លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ លោក លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,លោកនាយករដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា និងការដាក់ចេញជាវិធានការ ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា រហូតមកដល់ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយ បារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។
ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការ ស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណ៍វិជ្ជមានវីរុសកូវីដ-១៩ ។
ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួង សុខាភិបាល ជាពិសេស ការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍យើង។