(សៀមរាប )៖ ប្រពន្ធ បានដាក់ពាក្យប្តឹង អោយកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះទៅឃាត់ខ្លួនបុរជាប្តីឈ្មោះ ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ខណៈពេលបើកទ្វារ ប្រទះឃើញមនុស្ស ប្រុសស្រី២នាក់នៅក្នុងបន្ទប់តែមួយ។
កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអោយដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងប្រតិបត្តការនោះដែរ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប , កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់ នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់។ ក្រោយមក ដោយមានការឯកភាពលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ច អះអាងថា ការឈានដល់ការបង្ក្រាបនេះ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះដែលជាប្រពន្ធ លោក ហៀក ចាន់លាង មានមុខរបរជាមន្ត្រីរាជការ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