខាអ៊ីល ហ្គោបាឆេវ បានប្រកាសថា ពិធីបុណ្យសពនឹងចាប់ផ្តើមនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ គឺមិនមែននៅម៉ោងវេលាម៉ោង១០ព្រឹក ដូចបានប្រកាសពីមុននោះទេ៕