កៀវ៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក នៅថ្ងៃនេះ បានធ្វើដំណើរយ៉ាងសម្ងាត់ ទៅដល់ទីក្រុងកៀវ និងបានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន ដើម្បីរៀបចំផែនការផ្តល់ជំនួយផ្នែកសព្វាវុធ សម្រាប់វាយទប់ទល់នឹងការឈ្លានពានពីកងទ័ពរុស្ស៊ី។

នៅក្នុងដំណើរទស្សនកិច្ចយ៉ាងសម្ងាត់នេះ រដ្ឋមន្ត្រីការបរទេស លោក អែនតូនី ប្លីងគិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ លោក ឡយ អូស្ទីន (Lloy Austin) បានសន្យាថា នឹងផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន ជាចំនួនទឹកប្រាក់៣២២លានដុល្លារ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី អ៊ុយក្រន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodimyr Zelensky) នៅក្នុងទីក្រុងកៀវ។

នៅក្នុងជំនួបនេះ ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការស្ងើចសរសើរចំពោះជំនួយសព្វាវុធពីសហរដ្ឋអាមេរិក ដោយលោកលើកឡើងថា អ៊ុយក្រែនមិនអាចទទួលបានជ័យជម្នះទេ ប្រសិនបើមិនមានសព្វាវុធទំនើបៗ ដើម្បីតទល់នឹងកងទ័ពរុស្ស៊ី ដែលកំពុងវាយសម្រុកយ៉ាងខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងប្រទេស។

រដ្ឋមន្ត្រីទាំងពីររបស់សហរដ្ឋអាមេរិក ក៏​និយាយបញ្ជាក់​ដែរ​ថា នៅពេលឆាប់ៗខាងនេះ លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង អិលវីវ (Lviv) ភាគ​ខាង​លិចអ៊ុយក្រែន ​ដែលជាទីក្រុងនៅក្បែរព្រំដែនប្រទេសប៉ូឡូញ និងជាទីតាំងច្រកយុទ្ធសាស្ត្រសម្រាប់ជញ្ជូនគ្រឿងសព្វាវុធពីប្រទេសអាមេរិក និងពីបណ្តាប្រទេសផ្សេងទៀត យកទៅឲ្យទាហានអ៊ុយក្រែននសម្រាប់ច្បាំងជាមួយទាហានរុស្ស៊ី។

ស្របពេលជាមួយគ្នានេះដែរ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅអឺរ៉ុប ហៅកាត់ថា OSCE បានអំពាវនាវឲ្យមានការដោះលែងសមាជិករបស់ខ្លួន ដែលត្រូវបានចាប់ឃុំខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ពីសំណាក់ក្រុមផ្តាច់ខ្លួននៅក្នុងដែនដូនបាស់ (Donbass) ភាគខាងកើតអ៊ុយក្រែន និងជាតំបន់កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង។

មន្ត្រីរដ្ឋាភិបាលក្រុងកៀវ បាននិយាយថា កាំជ្រួចផ្លោងរបស់រុស្ស៊ី ចំនួនប្រាំបួនគ្រាប់ បានវាយប្រហាររោងចក្រថាមពលកំដៅ និងរោងចក្រចម្រាញ់ប្រេង នៅក្រុង ក្រេមិនជុក (Kremenchuk) ដោយធ្វើឲ្យប៉ះពាល់ដល់ដំណើររោងចក្រថាមពល គឺមាន​ន័យ​ថា​ លំនៅឋាន​ភាគ​ច្រើន​នៃក្នុង​ទីក្រុងនេះ ​គឺ​គ្មាន​ប្រព័ន្ធទឹក​ក្តៅសម្រាប់ផ្តល់កម្តៅក្នុងផ្ទះឡើយ។ ចំណែកការ​បាញ់​ផ្លោង​ពីកងទ័ពរុស្ស៊ី​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​គឺ​កាន់តែខ្លាំងឡើងៗ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី។

សេចក្តីរាយការណ៍នានា បានឲ្យដឹងថា សំឡេងផ្ទុះ​បានឮឡើង និងមានផ្សែងខ្មៅខ្មួលខ្មាញ់ នៅ​ទីក្រុង អិលវីវ ស្របពេល​សំឡេង​ស៊ីរ៉ែន ព្រមានពីការវាយ​ប្រហារ​តាម​អាកាសពីសំណាក់រុស្ស៊ី ​បាន​បន្លឺ​ឡើងនៅស្ទើរទូទាំងប្រទេសអ៊ុយក្រែន។

ប្រមុខ​ការពារជាតិ​អាមេរិក​ បាននិយាយ​ថា អ៊ុយក្រែន​អាច​ឈ្នះ​រុស្ស៊ី​ ប្រសិនបើមាន​សព្វាវុធទំនើបៗគ្រប់គ្រាន់ ដូច្នេះហើយ លោកជឿថា អ៊ុយក្រែនអាចឈ្នះបាន៕

By Ana

You missed