នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការផ្អាកសកម្មភាពផលិតកម្ម នៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងអាគារA នៃរោងចក្រខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងរោងចក្រ មេតថេក (ខេមបូឌេ) ខប លីមីតធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។
ក្នុងឱកាសនោះ លោក កៅ សុខអាន អភិបាលរងខេត្ត បាននាំយកនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកសកម្មភាពផលិតកម្ម អាគារ តុកាត់ របស់រោងចក្រ ជូ ហួយ ហ៊្វូតវែ ផ្អាកសកម្មភាពផលិតកម្មនៅអាគារA នៃរោងចក្រខា លីនតុន (ខាមបូឌា) និងផ្អាកសកម្មភាពផលិតកម្មអាគារទូប៉ា២ របស់រោងចក្រ មេតថេក (ខេមបូឌេ) ខប លីមីតធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងរោងចក្រទាំងបីខាងលើនេះ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានធ្វើការណែនាំដល់អ្នកពាក់ព័ន្ធត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីនាំយកទៅព្យាបាលបានទាន់ពេលវេលា។ លោក បានបញ្ជាក់ថា សម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវ នាំយកទៅយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមណ្ឌលចត្តាឡីស័ក ហើយអ្នកដែលបានប៉ះពាល់ដោយប្រយោលត្រូវណែនាំឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដើម្បីបន្តការតាមដានសុខភាព។
គួរបញ្ចាក់ថា៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៥នាក់បន្ថែម និងមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៤៨នាក់ បានកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមេគង្គកំពង់ចាម៕