នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តកំពង់ចាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានចុះទៅប្រគល់សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការអនុញ្ញាតឲ្យដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិន ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ បន្ទាប់ពីបានបញ្ចប់ចត្តាឡីស័ក និងទទួលបានលទ្ធផលតេស្ដអវិជ្ជមានជំងឺកូវីដ-១៩ ២លើករួចមក។

ជាមួយនឹងបើកឲ្យដំណើរការឡើងវិញនេះ លោកក៏បានធ្វើការផ្ដាំផ្ញើ ឲ្យម្ចាស់អាជីវកម្មបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់ការផ្ដល់សេវាដល់អ្នកជំងឺដោយមានការបាញ់អាល់កុលសម្លាប់មេរោគមុនពេលចូល ការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។

បន្ទាប់មកលោកអភិបាលរងខេត្តក៏បានបន្តដំណើរចុះទៅផ្អាកជាបណ្ដោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម បន្ទាប់ពីបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពនោះតែម្ដង។

ក្នុងឱកាសនោះលោក រួមជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់មេត្តាធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានសុខភាពខ្លួនឯងក្នុងរយៈពេល១៤ថ្ងៃនេះ បើអ្វីប្រែប្រួលត្រូវប្រញាប់រាយការណ៍បន្ទាប់។ ចំពោះប្រជាពលរដ្ឋដែលរស់នៅឃុំសំបូរសូមមេត្តាស្វែងរកសេវាសុខភាពនៅមណ្ឌលសុខភាពក្បែរនោះមួយរយៈសិនរង់ចាំរហូតដល់ចេញសេចក្ដីសម្រេចប្រកាសបើកដំណើរការឡើងវិញរបស់រដ្ឋបាលខេត្តនៅពេលដែលប្រាកដដាគ្មានជំងឺកូវីដ-១៩ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ហើយបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕

By Ana

You missed