ភ្នំពេញ៖ នាវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជនបួននាក់ បានចូលចាប់ជំរិត និងប្លន់សម្លាប់ម្ចាស់ផ្ទះតាមផែនការ ប៉ុន្តែមិនបានសម្រេចនៅក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងបួននាក់ ស្លាប់នៅនឹងកន្លែងតែម្តង។
អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិត និងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះ ជុំគ្នារសៀលពេកមិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី២៧វិញ តែដោយថ្ងៃទី២៧ ជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទ ទី១ ខែមីនា នេះតែម្តង។
តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែកនូវសាច់ប្រាក់មួយលានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូចរបស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន យកទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ដើម្បីឲ្យពួកវាដកលុយ។ ផែនការបន្ទាប់ ក្រោយពីដកលុយបានហើយ ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ ព្រមទាំងកូនៗប្រាំមួយនាក់ និងអ្នកបម្រើពីរនាក់ សរុប១០នាក់ ហើយប្លន់យកលុយ និងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះពីរគ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃ គឺមិនបាច់រត់ទៅណាទេ។
គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។ តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំពួកវាចូលអន្ទាក់វិញ អស់រយៈពេល៤ថ្ងៃមកហើយ។ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រុមឧក្រិដ្ឋជនទាំងបួននាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងបួននាក់ ស្លាប់នៅនឹងកន្លែង។
ក្រោយពេលប្រតិបត្តិការបានបញ្ចប់លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល ជាការលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ និងជួយសង្គ្រោះម្ចាស់ផ្ទះ ឲ្យមានសុវត្ថិភាពគ្រប់គ្នា។
ពាក់ព័ន្ធនឹងអត្តសញ្ញាណមេក្លោងប្លន់ចាប់ជំរិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធបញ្ជាការដ្ឋានអង្គរក្ស នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។
លិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គល-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនជាប័ណ្ណដែលចេញដោយបញ្ជាការដ្ឋានអង្គរក្សនោះទេ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ៕
https://youtu.be/2Pvq745oonQ