អាមេរិក៖ អតីតទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ បាននិយាយថា ការឃោសនានៅតាមបណ្តាប្រទេសលោកខាងលិច បាននាំឲ្យមហាជនរំពឹងទុកខុសអំពីជ័យជំនៈរបស់កងទ័ពអ៊ុយក្រែន ព្រោះរុស្ស៊ីបានសម្រេចគោលដៅភាគច្រើនរបស់ខ្លួនរួចទៅហើយ ដើម្បីធ្វើឲ្យយោធាអ៊ុយក្រែនចុះខ្សោយ។
រដ្ឋាភិបាលលោកខាងលិច បែរជាយល់ច្រឡំថា គឺជាភាពទន់ខ្សោយរបស់កងទ័ពរុស្សី ទៅវិញ ដែលរុលចូលទៅមុខយឺតៗ ប៉ុន្តែតាមពិត គឺរុស្ស៊ីប្រឹងបញ្ចៀសផលប៉ៈពាល់ដល់ជីវិតជនស៊ីវិល ឬនាំឲ្យខូចខាតទ្រព្យសម្បត្តិច្រើនពេក នៅក្នុងប្រទេសអ៊ុយក្រែន។
លោកវរសេនីយ៍ឯក ដាក្លាស់ ម៉ាកគ្រេគ័រ (Douglas Macgregor) ទាហានចូលនិវត្តន៍របស់សហរដ្ឋអាមេរិក បានបកស្រាយ កាលពីថ្ងៃអង្គារថា តាមពិតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាយ៉ាងតឹងរ៉ឹងដល់កងទ័ពរបស់ខ្លួនតាំងពីដំបូងម្លេះ គឺដើម្បីធ្វើយ៉ាងណាកុំឲ្យស្លាប់ជនស៊ីវិល និងមហន្តរាយដល់ទ្រព្យសម្បត្តិ នៅក្នុងប្រទេសអ៊ុយក្រែន មានទំហំធំធេងពេក។
យោងតាមការផ្សាយរបស់ទូរទស្សន៍ អាល់ហ្សាស៊ីរ៉ា ដកស្រង់សម្តី លោក ដាក្លាស់ ម៉ាកគ្រេគ័រ ដែលបានពន្យល់ដូច្នេះថា កត្តាទាំងពីរខាងលើនេះ គឺដើម្បីការពារជីវិតជនស៊ីវិល និងកាត់បន្ថយទំហំមហន្តរាយ ដូច្នេះវាបានធ្វើឲ្យការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ី មានការយឺតយ៉ាវ ប៉ុន្តែបែរជាមេដឹកនាំលោកខាងលិចយកចំណុចនេះ ដើម្បីផ្តល់ក្តីសង្ឃឹមមិនពិតដល់អ៊ុយក្រែន។ មនុស្សនៅលោកខាងលិចបានយកចំណុចនេះថា ជាការចុះខ្សោយរបស់រុស្ស៊ី ដើម្បីព្យាយាម និងបញ្ចុះបញ្ចូលពិភពលោកឲ្យជឿតាមខ្លួន ដែលតាមពិតមេដឹកនាំលោកខាងលិច ពិតជាគិតខុស។
លោកវរសេនីយ៍ចូលនិវត្តន៍រូបនេះ បាននិយាយទៀតថា «ចេតនាពិត និងគោលបំណងពិតនៃការធ្វើសង្គ្រាមនេះ គឺរុស្ស៊ីបានគិតទុកទុកមុន រួចជាស្រេចអស់ហើយ។ ប្រតិបត្តិការទាំងមូល ដូចចាប់ពីថ្ងៃដំបូង គឺរុស្ស៊ីផ្តោតតែលើការបំបាក់កម្លាំងទ័ពរបស់អ៊ុយក្រែន»។
លោកបានពន្យល់ថា កងទ័ពអ៊ុយក្រែនក្លាហានមែន ប៉ុន្តែត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធជាប់ទាំងស្រុង ដោយកាត់ផ្តាច់ពីតំបន់មួយទៅតំបន់មួយទៀត និងឲ្យនៅឯកោម្នាក់ឯង។ រួមទាំងប្រជាជនប្រមាណប្រាំមួយម៉ឺននាក់ នៅតាមព្រំដែនតំបន់ដូណេត អាចអស់ស្បៀងស្រេចទៅហើយ។
