គៀវ៖ នគរបាលក្នុងរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន បានឆ្មក់ចូលក្លឹបរាត្រីរាប់រយកន្លែង ហើយបានចាប់ខ្លួន និងផាកពិន័យបុរសកំហូចជាង២០០នាក់ ដែលបំពានបម្រាមគោចរ និងលួចប្រើគ្រឿងញៀនខុសច្បាប់ រួចបង្ខំឲ្យធ្វើទាហានច្បាំងរុស្ស៊ី។

ក្លឹបកម្សាន្តប្រហែល៤២០កន្លែង ត្រូវបាននគរបាលឆ្មក់ចូលឆែកឆេរ នៅចុងសប្តាហ៍នេះ ដែលក្នុងនោះ មានក្លឹបកម្សាន្តពីរកន្លែង ត្រូវបានគេរកឃើញថាកំពុងបើកដំណើរការឲ្យបុរសៗ ចូលរាំលេងនៅពេលយប់ ដោយប្រឆាំងនឹងបម្រាមគោចររបស់អាជ្ញាធរទីក្រុងកៀវ ដែលហាមមនុស្សដើរលេងយប់ព្រោះប្រទេសកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។

លោកស្នងការនគរបាលទីក្រុងកៀវ បានប្រកាសថា មន្រ្តីរបស់លោកបានរកឃើញបុរស ដែលមានអាយុល្មមចូលបម្រើយោធា ហើយបានបង្ខំបុរសចំនួន២១៩នាក់ ឲ្យចុះឈ្មោះចូលធ្វើទាហាន។

បច្ចុប្បន្នរដ្ឋាភិបាលអ៊ុយក្រែនតម្រូវឲ្យបុរសទាំងអស់ ដែលមានអាយុចន្លោះពី១៨ ទៅ៦០ឆ្នាំចុះឈ្មោះចូលបម្រើកងទ័ព ហើយបានហាមឃាត់បុរសមានអាយុប៉ុននេះមិនឲ្យចាកចេញពីប្រទេស។ ខណៈពេលមានតែអ្នក ដែលមានបទពិសោធន៍យោធាពីមុនប៉ុណ្ណោះត្រូវបានបញ្ជូនទៅកាន់សមរភូមិជួរមុខ ការខាតបង់កាន់តែច្រើនមានន័យថា សូម្បីតែបុរសលស្ម័គ្រចិត្តសម្រាប់អង្គភាពការពារទឹកដីរបស់មាតភូមិ – ឈរជើងនៅតាមទីប្រជុំជន និងទីក្រុងរបស់ពួកគេ នាក្លាយជាខ្សែការពារចុងក្រោយ – ឥឡូវនេះត្រូវបានបញ្ជូនទៅប្រយុទ្ធតទល់នឹងកងកម្លាំងរុស្ស៊ី។

កងទ័ពរបស់រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងវាយលុកជាលំដាប់នៅភាគខាងកើត អ៊ុយក្រែន ដែលគាំទ្រដោយកម្លាំងទ័ពអាកាស និងកាំភ្លើងធំ។ ទន្ទឹមនឹងនេះ ថ្មីៗនេះ រដ្ឋាភិបាលក្រុងគៀវ បានទទួលស្គាល់ថា បានបាត់បង់កងទ័ពរហូតដល់១ ០០០នាក់ក្នុងមួយថ្ងៃ ហើយត្រូវបានគេរាយការណ៍ថា កំពុងបំពេញបន្ថែមកងកម្លាំង ដែលនៅសេសសល់ជាមួយនឹងទាហានស្ត្រី និងអ្នកទោស។

មន្ត្រីយោធាអ៊ុយក្រែន បាននិយាយបែបចំអកថា «ក្រុមបុរសៗដើរលេងនៅផ្សារតាមទំនើប ឬនៅតាមតំបន់កម្សាន្ត គឺមិនមានបញ្ហាកន្លែងណាទេ។ បុរសមានអាយុត្រូវកេណ្ឌចូលកងទ័ព បែរកំពុងលាក់ខ្លួននៅតាមទីជនបទ ខណៈពេលអ្នកនៅក្នុងទីក្រុង បានបង្កើតបណ្តាញតេឡេក្រាម ដើម្បីតាមដានចលនារបស់អ្នកជ្រើសរើសទ័ព»។

ត្រឡប់មកទីក្រុងគៀវវិញ លោកស្នងការនគរបាលក្រុងកៀវ បាននិយាយថា តួនាទីសំខាន់របស់នគរបាល គឺធានាឲ្យសាធារណជនគោរពតាមច្បាប់អាជ្ញាសឹក។

លោក​បាន​បញ្ជាក់​ថថា «​ប៉ូលិស​រួម​ជាមួយ​ស្នងការ​យោធា​ នឹងដើរ​ល្បាត​តាម​ដងផ្លូវ​ក្នុង​ទីក្រុង ទីធ្លា និង​សួនសាធារណៈនាពេល​យប់ ព្រម​ទាំង​ផ្ដោត​លើ​ការ​ត្រួត​ពិនិត្យ​កន្លែង​កម្សាន្ត​ពេល​យប់ផងដែរ។យើងនឹងបន្តឆ្មក់ឆែកឆេរបែបនេះ ព្រោះប្រជាពលរដ្ឋគ្រប់រូប ក្នុងរាជធានី ត្រូវតែយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពសង្គ្រាម និងត្រូវដឹងពីគ្រោះថ្នាក់របស់ប្រទេស ដែលកំពុងប្រឈមមុខនឹងការឈ្លានពានពីរុស្ស៊ី»៕

By Ana

You missed