កំពង់ចាម៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយសារបុគ្គលិកនៃមណ្ឌលសុខភាពនេះបានប៉ះពាល់ផ្ទាល់ដោយអចេតនាជាមួយអ្នកកើតជំងឺកូវីដ-១៩។

រដ្ឋាបាលខេត្តសូមស្នើដល់ប្អូនប្រជាពលរដ្ឋឲ្យមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំអំពិល ឬមណ្ឌលណាមួយដែលនៅក្បែរបងប្អូនបំផុតវិញជាបណ្ដោះអាសន្ន។

ក្នុងនាម​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដមអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ និង២ចូលរួមផងដែរ។

នៅរសៀលថ្ងៃដដែលឯកឧត្តមអភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តកំពង់ចាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចូលពិនិត្យមើលការរៀបចំមណ្ឌលចត្តាឡីស័ក​នៃ​ជំងឺកូវីដ-១៩​ ស្រុកកំពង់សៀម នៅក្នុងបរិវេណវត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់លោក​ ប៊ិន​ ឡាដា​ អភិបាល​ស្រុក​កំពង់សៀម​ ដែលបានធ្វើបទបង្ហាញអំពីការរៀបចំនេះ​ និងសូមអរគុណ​ដល់សហការីទាំងអស់ដែលបានខិតខំសហការល្អក្នុងការបំពេញភារកិច្ច សង្ឃឹមថាយើងនឹងឆ្លងកាត់គ្រាដ៏លំបាកនេះក្នុងពេលឆាប់ៗ៕

By Ana

You missed