ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយព្រមានរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីម្សិលមិញថា ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលវ៉ាស៊ីនតោន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបង្កជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយមិនត្រឹមត្រូវ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today បានឲ្យដឹងថា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល៤៥នាទី ដែលផ្តួចផ្តើមដោយភាគីអាមេរិក លោក វ៉ី ហ្វេងហឺ (Wei Fenghe) បានបញ្ជាក់ជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រាប់រដ្ឋមន្ត្រីការពារជាតិងអាមេរិក គឺលោក ឡយ អូស្ទីន (Lloy Austin) យ៉ាងច្បាស់ថា កោះតៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ពីចិនបានឡើយ ដោយទទូចថា «វាគឺជាការពិត និងស្ថានភាពដែលគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានឡើយ»។
បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិនវិញ បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន ចង់ធ្វើគ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ដោយមិនឲ្យប្រទេសណាមួយលូកដៃចូលឡើយ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក វ៉ី ហ្វេងហឺ ក៏បានព្រមានលោក ឡយ អូស្ទីន ដោយចំៗថា ការដោះស្រាយខុសណាមួយរបស់សហរដ្ឋអាមេរិក ចំពោះបញ្ហាដែនដីតៃវ៉ាន់ នឹងក្លាយជាផលប៉ះពាល់បំផ្លិចបំផ្លាញដល់ទំនាក់ទំនងទ្វេភាគី ចិន-អាមេរិក។
សម្រាប់សហរដ្ឋអាមេរិកវិញ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះ ទោះបីធ្លាប់ជាទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា ជាអាជ្ញាធរស្របច្បាប់តែមួយគត់នៅក្នុងប្រទេសចិន ក៏រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបញ្ចេញទង្វើយ៉ាងសកម្ម ដើម្បីគាំទ្រ និងជំរុញកោះតៃវ៉ាន់ប្រកាសឯករាជ្យរបស់ខ្លួន ដោយសហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់សព្វាវុធសម្រាប់ធ្វើសង្គ្រាមជាមួយចិនដីគោក។
កាលពីសប្តាហ៍មុន យោធាចិន បានធ្វើសមយុទ្ធដ៏ធំមួយ នៅច្រកសមុទ្រតៃវ៉ាន់ ចំពេលមានដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ នៃសមាជិកព្រឹទ្ធសភាអាមេរិក ទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់។
ចំណែកប្រធានបទនៃប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមបញ្ហា ដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានលើកពិភាក្សាផងដែរ ដែលក្នុងឱកាសនោះ លោក វ៉ី ហ្វេងហឺ បានប្រាប់លោក ឡយ អូស្ទីន ដោយទទូចថា អាមេរិកមិនគួរប្រើវិបត្តិនេះ «ដើម្បីលាបពណ៌ និងដាក់សម្ពាធលើប្រទេសចិនឡើយ»។
កាលពីខែមីនា ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានប្រាប់មេដឹកនាំចិន គឺ ស៊ី ជីនភីង (Xi Jinping) ដោយនិយាយថា វានឹងមានផលវិបាកធ្ងន់ធ្រសម្រាប់ចិន ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំង ផ្តល់ជំនួយជាសម្ភារៈណាមួយដល់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងអំឡុងពេលជម្លោះនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសចិនមិនចូលរួមថ្កោលទោស ប្រតិបត្តិការយោធារុស្ស៊ី ឬចូលរួមដាក់ទណ្ឌកម្មដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូឡើយ ដោយរក្សាជំហរអព្យាក្រឹតរបស់ខ្លួនដដែល។
អ្នកវិភាគផ្នែកយោធារបស់អាមេរិកមួយចំនួន ក៏បានទទូចថា រដ្ឋាភិបាលក្រុងប៉េកាំង បានតាមដានយ៉ាងដិតដល់ ចំពោះព្រឹត្តិការណ៍ក្នុងប្រទេសអ៊ុយក្រែន និងបានយកមកធ្វើមេរៀនក្នុងការត្រៀមខ្លួនសម្រាប់ការវាយប្រហារចូលកាន់កាប់ដែនដីកោះតៃវ៉ាន់។
នៅក្នុងកិច្ចសន្ទនានេះដែរ រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយប្រាប់រដ្ឋមន្ត្រីការពារជិតអាមេរិកថា រដ្ឋាភិបាលទីក្រុងប៉េកាំងចង់បង្កើតឲ្យមានទំនាក់ទំនងល្អូកល្អើន និងមានស្ថិរភាព ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយឃើញយោធានៃប្រទេសទាំងពីរ អាចពង្រឹងកិច្ចសន្ទនារបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទោះយ៉ាងណាក៏ដោយ ជនជាតិអាមេរិក មិនគួរមើលស្រាលចំពោះការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ជនជាតិចិន ក្នុងការការពាររបស់ខ្លួនឡើយ។
នេះគឺជាការសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូងបង្អស់ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីលោកឧត្តមសេនីយ៍ ឡយ អូស្ទីន ឡើងកាន់តំណែងនៅមន្ទីរបញ្ចកោណអស់រយៈពេលមួយឆ្នាំកន្លងមកនេះ៕