ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភិរយា ព្រមទាំងប្រជារាស្ត្រទូទាំងខេត្ត សូមក្រាបថ្វាយព្រះពរដល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកអភិបាលខេត្ត បានថ្វាយព្រះពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ទូលព្រះបង្គំជាខ្ញុំ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភិរយា ព្រមទាំងប្រជារាស្ត្រទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ ក្នុងឱកាសឆ្នាំថ្មី ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏សែនត្រជាក់ត្រជំ សុខដុមរមនាដល់មាតុភូមិអង្គរបវរនៃយើង និងដល់ប្រជានុរាស្រ្តរួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ»៕