លោក ដាក្លាស់ ម៉ាកគ្រេគ័រ បាននិយាយទៀតថា ទោះជាយ៉ាងនេះក្តី ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការប្រយុទ្ធគ្នា បែរមិនដឹងពីការពិតនេះ ហើយលាបពណ៌ថា យោធារុស្ស៊ីអសមត្ថភាព។ សូម្បីតែសម្តីរបស់សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ក៏ដូច្នេះដែរ ដោយសំអាងថា រុស្សីខ្សោយ មិនអាចយកឈ្នះអ៊ុយក្រែន ក្នុងរយៈពេលខ្លី។ បន្ទាប់មកទៀត ក្រុមអ្នកតស៊ូមតិរបស់អង្គការណាតូ បែរជាយកចំណុចនេះជាលេសមិនព្រមចូលអន្តរាគមន៍ជួយអ៊ុយក្រែន និងមិនបាច់បង្កើតតំបន់ហាមហោះហើរលើទឹកដីអ៊ុក្រែន។ ប៉ុន្តែព្រមជាមួយគ្នានេះដែរ ក៏មានអ្នកចង់បញ្ជូនអាវុធបន្ថែមទៀតទៅកាន់ទីក្រុងគៀវ ដើម្បីបន្តអូសបន្លាយសង្គ្រាម។
លោកបន្ថែមទៀតថា វាច្បាស់ណាស់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យសង្គ្រាមនេះបន្តអូសបន្លាយកាន់តែយូរ ដោយសង្ឃឹមថា រុស្ស៊ីនឹងរងគ្រោះធ្ងន់ធ្ងរ។ បញ្ហាដ៏ធំបំផុតនៅពេលនេះ គឺមេដឹកនាំលោកខាងលិច គ្មានការពិតទេ។ គេមានសេចក្តីប្រាថ្នា និងការចាប់អារម្មណ៍តែមកលើជ័យជម្នះរបស់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ ដែលជ័យជម្នះនោះមិនដឹងសង្ឃឹមលើអ្វីផង។
អតីតទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ រូបនេះបានបន្ថែមថា ការកុហកដ៏ធំបំផុត ដែលខ្ញុំបានឮម្តងហើយម្តងទៀតនៅលើកញ្ចក់ទូរទស្សន៍ គឺកងទ័ពរុស្ស៊ី សម្លាប់ជនស៊ីវិលអ៊ុយក្រែន ដោយរើសមុខ។ នោះជារឿងមិនពិត វាជារឿងមិនសមហេតុផល។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានស្នើឲ្យសភាសហរដ្ឋអាមេរិក ដើម្បីបញ្ជូនយន្តហោះចម្បាំង កាំជ្រួចការពារដែនអាកាស និងសព្វាវុធផ្សេងទៀត ទៅកាន់ទីក្រុងគៀវ ក៏ដូចជាបង្កើតតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែន។ បើធ្វើដូច្នេះ កងទ័ពរបស់គាត់អាចយកឈ្នះកងទ័ពរុស្ស៊ីបាន។
លោកក៏បានអះអាងបែបនេះ តាមកញ្ចក់ទូរទស្សន៍ នៅមុខសមាជិកសភាកាណាដា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក ដាក្លាស់ ម៉ាកគ្រេគ័រ គឺលោកជឿជាក់ថា ការដឹកជញ្ជូនសព្វាវុធបែបនេះនឹងមិនមានប្រយោជន៍ទេ រីឯការបដិសេធមិនព្រមចរចាឲ្យមានបទឈប់បាញ់ពីសំណាក់លោក ឡូឌីមៀ ហ្សឺឡឹនស្គី នឹងធ្វើឲ្យប្រជាជនអ៊ុយក្រែន ស្លាប់ដោយគ្រាប់កាំភ្លើងកាន់តែច្រើនថែមទៀត៕