រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ក្មេងសិស្សសាលារយ៉ាងតិច១៩នាក់ និងមនុស្សពេញវ័យពីរនាក់ កាលពីថ្ងៃអង្គារ ក្នុងសាលាបឋមសិក្សាមួយកន្លែង នៅរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក។
អាជ្ញាធរអាមេរិក បានចាត់អំពើអមនុស្សធម៌នេះ ជាការបាញ់ប្រហារដ៏សាហាវបំផុតមួយ នៅប្រវត្តិសាស្ត្រអាមេរិក ចាប់តាំងពីការបាញ់យ៉ាងសម្លាប់រង្គាលនៅសាលាបឋមសិក្សា កាលពី១០ឆ្នាំមុន ដែលសម្លាប់មនុស្សជិត៣០នាក់ ភាគច្រើនជាកុមារ។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំម្នាក់ បានបាញ់ប្រហារនៅសាលាបឋមសិក្សា ឈ្មោះ សែនឌី ហូក (Sandy Hook) នៅក្នុងរដ្ឋចន់ណិចទីខាត់ (Connecticut) ដោយសម្លាប់មនុស្សសរុប២៦នាក់ ក្នុងនោះក្មេងសិស្សសាលា ដែលមានអាយុចន្លោះពី៦ឆ្នាំ ទៅ៧ឆ្នាំ និងប្រាំមួយនាក់ជាបុគ្គលិករបស់សាលា។
មន្ត្រីនគរបាលអាមេរិក បានបញ្ជាក់ថា ការសម្លាប់នេះ កើតឡើងនៅវេលាថ្ងៃជិតត្រង់ ក្នុងសាលាបឋមសិក្សា ដែលកូនសិស្សតូចៗ រៀននៅថ្នាក់ទី២ ដល់ទី៤ នាទីប្រជុំជនតូចមួយ ស្ថិតនៅភាគខាងលិចនៃទីក្រុង សាន់ អាន់តូនីញ៉ូ(San Antonio) ដោយមានគ្រូបង្រៀនម្នាក់ រីឯកុមារជាច្រើននាក់ផ្សេងទៀតបានរងរបួស។
មន្ត្រីនគរបាល បាននិយាយទៀតថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំ គឺមនុស្សធ្លាប់រៀននៅវិទ្យាល័យក្បែរនោះ បានកាន់អាវុធជាច្រើនដើម ដើម្បីបាញ់ប្រហារលើសាលានេះ។ ភ្លាមៗនោះ មន្ត្រីនគរបាល បានបាញ់សម្លាប់ខ្មាន់កាំភ្លើងរូបនេះ នៅកន្លែងកើតហេតុតែម្តង។
កាលពីសប្តាហ៍មុន ខ្មាន់កាំភ្លើងម្នាក់ អាយុ១៨ឆ្នាំ បានបើកការបាញ់ប្រហារយ៉ាងព្រៃផ្សៃ ដោយសម្លាប់មនុស្ស១០នាក់ នៅក្នុងហាងលក់គ្រឿងទេសមួយកន្លែង ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាខ្លីមួយពីសេតវិមាន កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) មានអារម្មណ៍រំជួលចិត្ត នៅពេលលោកនឹកឃើញដល់ការបាញ់ប្រហារនានា និងបានអំពាវនាវឲ្យចាត់វិធានការទប់ស្កាត់ទង្វើបាញ់សម្លាប់យ៉ាងអនាធិបតេយ្យបែបនេះ ដែលតែងតែកើតមានជាហូរហែ នៅលើទឹកដីអាមេរិក៕