ញូវដេលី៖ អគារភ្លោះខ្ពស់ៗ ជាសំណង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌាវាយកម្ទេចចោលរាបដល់ដី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានការតស៊ូតាមផ្លូវច្បាប់អស់រយៈពេលប្រាំបួនឆ្នាំ ប៉ុន្តែមិនអាចការពារសំណង់នេះបាន ព្រោះតុលាការរកឃើញថា អគារដ៏ខ្ពស់ស្កឹមស្កៃនេះមានជាប់ពាក់ព័ន្ធអំពើពុករលួយ។
ការកម្ទេចចោលអគារភ្លោះកម្ពស់១០០ម៉ែត្រ ដែលខ្ពស់ជាងគេនៅទីក្រុងញូវដេលី គឺជាឧទាហរណ៍ដ៏កម្រមួយរបស់ប្រទេសឥណ្ឌា ក្នុងចំណាត់ការកណ្តាប់ដៃដែកចំពោះអ្នកអភិវឌ្ឍន៍អចលទ្រព្យ និងមន្ត្រីពុករលួយ។
អគារ៣២ជាន់ មានអាផាតម៉ិន ជិត១.០០០បន្ទប់ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលប្រាំបួនឆ្នាំ ត្រូវរំសេវផ្ទុះបំផ្លាញចោលតែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបង្កើតបានជាពពកដ៏ធំសម្បើម មានល្អងធូលី និងកម្ទេចកម្ទីហុយខ្មួលខ្មាញ់ងងិតមេឃ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានរាយការណ៍ថា ការកម្ទេចអគារនេះ ត្រូវប្រើរំសេវទម្ងន់៣.៧០០គីឡូក្រាម គឺជាការកម្ទេចដ៏ធំបំផុតក្នុងប្រវត្តិប្រទេសឥណ្ឌា។
ចាប់តាំងពីសាងសង់រួចរាល់មក អាផាតម៉ិនជិត១.០០០បន្ទប់នេះ មិនដែលមានមនុស្សចូលរស់នៅឡើយ ដោយសារជាប់បណ្តឹងនៅតុលាការពីបទរំលោភច្បាប់សាងសង់ និងពាក់ព័ន្ធអំពើពុករលួយ។
អគារទាំងពីរនេះត្រូវបានសាងសង់ ក្នុងគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យ ឈ្មោះ ស៊ុបភើតិច (Supertech Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុករបស់ពាណិជ្ជករឥណ្ឌា។
មនុស្សរាប់ពាន់នាក់ រួមទាំងសត្វឆ្កែអនាថាផងដែរ ត្រូវគេជម្លៀសចេញ មុនពេលបំផ្ទុះកម្ទេចចោល ចំណែកអគារខ្ពស់ៗ នៅក្បែរនោះត្រូវគេយកស្បៃបាំង ដើម្បីការពារធូលីដីហុយចូល។
តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានចេញសាលដីកាអធិបតេយ្យ និងបិទផ្លូវតវ៉ា កាលពីឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា អគារភ្លោះនេះ ត្រូវបានសាងសង់ឡើង ដោយបំពានច្បាប់ ហើយចោទប្រកាន់ថា អ្នកអភិវឌ្ឍន៍បានឃុបឃិតជាមួយមន្ត្រីពុករលួយ។
ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត ក្នុងពិភពលោក ធ្វើឲ្យមានការរីកដុះដាលផ្នែកសំណង់ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលបណ្តាលឲ្យមានពាក់ព័ន្ធជាមួយអំពើពុករលួយ ក្នុងចំណោមអ្នកនយោបាយ និងម្ចាស់សំណង់។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌា តែងតែមិនខ្វល់ពីច្បាប់សំណង់ មិនខ្វល់ពីផែនការមេរបស់ទីក្រុង និងមិនគោរពបទប្បញ្ញត្តិស្តីពីបរិស្ថានឡើយ ដោយសារអាងបក្ខពួកមានអំណាច និងមានលុយច្រើន។
នៅតាមបណ្តាជាយក្រុងធំៗ ដូចជារដ្ឋធានីញូវដេលី ទីក្រុងម៉ុមបៃ ទីក្រុងហ៊ីដេរ៉ាបាដ និងទីក្រុងបាងហ្គាល័រ បានក្លាយជាចំណុចទាក់ទាញបំផុតក្នុងចំណោមអ្នកវណ្ណៈកណ្តាល នៅក្នុងសង្គមឥណ្ឌា ដែលចង់បានលំនៅដ្ឋានថ្មី។
ការរុះរើអគារលំនៅដ្ឋាន គឺកម្រមានណាស់នៅក្នុងប្រទេសឥណ្ឌា ដោយសារម្ចាស់គម្រោងតែងតែគេចផុតពីទោសជាប់ពន្ធនាគារ ឬបោះបង់គម្រោងចោលពាក់កណ្តាលទីក៏មានដែរ ប្រសិនបើពួកគេដឹងថា ខុសច្បាប់។
អគារខ្ពស់ប្រណីតចំនួនបួន ស្ថិតនៅរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានវាយកម្ទេចចោលរាបដល់ដី កាលពីឆ្នាំ២០២០ ក្រោយពីតុលាការឥណ្ឌារកឃើញថា សាងសង់ឡើងដោយបំពានច្បាប់បរិស្ថាន៕