តូក្យូ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នៅថ្ងៃអង្គារនេះ បាននិយាយអះអាងថា មិនមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក លើដែនដីកោះតៃវ៉ាន់ គឺមួយថ្ងៃបន្ទាប់ពីលោកបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារពីការវាយសង្គ្រប់យកមកគ្រប់គ្រងវិញ ពីសំណាក់រដ្ឋាភិបាលចិន។

ការកើនកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន បានកើតឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងតូក្យូ របស់មេដឹកនាំបួនប្រទេស មានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការធានាពីសេរីភាព និងការបើកចំហ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឈមមុខជាមួយប្រទេសចិន។

នៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់ជាថ្មីថា ​ តើ​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​លើ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ​ លោក ចូ បាយដិន បាន​ឆ្លើយ​តប​ថា «ទេ គោលការណ៍មិនផ្លាស់ប្តូរទាល់តែសោះ។ ខ្ញុំបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំ រួចហើយកាលពីម្សិលមិញ»។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន ហើយចាត់ទុកជាបញ្ហាដ៏រសើប និងសំខាន់បំផុត នៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

ការអត្ថាធិប្បាយរបស់លោក ចូ បាយដិន ចង់ប្រើកម្លាំងយោធាសហរដ្ឋអាមេរិក ដើម្បីការពារកោះតៃវ៉ាន់ពីការវាយសង្គ្រប់របស់ចិន គឺជាការអះអាងចុងក្រោយបង្អស់ នៃការអះអាង ដែលគេមើលទៅហាក់ដូចជាមិនច្បាស់លាស់។

អ្នករិះគន់ខ្លះបានលើឡើងថា លោកប្រធានាធិបតីអាមេរិក បាននិយាយខុសចំពោះបញ្ហានេះ ឬធ្វើឲ្យមានភាពច្របូកច្របល់ ហើយការភ័ន្តច្រឡំចំពោះបញ្ហាបែបនេះ នឹងបញ្ឆេះកំហឹងឲ្យចិន បើកការវាយប្រហារលើកោះតៃវាន់។

តាមការគ្រោងទុកនៃរបៀបវារៈប្រជុំរបស់មេដឹកនាំប្រទេសទាំងបួននេះ គឺមិនផ្តោតសំខាន់លើបញ្ហាកោះតៃវ៉ាន់ទេ គឺផ្តោតលើការព្រួតគ្នាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែលលោ ចូ បាយដិន ចាត់ទុកថា ជាបញ្ហាសកល។

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បាននិយាយបន្ទរតាមលោក ចូ បាយដិន ដោយប្រឹងស្រែកថ្កោលទោសប្រទេសរុស្ស៊ី ដោយនិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន កំពុងតែធ្វើឲ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ ជាពិសេសប៉ះពាល់ដល់គោលការណ៍របស់អង្គការសហប្រជាជាតិ។

រីឯខ្លឹមសារក្នុងសុន្ទរកថានាយករដ្ឋមន្ត្រីឥណ្ឌាវិញ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បែរជាមិននិយាយទាល់តែសោះ សូម្បីតែឈ្មោះប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី ឬប្រទេសចិន។

ងាកទៅស្តាប់នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី របស់អូស្ត្រាលី គឺលោក អែនតូនី អាលបានីស (Anthony Albanese) បែរជានិយាយតែពីបញ្ហាប្រែប្រួលអាកាសធាតុ ហើយសំណូមពរឲ្យមេដឹកនាំទាំងបួនប្រទេស គួរផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាជាងគិតតែរឿងកោះតៃវ៉ាន់ និងអ៊ុយក្រែន។

កន្លងមកថ្មីនេះ មេដឹកនាំឥណ្ឌា បានធ្វើឲ្យសហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង ព្រោះតែមិនចេញមុខគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងមិនចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយសារប្រទេសឥណ្ឌា មានទំនាក់ទំនងល្អជាយូរអង្វែងជាមួយរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធ និងប្រេង។ ដូច្នេះ លោក ណារិនដ្រា ម៉ូឌី មិនភ្លេចពីផលប្រយោជន៍ឥណ្ឌាជាមួយរុស្ស៊ីឡើយ៕

By Ana

You missed