នាព្រឹកថ្ងៃទី4 ខែឧសភា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងបន្ថែម ដាក់ចេញនូវផែនការថ្មីៗ ដើម្បីឲ្យការគ្រប់គ្រងនៅតំបន់បិទខ្ទប់រឹតតែមានប្រសិទ្ធភាព។
សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាមលោកអភិបាល អភិបាលរងស្រុកកងមាស កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា ស្រុកកងមាសក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ19 ទៅលើកម្មកររោងចក្រកាត់ដេរមួយនៅក្នុងខេត្តកណ្ដាល រហូតកើនដល់28 ករណីក្នុងមួយថ្ងៃ កាលពីចុងខែមេសាកន្លងទៅ ទើបលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 បានបង្កើតគណៈកម្មការទទួលខុសត្រូវថ្នាក់ខេត្តមួយ ដែលមានអភិបាលរងខេត្តមួយរូប ជាប្រធាន និងដោយមានការចូលរួមពីគ្រប់បណ្ដាមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ជាអនុប្រធាន និងជាសមាជិក ប្រតិបត្តិ។
លោកសំ ពិសិដ្ឋ នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានគណៈកម្មការទទួលខុសត្រូវបានឲ្យអ្នកសារព័ត៌មានវិទ្យុ សំឡេងបញ្ញវន្ត ដឹងថា សម្រាប់ថ្ងៃទី4ម្សិលមិញយើងរកឃើញមានករណី វិជ្ជមានកូវីដ19 ចំនួន8នាក់ ប៉ុន្តែសម្រាប់ថ្ងៃទី 25 ខែឧសភា នេះ គឺមិនមានករណីឆ្លងថ្មីនោះទេ បន្ទាប់ពីអាជ្ញាធរធ្វើបានធ្វើការបិទខ្ទប់ភូមិមួយចំនួនដែលមានការពាក់ព័ន្ធនឹងវិជ្ជមានកូវីដ19 ប៉ុន្តែអាជ្ញាធរនៅបន្តថារុករកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ដើម្បីធ្វើការយកសំណាកឬយកមកធ្វើចត្តាឡីស័ក ទៅតាមវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ19 ពីសហគមន៍មួយទៅសហគមន៍មួយ និងដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ 20-កុម្ភៈនៅកម្ពុជាឲ្យបានក្នុងពេលឆាប់ៗ។