(ខេត្តកែប)៖ ព្រះសង្ឃ ១ព្រះអង្គ ត្រូវបានរកឃើញឆ្លងកូវីដ១៩ នៅខេត្តកែប នៅថ្ងៃទី២៣ ខែមេសានេះ។ ព្រះអង្គ ត្រូវបានគេដាក់ឲ្យសម្រាកព្យាបាល ជាមួយនឹងបុរសស្ត្រី ២នាក់ទៀត ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។ នេះបើសេចក្តីប្រកាស។
សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកែប បង្ហាញថា ព្រះសង្ឃ ដែលឆ្លងកូវីដ១៩នេះ ព្រះនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ។ រីឯស្ត្រីម្នាក់ ដែលទើបឆ្លងកូវីដដែរនោះ ជាសាច់ញាតិរបស់ព្រះតេជគុណ ប៊ូ ផាត។
សេចក្តីប្រកាស បង្ហាញថា កាលពីព្រឹកថ្ងៃទី៩មេសា ព្រះតេជគុណ ប៊ូ ផាត មានអាការៈចុកទ្រូង និងបាននិមន្ត ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យចំការចេក ខេត្តព្រះសីហនុ។ ដោយស្ថានភាពជំងឺមានអាការៈធ្ងន់ធ្ងរ នៅល្ងាចថ្ងៃដដែល ក្រុមគ្រូពេទ្យ បានបញ្ជូនព្រះអង្គ តាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឃ ) នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី៩មេសា ស្ត្រីឈ្មោះ ប៊ូ ហ៊ួយ អាយុ ២៨ឆ្នាំ ជាញាតិសណ្តានរបស់ព្រះតេជគុណ ប៊ូ ផាត និងស្ត្រី នូ ហូន អាយុ ៧៤ឆ្នាំ ត្រូវជាញោមស្រី បានធ្វើដំណើរចេញពីភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ទៅមន្ទីរពេទ្យព្រះកុសមៈ នៅរាជធានីភ្នំពេញ ក្នុងបំណងមើលថែព្រះអង្គ។
សេចក្តីប្រកាស បន្តថា នៅព្រឹកថ្ងៃទី១៧មេសា បុគ្គលទាំង ៣អង្គ/នាក់នេះ បានចេញពីមន្ទីរពេទ្យ តាមរយៈរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសមៈ ដោយមិនបានឈប់សម្រាកនៅតំបន់ណាមួយឡើយ រហូតមកដល់ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សេចក្តីប្រកាសបន្តថា នៅថ្ងៃទី១៨មេសា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ប៊ូ ហ៊ួយ បានជិះម៉ូតូផ្ទាល់ខ្លួនតែម្នាក់ឯ ទៅទិញសាច់ជ្រូក នៅផ្សារលក ( តូបកណ្តាល ឆៀងខាងជើង ក្បែរតូបលក់គុយទាវ មិនស្គាល់ឈ្មោះអ្នកលក់ និងបានទិញបបរគ្រឿងសាច់ជ្រូក នៅផ្លូវព្រែកក្រោម ( មិនស្គាល់ឈ្មោះអ្នកលក់ ) រួចត្រឡប់មកផ្ទះវិញ។ នៅព្រឹកថ្ងៃទី១៩មេសា ទើបក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានចុះសួរព័ត៌មាន វាយតម្លៃពីហានិភ័យសុខភាព និងបាននាំអ្នកទាំង ៣អង្គ/នាក់ មកធ្វើចត្តាឡីស័ក កម្រិត២ នៅមណ្ឌលចត្តាឡីស័កខេត្ត។ ថ្ងៃទី២១មេសា យកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ហើយនៅថ្ងៃទី២៣មេសានេះ ទើបលទ្ធផលបញ្ជាក់ថា ព្រះតេជគុណ ប៊ូ ផាត និងឈ្មោះ ប៊ូ ហ៊ួយ មានវិជ្ជមានវីរុសកូវីដ១៩ និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកែប។ រីឯសមាជិកគ្រួសារ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺទាំង ២នេះ មានចំនួន ៥នាក់ ហើយត្រូវបាននាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តកែបហើយ៕