បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ហាក់ដូចជាមានការហួសចិត្តយ៉ាងខ្លាំង នៅពេលដែល លោកប៉ាន់ខែម ប៊ុនថន ដែលជាអ្នកចុះមកដោះស្រាយ វិវាទដីធ្លី នៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មើលទៅដូចជាមិនមានតម្លាភាព ទាល់តែសោះ ខណៈពេល ដែល លោកមិនព្រមពិនិត្យ ឯកសារ និងលិខិតសម្រេច អោយភាគីលោក លី អ៊ុតនី ចាញ់ក្តី តែបែរជាលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនិមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ គឺដើម្បីរៀបចំដីពុះជាឡូត៍ចែកជូនប្រជាពលរដ្ឋដែលទទួលបានការសម្បទានពីក្រុមគ្រួសារលោកលី អ៊ុតនី។

ប្រជាពលរដ្ឋឆ្ងល់ថា ភាគីលោក លី អ៊ុតនី មិនមានឯកសារអ្វីមកបញ្ជាក់ ក្រៅពី ស.ជ.ណ លេខ១៥៥៣ នោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ ក្នុងវេទិការដោះស្រាយចំនាស់ដីធ្លីទំហំ៩៧ ហិកតា ស្ថិតនៅចំណុច អុងម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន បានលើកឡើងថាជាករណីទំនាស់រាំរ៉ៃរវាងភាគីលោក លី អ៊ុតនី និងភាគីលោក គង់ ជា។

ប៉ុន្តែអ្វីដែលចំឡែកនោះគឺ រាល់ពេលប្រជុំដោះស្រាយទំនាស់នៅសាលាឃុំទួលពង្រ និងសាលាខេត្តបន្ទាយមានជ័យជាច្រើនលើក ក៏ដូចជាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ លើទីតាំងដី ស្ថិតនៅចំណុង អុងម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំនៃវេទិការដោះស្រាយទំនាស់ដីធ្លីពី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងភាគីពាក់ព័ន្ធ ជារៀងរាល់ការជួបប្រជុំខាងលើ គឺភាគីខាងលោក លី អ៊ុតនី (ស្លាប់) ដែលមានកូនប្រុសជាតំណាង មិនដែលឃើញឡើងបង្ហាញឯកសារពាក់ព័ន្ធដីទំនាស់ខាងលើយកមកបកស្រាយបង្ហាញភ័ស្តុតាងនៅចំពោះមុខ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ក្នុងរាល់អង្គប្រជុំម្តងណាឡើយ គឺមានតែ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ទៅវិញទេដែលតែងតែយក ស.ជ.ណ លេខ១៥៥៣ មកសំអាងនៅរាល់អង្គប្រជុំលំអៀងការពារទៅខាងភាគី លោក លី អ៊ិតនី ទៅវិញ។

ដោយឡែកភាគីខាងលោក គង់ ជា តែងតែបង្ហាញពីឯកសារពាក់ព័ន្ធប្រវត្តិដីខាងលើជាភ័ស្តុតាង បញ្ជាក់ថា ៖ ខាងលោក លី អ៊ុតនី តែងតែយក ស.ជ.ណ.១៥៥៣ ចុះថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១២ យកទៅប្តឹងតុលាការ ហើយត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យច្រានចោល (សំណុំរឿងរដ្ឋប្បវេណី) និងសាលាឧទ្ទរណ៍ភ្នំពេញបានតម្កល់រឿងទុកឥតចាត់ការ ( សំណុំរឿងព្រហ្មទណ្ឌ )ជាបន្តបន្ទាប់។ ហេតុនេះដីទំហំ ៩៧ ហិកតាខាងលើ ភាគីខាងលោក លី អ៊ុតនី (ស្លាប់) ដែលមានកូនជាតំណាង គ្មានសិទ្ធិទៅទាមទារលើដីទំហំ ៩៧ ហិកតា ខាងលើនោះទៀតទេ តែបែរជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តបន្ទាយមានជ័យ បានយកករណីដីធ្លីខាងលើនេះយកមកដោះស្រាយលំអៀងទៅខាងភាគីលោក លី អ៊ុតនី ហើយបែរជាចោទប្រកាន់លោក គង់ ជា ជាសាធារណៈថា ៖ ជាអ្នករំលោភបំពានលើដីរបស់ភាគីលោក លី អ៊ុនីទៅវិញ។

មហាជនកត់សម្គាល់ឃើញថា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន កំពុងតែយកទួនាទីទៅគ្រប់ដណ្តប់លើដែនសមត្ថកិច្ចរបស់តុលាការហើយ។ ដូច្នេះករណីខាងលើនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន មិនអាចយកមកដោះស្រាយទៀតឡើយ ដោយករណីវិវាទខាងលើនេះមានសេចក្តីសម្រេចរបស់តុលាការរួចហើយ៕

By Ana

You missed