អន្តរជាតិ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ ក្បួនរថយន្ត ក្បួនរថគ្រោះ និងក្បួនរថពាសដែក រាប់ពាន់គ្រឿង បានបើកឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន កំដរដោយទាហានរាប់សែននាក់ ប្រដាប់ដោយអាវុធទំនើបៗ ដើម្បីចូលឈ្លានពាន និងបំផ្លាញមូលដ្ឋានទ័ពអ៊ុយក្រែន។ ចំណែកការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស ក៏ចាប់ផ្តើមយ៉ាងកក្រើកពិភពលោកដែរ។
មុននឹងចូលឈ្លានពាន ស្ទើរគ្រប់ក្បួនយុទ្ធោបករណ៍ទាំងនេះ មានអក្សរជាសញ្ញា គឺអក្សរ Z (ហ្ស៊ី) និង អក្សរ V (វី) ហើយបានប្រមូលផ្តុំគ្នាជុំវិញព្រំដែនអ៊ុយក្រែន និងក្រោយមកចាប់ផ្តើមបញ្ជូនកងទ័ពចូលទៅក្នុងតំបន់បំបែកខ្លួន ពីអ៊ុយក្រែន។ ដំបូងឡើយ ចំពោះអត្ថន័យពិតនៃនិមិត្តសញ្ញា ឬហេតុអ្វីបានជាកងទ័ពរុស្ស៊ីប្រើសញ្ញាអក្សរនេះ គឺជាអាថ៌កំបាំង ប៉ុន្តែអ្នកខ្លះបានគិតថា អក្សរ Z គឺសំដៅឈ្មោះ Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលទាហានរុស្ស៊ីចង់ផ្តួលរំលំ ឬចង់សម្លាប់។
រហូតមកដល់ពេលនេះ រូបថត និងវីដេអូ ដែលបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញនូវនិមិត្តសញ្ញាផ្សេងៗគ្នាជាច្រើន ដែលបង្កប់ន័យសន្មតថា រូបទាំងនេះនឹងត្រូវបានប្រើសម្រាប់ការកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័សនៅពីលើ និងជុំវិញសមរភូមិ។ ជាពិសេសនៅពេលយានជំនិះមួយចំនួនធំត្រូវធ្វើដំណើរក្នុងទិសដៅផ្សេងៗគ្នា ហើយស្របពេលកងទ័ពរុស្ស៊ី ចាប់ផ្តើមវាយលុកពីលើអាកាសមកលើមូលដ្ឋានទ័ពអ៊ុយក្រែនតែម្តង។
រហូតមកដល់ពេលនេះ រថក្រោះ កាំភ្លើងធំ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត រថយន្តផ្គត់ផ្គង់ និងរថយន្តដឹកប្រេង សុទ្ធតែត្រូវបានសង្កេតឃើញ មាន សញ្ញាសម្គាល់ដោយប្រើអក្សរទាំងពីរនេះ។ សញ្ញាត្រូវប្រើ គឺមានពណ៌ស ហើយអក្សរឡាតាំង Z និង V ស្ថិតនៅក្នុងរង្វង់ការ៉េ ឬត្រីកោណ។
មានការលើកឡើងថា និមិត្តសញ្ញា Z សំដៅលើឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ (Volodymyr Zelensky) ឬជាឈ្មោះអ្នកនយោបាយជ្រុលនិយមរុស្ស៊ី លោក វ្លាឌីមៀ ហ្ស៊ីរីណូវស្គី (Vladimir Zhirinovsky)។ ការពន្យល់ទាំងពីរនេះ ហាក់បីដូចជាពិតដែរ នៅពេលការពិតមែនទែនមិនទាន់បង្ហាញ។ ចំណែកអក្សរ V ហាក់ដូចជាសំដៅលើអ្នកទាំងពីរនេះដែរ ឬក៏រាប់បញ្ចូល ឈ្មោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។
ចំណែកការពន្យល់ផ្សេងទៀត ដែលមើលទៅហាក់ដូចជាសមហេតុផលជាងនេះ គឺ Z ជាអក្សរចុងក្រោយនៃអក្ខរក្រមឡាតាំង ដែលបង្ហាញពីល្បែងបញ្ចប់ ឬទិសដៅចុងក្រោយសម្រាប់រុស្ស៊ី។
ប្រហែលដោយសារមានការងឿងឆ្ងល់ និងបកស្រាយផ្សេងគ្នាដូច្នេះហើយ ទើបនាពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញនូវខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន ដើម្បីបញ្ជាក់ពីខ្លឹមសារពិតរបស់អក្សរទាំងពីរ ដែលមេដឹកនាំរុស្ស៊ីបានគិតហើយ និងបានបញ្ជាឲ្យអនុវត្ត។
អក្សរ Z ត្រូវបានបកស្រាយថា ឌិណាហ្ស៊ីហ្វីខេសិន (DenaZification) មានន័យថា មិនឲ្យមានរបបបែបណាហ្ស៊ី អល្លឺម៉ង់លើទឹកដីអ៊ុយក្រែន និង Z មួយទៀត ត្រូវបានបកស្រាយថា ឌិមីលីទារ៉ាយសេសិន (DemilitariZation) មានន័យថា រំសាយអាវុធយុទ្ធភ័ណ្ឌ គឺមិនឲ្យអ៊ុយក្រែនមានកងទ័ព ឬមានអាវុធទំនើប។
ចំណែកអក្សរ V ត្រូវបានបកស្រាយថា វិចទ័ររី (Victory) ជ័យជម្នះ, វីតាល់ ថាស់ (Vital Task) បេសកម្មសំខាន់ និង វៀរី ផូឡៃ ភីផល (Every Polite People) មនុស្សស្លូតបូតបំផុត។ ដូច្នេះរុស្ស៊ី បានគិតទុកមុនច្បាស់ណាស់អំពីអក្សរ និងគោលបំណងនៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន ធ្លាប់បាននិយាយទៀតថា ចេតនាពិត និងគោលបំណងពិតនៃការធ្វើសង្គ្រាមនេះ គឺរុស្ស៊ីបានគិតទុកទុកមុន រួចជាស្រេចអស់ហើយ។ ប្រតិបត្តិការទាំងមូល ដូចចាប់ពីថ្ងៃដំបូង គឺរុស្ស៊ីផ្តោតតែលើការបំបាក់កម្លាំងទ័ពរបស់អ៊ុយក្រែន។
លោកបានពន្យល់ថា កងទ័ពអ៊ុយក្រែនក្លាហានមែន ប៉ុន្តែត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធជាប់ទាំងស្រុង ដោយកាត់ផ្តាច់ពីតំបន់មួយទៅតំបន់មួយទៀត និងឲ្យនៅឯកោម្នាក់ឯង។ រួមទាំងប្រជាជនរាប់ម៉ឺននាក់ នៅជាប់គាំងក្នុងតំបន់មួយចំនួន អាចអស់ស្បៀងស្រេចទៅហើយ៕