វ៉ាស៊ីនតោន៖ តាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក សភាអាមេរិក នៅថ្ងៃទី១២ ខែឧសភានេះ បានអនុម័តកញ្ចប់ថវិកាជំនួយ គិតជាទឹកចំនួន៤០ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងយោធូបករណ៍ផ្សេង សម្រាប់ច្បាំងតទល់នឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។

សមាជិកសភា បានអនុម័តក្នុងសំឡេងគ្រាំទ្រច្រើនលើសលប់ នូវកញ្ចប់ថវិកាដ៏ច្រើនសម្បើម ដោយផ្តល់ប្រាក់ចំនួន៧ពាន់លានដុល្លារបន្ថែមទៀត លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បាយដិន សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន។

កញ្ចប់ថវិកាជំនួយនេះ​ ត្រូវ​បញ្ជូន​ទៅឲ្យ​ព្រឹទ្ធសភាអនុម័តយល់ព្រម នាពេលឆាប់ៗខាងមុខ ដែលក្រោយលោកប្រធានាធិបតី នឹងចុះហត្ថលេខា ឲ្យអនុវត្តភ្លាមៗតែម្តង ដើម្បីរដ្ឋាភិបាលមានសិទ្ធិបញ្ជូនកញ្ចប់ថវិកា និងសព្វាវុធឲ្យរដ្ឋាភិបាលអ៊ុយក្រែន ខណៈយោធូបករណ៍របស់ទាហានអ៊ុយក្រែន ស្ទើរអស់ពីឃ្លាំងទៅហើយ។

ជំនួយនេះនឹងជួយទ្រទ្រង់យោធា និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ក៏ដូចជាបំពេញបន្ថែមផ្នែកសព្វាវុធ​ ដែល​ក្រសួងការពារជាតិអាមេរិក ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រៅ​ប្រទេស ដើម្បី​ដោះស្រាយបញ្ហាកង្វះខាត​ស្បៀង​អាហារលើសកលលោក ដោយសារសង្គ្រាម ដែលធ្វើឲ្យកសិករអ៊ុយក្រែនមិនអាចធ្វើកសិកម្មផ្សេងៗទៀតបាន។

ការអនុម័តយល់ព្រមនៅក្នុងសភា គឺទទួលបានការ​គាំទ្រ​ពីសមាជិកមកពីគណបក្ស​ប្រជាធិបតេយ្យ​ ក្រោយពីមានការជជែកដេញដោល ឆ្លុះបញ្ចាំងពីទស្សនៈមួយ និងចែករំលែកយ៉ាងទូលំទូលាយ បង្ហាញឲ្យឃើញថា សមាជិកសភាអាមេរិក មកទាំងពីគណបក្សប្រជាធិបតី និងគណបក្សសាធារណៈរដ្ឋ សុទ្ធតែឈរជំហ់ជួយប្រទេសអ៊ុយក្រែន។

លោកស្រី ខេ គ្រែងហ្គ័រ (Kay Granger សមាជិកសភាមកពី​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​ថា​ ការអនុម័តកញ្ចប់ជំនួយនេះ គឺជាសារផ្ញើសារដ៏សំខាន់មួយទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។

លោកស្រីបាននិយាយដូច្នេះថា នៅពេលប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង មើលឃើញការឆ្លើយតបបែបនេះ មេដឹកនាំប្រទេសទាំងនេះនឹងគិតថា អាមេរិកឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ហើយនឹងធ្វើអ្វីៗសព្វយ៉ាង ដើម្បីការពារផលប្រយោជន៍អាមេរិកនៅបរទេស។

រដ្ឋាភិបាលក្រុង​ម៉ូស្គូ​ នាពេលកន្លងមកបាននិយាយ​ថា ការ​ផ្គត់ផ្គង់​សព្វាវុធ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​សង្គ្រាមនៅអ៊ុយក្រែនកាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​ និង​កំពុងពង្រីកភាគីពាក់ព័ន្ធនៃ​ជម្លោះប្រដាប់អាវុធមយយនេះ។

នាពេលកន្លងមកថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី​ បាននិយាយព្រមានសហរដ្ឋអាមេរិក ចំពោះការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដោយនិយាយថា ការផ្តល់អាវុធ គឺ«ជា័ការចាក់សាំងលើអណ្តាតភ្លើង»។

ចាប់តាំងពីឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា ក្នុងទឹកប្រាក់ប្រហែល៧០០០លានដុល្លារ ដល់អ៊ុយក្រែន  រីឯជំនួយផ្នែកសព្វាវុធ ក្នុងតម្លៃទឹកប្រាក់៣៧០០លានដុល្លារ ត្រូបានផ្តល់ជាបន្តបន្ទាប់ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កាលពីពីរខែមុន។

នៅក្នុងការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 លោក អាណាតូលី អានតូណូវ (Anatoly Antonov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា ការប្រគល់សម្ភារៈយោធាទៅឲ្យអ៊ុយក្រែន បានបង្កើនគូភាគីនៅក្នុងជម្លោះ ដែលឥឡូវនេះឈានចូលដល់ថ្ងៃទី៦២ហើយ។

លោក អាណាតូលី បាននិយាយថា «យើងបានសង្កត់ធ្ងន់លើការមិនអាចទទួលយកបាននៃស្ថានភាពនេះ នៅពេលសហរដ្ឋអាមេរិកដឹកជញ្ជូនសព្វាវុធចូលទៅក្នុងអ៊ុយក្រែន ហើយយើងទាមទារឲ្យបញ្ចប់នូវទង្វើបែបបនេះ»។

មុននឹងនិយាយបែបនេះ លោក អាណាតូលី ដែលជាឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក ក៏បានដាក់កំណត់ទូតផ្លូវការ ទៅឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។

លោកបាននិយាយបន្ថែមថា «អ្វីដែលជនជាតិអាមេរិកាំងកំពុងធ្វើ គឺចាក់សាំងលើអណ្តាតភ្លើង។ ខ្ញុំឃើញតែការប្រឹងបង្កើនភាគីពាក់ព័ន្ធ ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងឃើញការខាតបង់កាន់តែច្រើន»៕

By Ana

You missed