ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាជនដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ និងការនៅក្នុង ឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១ លោក ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ បានចាត់ឲ្យក្រុមការងារ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋាននៃឃុំទាំងបីខាងលើ ចុះធ្វើការផ្សព្វផ្សាយផ្សព្វផ្សាយជូនប្រជាជននៅតាមបណ្តាភូមិនានា ដោយដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។

ឆ្លៀតក្នុងឳកាសនោះ ក្រុមការងារក៏បានចុះត្រួតពិនិត្យមើលការសាងសង់សំណង់អាគារទីស្នាក់ការគណបក្សឃុំជ្រៃវៀន និងសាលាបឋមសិក្សាក្លែងពណ៌ ដោយលលោកប្រធានបានបង្កើតឲ្យមានគណៈកម្មការត្រួតពិនិត្យជាប្រចាំផងដែរ។

បន្ទាប់មកក្រុមការងារ បានយកថវិការឧបត្ថម្ភរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំងបី និងបានផ្តល់ជូននូវថវិកា រួមមាន÷ ឧបត្ថម្ភជូនអ្នកសម្រាលកូនចំនួន៧ នាក់ សរុបថវិកា ៧០០,០០០រៀល។ ឧបត្ថម្ភជូនគ្រួសារសព៣ នាក់ សរុប ៣០០,០០០រៀល។ ទូទាត់ថ្លៃឈ្នួលជាងសាលាបឋមសិក្សាក្លែងពណ៌(លើកទី២)សរុប ៨,០០០,០០០រៀល។ ឧបត្ថម្ភថវិកាជូនគណៈកម្មការបក្សឃុំជ្រៃវៀនចំនួន ១,១៧០,០០០រៀល។ ដោយឡែកប្រជាការពារម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកក៏បានទទួលការឧបត្ថមពីក្រុមការងារចំនួន ៤០០,០០០រៀលផងដែរ។

មន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន រួមនឹងប្រជាជនដែលកំពុងជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ និងស្ត្រីសម្រាលកូន ព្រមទាំងគ្រួសារនៃសព បានលើកដៃប្រណំគោរពថ្លែងអំណរគុណ លាយឡំដោយទឹកភ្នែករលីងរលោង និងក្តីរំភើបឥតឧបមា ជូនដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត រួមនឹងលោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំងបីខាងលើ និងក្រុមការងារដែលបានចុះមកផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកាដល់ពួកគាត់ទាំងអស់គ្នាដែលកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងដំណំដោយសារវិបត្តិនៃមេរោគមហាប្រល័យ កូវីដ-១៩៕ ចៅ វង្សi.k.

By Ana

You missed