កណ្តាល៖ លោក លន់ ប៊ុនកន និងអ្នកស្រី តុល ណារី បានឆ្លងកាត់រសជាតិជីវិតល្វីងជូរចត់ លំបាកវេទនា រាប់មិនអស់ដោយសារសង្គ្រាម និងអំពើឃោរឃៅ កើតឡើងពីការបែកបាក់សាមគ្គីជាតិ ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍។

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប្តីប្រពន្ធមួយគូនេះ បានរំឭកថា ក្នុងសម័យសង្គ្រាម កុំគិតឡើយពីការពង្រឹងសេដ្ឋកិច្ចគ្រួសារ ឬជួយកសាងសហគមន៍មួយឲ្យល្អ សូម្បីតែជីវិតខ្លួនឯង ក៏ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ដោយសារគ្មានសន្តិភាព និងគ្មានសុវត្ថិភាព។

ដោយសារសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លន់ ប៊ុនកន ដែលឆ្នាំនេះមានអាយុ៦៩ឆ្នាំ ចំណែកអ្នកស្រី តុល ណារី អាយុ៦១ឆ្នាំ មានឱកាសធ្វើជំនួញ និងមានលទ្ធភាពជួយកសាងផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ ដោយចំណាយថវិកាផ្ទាល់ខ្លួន។

អ្នកទាំងពីរមានទីលំនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯផ្លូវក្រាលក្រួសក្រហម ដែលពួកគាត់កំពុងតែកសាង មានទទឹង៦ម៉ែត្រ និងប្រវែងជាង៣០០ម៉ែត្រ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគ្រោងចំណាយថវិកាជាង៥០០០ដុល្លារ។

លោកបានមានប្រសាសន៍ថា «ដោយសារម្លប់សន្តិភាព​ ទើបខ្ញុំមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ បើគ្មានសន្តិភាពទេ ខ្ញុំមិនអាចមានឱកាសបែបនេះឡើយ»។

ចំណែកអ្នកស្រីជាភរិយា បានមានប្រសាសន៍ថា «ខ្ញុំតែងតែអរគុណថ្ងៃ៧ មករា។ ខ្ញុំតែងតែនឹកដល់បទចម្រៀង ឱ ភ្នំពេញអើយ។​ ថ្ងៃ៧ មករា ជួយខ្ញុំឲ្យរស់រហូតដល់សព្វថ្ងៃនេះ។ សូមអរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា»។

លោក នូ ឡេន អាយុ៧១​ ជាមេឃុំទំនប់ធំ បានសម្តែងសេចក្តីសប្បាយរីករាយចំពោះផ្លូវនេះ ក្រោមការចូលរួមផ្តួចផ្តើមពីក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក លន់ ប៊ុនកន បង្កើតសមិទ្ធផលថ្មី នៅក្នុងឃុំរបស់លោក ស្របតាមគោលនយោបាយអភិវឌ្ឍន៍តាមមូលដ្ឋានរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកបានរំឭកពីប្រវត្តិផ្លូវមួយខ្សែនេះថា ជាង៤០ឆ្នាំកន្លងមកហើយ ប្រជាពលរដ្ឋក្នុងភូមិល្វា​ ធ្វើដំណើរទៅកាន់វាលស្រែនៅក្រោយភូមិដោយបររទេះគោ ប៉ុន្តែរហូតមកដល់ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនពលរដ្ឋបាននាំគ្នាចាប់ផ្តើមបង្កើតលំនៅដ្ឋានអមសងខាងផ្លូវរទេះគោនេះ ដោយធ្វើដំណើរកាត់ភក់ល្បាប់​ និងទឹកលិច។

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២១ លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានសម្តែងការសាទរ និងសប្បាយរីករាយចំពោះសមិទ្ធផលថ្មី នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រមទាំងស្ងើចសរសើរចំពោះការបរិច្ចាគថវិកាផ្ទាល់ខ្លួនពីគ្រួសារលោក លន់ ប៊ុនកន រួមសហការជាមួយលោក ចាន់ ម៉ៃ​ អាយុ៦១ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ទនៈតេលា ដែលមានទីតាំងនៅក្បែរនេះ៕

By Ana

You missed