អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន កំពុងតែប្រឹងជួយសង្គ្រោះជនស៊ីវិលរាប់រយនាក់ ជ្រកកោននៅក្នុងរោងមហោស្រពមួយ ដែលត្រូវបានកម្ទេចដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង ម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធជាប់ ហើយកាំភ្លើងធំរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ​ បានបំផ្លាញលំនៅជនស៊ីវិលថែមទៀត។

ក្រុមប្រឹក្សាក្រុង ម៉ារីយូប៉ូល បានបង្ហាញរូបថតអំពីផ្នែកទាំងមូលនៃរោងមហោស្រពដ៏ធំ ដែលមានកម្ពស់បីជាន់ដួលរលំ ជាប់គាំងមនុស្សរាប់រយនាក់ ដែលបានលាក់ខ្លួនក្នុងអគារនេះ ដើម្បីសុវត្ថិភាពបន្ទាប់ពីកងទ័ពរុស្ស៊ី ព័ទ្ធជាប់ទីក្រុងកំពង់ផែសមុទ្រមួយនេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន អេភី របស់អាមេរិក បានឲ្យដឹងថា គំនរបែកបាក់កប់បាត់ច្រកចូលទៅក្នុងរោងមហោស្រព ហើយគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬរងរបួសនោះទេ។

ទីភ្នាក់ងារដដែលបានឲ្យដឹងទៀតថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក៏បានវាយប្រហារលើអាងហែលទឹកក្នុងក្រុងនេះថែមទៀត ដែលមានជនស៊ីវិលរួមទាំងស្ត្រី និងកុមារ កំពុងជ្រកកោន។ 

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីការវាយប្រហារនៅរោងមហោស្រពថា «បេះដូងរបស់ខ្ញុំដាច់ចេញពីអ្វី ដែលរុស្ស៊ីកំពុងធ្វើចំពោះប្រជាជនរបស់យើង»។ 

ចំណែកក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការទម្លាក់គ្រាប់បែកលើរោងមហោស្រព ឬកន្លែងផ្សេងទៀត នៅក្នុងទីក្រុងម៉ារីយូប៉ូល និងចោទរុស្សីថា កាំភ្លើងធំរបស់រុស្ស៊ីបានបំផ្លាញសាលារៀន និងមជ្ឈមណ្ឌលមួយនៅជិតទីក្រុង ខាងគីវ ស្ថិតនៅភាគឦសានអ៊ុយក្រែន ដែលតំបន់រង​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង ពេល​កងទ័ព​​រុស្ស៊ី​ព្យាយាម​រុល​ចូលកាន់កាប់។

រីឯក្រុមង្គ្រោះបន្ទាន់អ៊ុយក្រែន បានឲ្យដឹងថា អគារផ្ទះល្វែងមួយកន្លែង នៅក្នុងទីក្រុងគៀវ ត្រូវបានឆាបឆេះ បន្ទាប់ពីរងការវាយប្រហារពីកងទ័ពរុស្ស៊ី ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសយ៉ាងតិចបីនាក់ផ្សេងទៀត។ ក្រុមអ្នកពន្លត់អគ្គីភ័យបានជម្លៀសមនុស្ស៣០នាក់ ចេញពីជាន់ខាងលើនៃអគារកម្ពស១៦ជាន់ ហើយបានពន្លត់ភ្លើងឆេះនោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធថា ប្រជាជនរុស្ស៊ី ដែលមិនគាំទ្រគាត់ ទោះបីជាភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមចំពោះការខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់ការប្រយុទ្ធគ្នាក៏ដោយ។

លោកបាននិយាយថា ប្រជាជនរុស្ស៊ី “នឹងតែងតែអាចបែងចែកអ្នកស្នេហាជាតិពិតប្រាកដ និងជនក្បត់ជាតិ ។ ខ្ញុំ​ជឿជាក់​ថា ការ​សម្អាត​ខ្លួន​ឯង​តាម​បែប​ធម្មជាតិ គឺជាការ​ចាំបាច់​ដើម្បី​ពង្រឹង​ប្រទេស​របស់​យើង​តែ​ម្តង»។

លោកបាននិយាយថា មេដឹកនាំបណ្តាប្រទេសលោកខាងលិច កំពុងប្រើជនក្បត់ជាតិរុស្ស៊ី ដើម្បីបង្កើតចលាចលក្នុងសង្គម ហើយមានគោលដៅតែមួយគត់ គឺការបំផ្លិចបំផ្លាញនៃប្រទេសរុស្ស៊ី៕

By Ana

You missed